ជាតិ
សេដ្ឋកិច្ច
ជប៉ុនផ្ដល់កម្ចីសម្រាប់សាងសង់ចំណតកំពង់ផែថ្មីនៅព្រះសីហនុជាង ២០០លានដុល្លារ
× ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្ដល់ប្រាក់កម្ចីប្រមាណ ២០៩លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីសាងសង់ចំណតកំពង់ផែថ្មីមួយទៀតរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
សេចក្ដីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) នៅថ្ងៃទី១០ខែសីហា បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខាប្ដូរសារផ្ដល់ប្រាក់កម្ចីលើគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានចំនួន ២៣,៥ ពាន់លានយ៉េន ឬប្រហែលនឹង ២០៩លានដុល្លារអាមេរិក។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី៨ខែសីហាឆ្នាំនេះ។
តាមផែនការចំណតកំពង់ផែនេះគ្រោងសាងសង់នៅឆ្នាំ២០១៨ និងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៣ ខាងមុខ។ ចំណតផែសមុទ្រនេះ មានបណ្ដោយ ៣៥០ ម៉ែត្រ និងជម្រៅ ១៤ម៉ែត្រកន្លះ ហើយអាចទទួលកប៉ាលធំៗប្រមាណ ៩៣ ភាគរយពីជុំវិញពិភពលោក។ ប៉ុន្តែអ្នកយកព័ត៌មាននៃសារព័ត៌មានថ្មីៗ មិនអាចទាក់ទង លោក លូ គឹមឈុន អគ្គនាយក (PAS) ដើម្បីទទួលបានព័ត៌មានលម្អិតពីទឹកប្រាក់សរុបនៃគម្រោងចំណតផែថ្មីមួយនេះបាននោះទេ។
ការពង្រីកសមត្ថភាពកំពង់ផែសមុទ្ររបស់កម្ពុជានេះ ត្រូវបានវិស័យឯកជនលើកឡើងថា គម្រោងនេះនឹងជួយបង្កើនសក្ដានុពលផលិតផលនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com