ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន ទៅឡាវថ្ងៃស្អែកដើម្បីពិភាក្សាចុងក្រោយលើករណីទ័ពឡាវចូលដីខ្មែរ
× ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅប្រទេសឡាវ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ដើម្បីពិភាក្សាពីបញ្ហា ដែលកងទ័ពឡាវចូលមកឈរជើងលើទឹកដីកម្ពុជា។ នេះតាមទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន ដែលបានបង្ហោះនៅមុននេះបន្តិច។
ការប្រកាសទៅជួបនាយករដ្ឋមន្ត្រីឡាវនេះ បានធ្វើឡើងមិនទាន់បានប៉ុន្មានម៉ោងផង បន្ទាប់ពី សម្តេច ហ៊ុន សែន បាននិយាយពីបញ្ហាកងទ័ពឡាវ ដែលចូលមកកម្ពុជា ក្នុងតំបន់ក្បែរអូរអាឡៃ និងតំបន់អូរតាងាវ ព្រំដែនខេត្តស្ទឹងត្រែងនិងខេត្តអាតាពើ ប្រទេសឡាវ។ នៅក្នុងពិធីដែលលោក សុខ ទូច ប្រកាសឡើងកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភា ជាផ្លូវការ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២0១៧នេះ សម្តេច ហ៊ុន សែន បានស្នើទៅលោក នាយករដ្ឋមន្ត្រីឡាវ ឲ្យបញ្ជាកងទ័ពរបស់ខ្លួន ចេញពីប្រទេសកម្ពុជា។
សម្តេច ហ៊ុន សែន បានលើកឡើងថា ប្រសិនបើមិនព្រមដកកងទ័ព ចេញពីកម្ពុជានោះទេ សម្តេច នឹងធ្វើដំណើរទៅជួបនាយករដ្ឋមន្ត្រីឡាវតែម្តង ដើម្បីសួរពីបញ្ហានេះ។ សម្តេច ហ៊ុន សែន សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«សូមអំពាវនាវចំពោះឯកឧត្តម ថោងលន់ ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ ដកកងទ័ពចេញពីទឹកដីកម្ពុជា ដោយគ្មានលក្ខខណ្ឌ។ ហើយឱសានវាទ យូរបំផុតគឺនៅថ្ងៃទី១៧។ ខ្ញុំទុកពេលឲ្យ៦ថ្ងៃ។ បើមិនចង់មានរឿង មានតែដក [កងទ័ព]»៕
Tag:
សម្តេច ហ៊ុន សែន
ព្រំដែន
ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com