ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
DJ ណា​ណា​៖«​ជា​តំណាង​ឲ្យ​អង្គការ​ភ្លែ​ន​អន្តរជាតិ ខ្ញុំ​នឹង​ព្យាយាម​ផ្ញើ​សារ​ឲ្យ​ក្មេងស្រី​ហ៊ាន​ស្រមៃខ្ពស់​»
11, Aug 2017 , 9:19 pm        
រូបភាព
​កញ្ញា នាង សុ​វ៉ាត​នា ដែល​គេ​ស្គាល់​ជាទូទៅ​ថា DJ  ណា​ណា  ត្រូវ​ប្រកាស​ជា​ឯកអគ្គរាជទូត​កិត្តិយស​បស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា  ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ ទី​១៤ ខែសីហា​។ ការងារ​ចម្បង​របស់ DJ  ណា​ណា ក្នុងឋានៈ​ជា​ឯកអគ្គរាជទូត​កិត្តិយស គឺ​ការពង្រឹង​ក្មេងស្រី​នៅក្នុង​តួនាទី​ជា​អ្នកដឹកនាំ (Girls Takeover) ដែល​សកម្មភាព​នេះ ជា​អាទិភាព​ចម្បង​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​រហូត​ដល់​ឆ្នាំ​២០២២ ។ ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ៗ កញ្ញា DJ  ណា​ណា បាន​ប្តេជ្ញា​ថា នាង​នឹង​ព្យាយាម​ផ្ញើ​សារ​ឲ្យ​ក្មេងស្រី ហ៊ាន​ស្រមៃ​ឲ្យ​ខ្ពស់ ស្រមៃ​ឲ្យ​ធំ និង​ប្រឹងប្រែង​សម្រេច​ក្តី​ស្រមៃ​របស់​ពួកគេ​។



​សូម​លោក​អ្នកនាង អាន​កិច្ច​សម្ភាស​ខ្លី រវាង​កញ្ញា ខន ចំប៉ា អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ និង​កញ្ញា នាង សុ​វ៉ាត​នា ខាងក្រោម​នេះ​៖

​កញ្ញា ខន ចំប៉ា​៖ តើក​ញ្ញា ណា​ណា បានដឹង​ទេ​ថា​ហេតុអ្វី បានជា​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ជ្រើសរើស​កញ្ញា ក្លាយជា​ឯកអគ្គរាជទូត​កិត្តិយស​?

DJ ណា​ណា​៖ ខ្ញុំ​សប្បាយ​ចិត្តខ្លាំង​មែនទែន ដែល​ក្លាយជា​ឯកអគ្គរាជទូត​កិត្តិយស​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​។ ការពិតទៅ ខ្ញុំ​បានធ្វើការ​ជាមួយ​អង្គការ​ភ្លែ​ន​ជា​យូរណាស់​មកហើយ នៅក្រោម​គម្រោង      ផ្សេងៗ​ជាច្រើន ហើយ​ស្រប​ពេលដែល​ប្រជាប្រិយភាព​របស់​យើង​កើនឡើង ក៏​អង្គការ​ជ្រើសរើស​យើង​ឲ្យ​ជា​តំណាង​អង្គការ​អីចឹង​ទៅ​។ សកម្មភាព​ការងារ​របស់​ភ្លែ​ន​មាន​ប្រសិទ្ធភាព​ច្រើនណាស់ ក្នុងការ​លើកកម្ពស់​ក្មេងស្រី​ក្នុងការ​ដឹកនាំ ការអប់រំ​របស់​ក្មេងស្រី និង​ជំរុញ​ឲ្យ​ក្មេងស្រី​ចូលរួម​ក្នុងសង្គម ហើយ​តួនាទី​របស់ខ្ញុំ​នេះ គ្រាន់តែ​ទៅ​ជួយ​ផ្សព្វផ្សាយ​បន្ថែមទៀត ឲ្យ​កាន់​តែមាន​ឥទ្ធិពល​ថែមទៀត ទៅលើ​សកម្មភាព​ការងារ​របស់​អង្គ​ការដែល​បានធ្វើ​នៅ​កម្ពុជា​ជា​យូរ​មកហើយ​។



​កញ្ញា ខន ចំប៉ា​៖ ក្នុង​តំណែង​ជា​ឯកអគ្គរាជទូត​កិត្តិយស​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា តើ​កញ្ញា​ប្តេជ្ញាចិត្ត​បែបណា​? តើ​កញ្ញា​នឹងធ្វើ​សកម្មភាព​អ្វីខ្លះ ដើម្បី​ឲ្យ​សក្តិសម​នឹង​ឈ្មោះ​ជា​អ្នកតំណាង​អង្គការ​អន្តរជាតិ​ដែល​បានធ្វើ​ការងារ​១៥​ឆ្នាំ ក្នុងការ​លើកកម្ពស់​សិ​ទ្ធិ​អំណាច និង​សមភាព​របស់​ក្មេងស្រី​កម្ពុ​ជាមួយនេះ​?

DJ ណា​ណា​៖ គម្រោង​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​មាន​ច្រើន​ទាក់ទង​ទៅនឹង​ក្មេងស្រី ពិសេស​ក្មេងស្រី​នៅតាម​ជនបទ ហើយ​ខ្ញុំ​នឹងធ្វើ​ការ​ជាមួយ​ក្មេងស្រីៗ​ទាំងនោះ​។ ពួកគេ​គឺជា​ក្រុម​គោលដៅ​ដែលមាន​ស្រាប់​របស់​អង្គការ​ភ្លែ​ន​។ ខ្ញុំ​នឹង​ព្យាយាម​ផ្ញើ​សារ​ទៅកាន់​ពួកគេ ឲ្យ​ពួកគេ​ហ៊ាន​ស្រមៃ​ឲ្យ​ខ្ពស់ គិត​វែងឆ្ងាយ កុំ​ឲ្យ​ទស្សនៈ ដែល​ក្មេងស្រី​មិនចាំបាច់​រៀនសូត្រ នៅ​បន្ត​មាន​ក្នុង​គំនិត​ពួកគេ​ទៀត ហើយ​ពួកគេ​ត្រូវតែ​ចេះ​គិតថា តើ​ពួកគេ​ត្រូវធ្វើ​ដូចម្តេចខ្លះ ដើម្បី​ឈោង​ចាប់​ក្តី​ស្រមៃ​ខ្ពស់ៗ​របស់​ពួកគេ និង​ដោយ​គ្មាន​ការភ័យខ្លាច​។ កន្លងមក​ខ្ញុំ ក៏បាន​បង្កើន​វីដេអូ​អប់រំ​ជាច្រើន​ណាស់ដែរ​ទាក់ទង​នឹង​ស្ត្រី​។

​កញ្ញា ខន ចំប៉ា​៖ ការងារ​ចម្បង​របស់​កញ្ញា ណា​ណា ក្នុង​តំណែង​ជា​ឯកអគ្គរដ្ឋទូត​កិត្តិយស​នេះ គឺ​ការលើកកម្ពស់​ក្មេងស្រី​ក្នុងការ​ដឹកនាំ បើ​មើល​បន្តិច​ទៅ ហាក់ដូចជា កញ្ញា ត្រូវធ្វើ​ការ​តែ​ជាមួយ​ក្មេងស្រី ចុះ​ឪពុកម្តាយ​របស់​ក្មេងស្រីៗ និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ត្រូវ​បញ្ចុះបញ្ចូល​យ៉ាងណា ដើម្បី​ឲ្យ​ពួកគាត់​យល់​ពី​សិទ្ធិអំណាច និង​សមភាព​ក្មេងស្រី​ដែរនោះ​?



DJ ណា​ណា​៖ ជា​ការពិត​ដើម្បី​ពង្រឹង​សិទ្ធិអំណាច និង​សមភាព​ក្មេងស្រី​ក្នុងសង្គម យើង​មិនមែន​ធ្វើការ​តែ​ជាមួយ​ក្មេងស្រី​ទេ គឺ​យើង​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ជាមួយ​ក្មេងប្រុស ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និង​អាជ្ញាធរ​ភូមិ​ឃុំ និង​សហគមន៍​ជាដើម​។ ជាមួយ​ឪពុកម្តាយ ការ​ឲ្យ​ពួកគាត់​យល់​ពី​តម្លៃ​នៃ​ការអប់រំ គឺជា​ចាំបាច់ ពីព្រោះ​គាត់​នឹង​បញ្ជូន​កូន​ទៅ​សាលារៀន មិន​ថា​កូនស្រី ឬ​កូនប្រុស​នោះទេ​។ នៅពេលដែល​ពួកគាត់​យល់ ពួកគាត់​នឹង​បន្ត​ជំរុញ ឲ្យ​កូន​រៀន​ឲ្យ​ខ្ពស់​ថែមទៀត​។ អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ក៏មាន​តួនាទី​សំខាន់ៗ​ដែរ​។ ប៉ុន្តែ​ចាំបាច់​បំផុត គឺ​ផ្តើមចេញពី​ក្មេងស្រី​ខ្លួនឯង​។ ពួកគាត់​ត្រូវតែ​ហ៊ាន​ស្រមៃ​ឲ្យ​បាន​ខ្ពស់ និង​ប្រឹងប្រែង​ទៅរក​ក្តី​ស្រមៃ​របស់ខ្លួន​។ ខ្ញុំ​គិតថា ការចូលរួម​របស់ខ្ញុំ​ជា​ឯកអគ្គរដ្ឋទូត​កិត្តិយស​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​នេះ គ្រាន់តែ​ជាការ​ចូលរួម​ដ៏​តិចតួច​ប៉ុណ្ណោះ ក្នុងការ​លើកកម្ពស់​ក្មេងស្រី ក្នុងការ​ដឹកនាំ និង​ចូលរួម​ក្នុងសង្គម​។ កន្លងមក​អង្គការ​ភ្លែ​ន​អន្តរជាតិ​បានធ្វើ​ការងារ​នេះ​ច្រើនណាស់​មកហើយ អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ​ទៀត​ក៏បាន​ធ្វើ រាជរដ្ឋាភិបាល​របស់​យើង ក៏​លោក​បានធ្វើ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ទោះ​ខ្ញុំ​បាន​ចូលរួម​ជួយ​ក្នុង​កម្រិត​តិចតួច​ក៏ដោយ វា​ប្រសើរ​ជាង​ខ្ញុំ​មិនបាន​ធ្វើ​អ្វី​សោះ​៕



Tag:
 DJ ណា​ណា​
 ​ អប់រំ​
 ​ ក្មេងស្រី​
 ​ ភ្លែ​ន​អន្តរជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com