កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ បាល់ទះ​កម្ពុជា​ផ្តោត​សំខាន់​លើ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​ជាង​អតីត​ជើងឯក​ថៃ​
17, Aug 2017 , 8:39 am        
រូបភាព
លោក សាន សុក្រិត្យ គ្រូបង្វឹកក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជាក្នុងថ្ងៃចូលរួមកម្មវិធីជប់លៀងនៅសណ្ឋាគារសូហ្វីតែលកាលពីពេលកន្លងទៅ។
លោក សាន សុក្រិត្យ គ្រូបង្វឹកក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជាក្នុងថ្ងៃចូលរួមកម្មវិធីជប់លៀងនៅសណ្ឋាគារសូហ្វីតែលកាលពីពេលកន្លងទៅ។
ដោយ:
​គ្រូបង្វឹក​ក្រុមកីឡា​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​ហាក់​ព្រួយបារម្ភ​ខ្លាំង​លើ​ក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​ជាង​អតីត​ម្ចាស់​ជើងឯក​ស៊ី​ហ្គេម​ឆ្នាំ​២០១៥ ថៃ នា​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ខែសីហា នេះ​។ ការចាត់ទុក​បែបនេះ ដោយសារ​អ្នកគាំទ្រ​អាចជា​កម្លាំងចិត្ត​សម្រាប់​ម្ចាស់ផ្ទះ និង​ឧបសគ្គ​សម្រាប់​កម្ពុជា​។ ទន្ទឹមនឹងនេះ កម្ពុជា​បានកំណត់​ដាក់​គោលដៅ​ធ្វើយ៉ាងណា​យកឈ្នះ​ក្រុម​ម៉ាឡេស៊ី​ឲ្យ​បាន​ក្នុងជំនួប​បើកឆាក ដើម្បី​ជា​កម្លាំងចិត្ត​មុន​តទល់​ជាមួយ​អតីត​ជើងឯក​។



​ការជួប​ក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​ក្នុង​ថ្ងៃ​បើកឆាក​នា​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ត្រូវបាន លោក សាន សុ​ក្រិ​ត្យ គ្រូបង្វឹក​ក្រុមកីឡា​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​បាន​ទុក​អ្នកគាំទ្រ និង​ត្រៀមខ្លួន​របស់​ក្រុម​នេះ​អាចជា​សម្ពាធ​សម្រាប់​កម្ពុជា​ក្នុងការ​ស្វែងរក​ជ័យជម្នះ​។ ជាមួយ​ការអះអាង​ត្រៀមខ្លួន​រួចរាល់​គ្រូបង្វឹក​រូបនេះ​បានបង្ហាញ​ក្តីកង្វល់​ថា​៖«​ចំណុច​សំខាន់​ដែល​យើង​ត្រូវ​ជួប​មុនគេ គឺ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី ព្រោះ​យើង​អាច​រង​សម្ពាធ​ខ្លះ​ព្រោះ​គេ​ជា​ម្ចាស់ផ្ទះ ការស្រែក​ហូរ​របស់​អ្នកគាំទ្រ​ជា​បញ្ហា​មួយ តែ​អ្វីដែល​សំខាន់​គឺ​ត្រៀមខ្លួន​របស់គេ​មុន​ការធ្វើ​ម្ចាស់ផ្ទះ​»​។

​តាមរយៈ​ការលេង​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០១៥​របស់​ក្រុម​ម៉ាឡេស៊ី គ្រូបង្វឹក​រូបនេះ​អាង​អា​ថា សមត្ថភាព​របស់​ក្រុម​នេះ​មិន​ភាព​អស្ចារ្យ​លើ​កម្ពុជា​ប៉ុន្មាន​នោះទេ​។ អ្វីដែល លោក មានការ​ព្រួយបារម្ភ​នោះ គឹ​ការរីកចម្រើន​ក្រោយ​ហ្វឹកហាត់​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ក្នុ​ល​រយៈពេល​ពីរ​ឆ្នាំ​កន្លងមកនេះ​។ តែ​យ៉ាងណា ក្រោយ​ប្រមូលផ្តុំ​ហ្វឹកហាត់​មួយរយៈ​មកនេះ​លោក សាន សុ​ក្រិ​ត្យ ជឿជាក់​លើ​សមត្ថភាពរ​បស់​កូនក្រុម​ថា​នឹងធ្វើ​បានល្អ​។ 

​ទោះបី​គ្រូបង្វឹក​រូបនេះ​ចាត់ទុក​អ្នកគាំទ្រ​ជា​សម្ពាធ​ផ្លូវចិត្ត​សម្រាប់​កម្ពុជា និង​លើកទឹកចិត្ត​សម្រាប់​ម្ចាស់ផ្ទះ លោក​អះអាងថា មិនមែនជា​បញ្ហា​ធ្ងន់ធ្ងរ​សម្រាប់​កម្ពុជា​នោះទេ សំខាន់​ត្រូវ​យកឈ្នះ​ម្ចាស់ផ្ទះ​ឲ្យ​បាន​ក្នុងជំនួប​បើកឆាក​។​

​តាមរយៈ​ការប្តេជ្ញា​របស់​កីឡាករ​ដែលជា​ចំណូល​ថ្មី​សុទ្ធ​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លោក បានបង្ហាញ​ការ​ជឿជាក់ថា​៖«​កីឡាករ​ដែល​លេង​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០១៥ មិនមាន​នៅក្នុង​ក្រុម​ឆ្នាំ​២០១៧ នេះ​ទេ គឺ​ថ្មី​សុទ្ធ​តែម្តង ដូច្នេះ​សម្រាប់​ការប្រកួត​លើក​នេះ ខ្ញុំ​ជឿជាក់ថា​កូនក្រុម​របស់ខ្ញុំ​នឹង​លេ​ជាមួយ​ការមិន​តក់ស្លុត​ជា​អ្នកគាំទ្រ​របស់​ម្ចាស់ផ្ទះ ព្រោះ​ពួកគាត់​មានការ​តាំងចិត្ត និង​ទំនុកចិត្ត​ថា​មិន​ខ្លាច​អ្វី​ទាំងអស់​»​។

​ក្រៅពី​ការបង្ហាញ​ក្តីបារម្ភ​ចំពោះ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី គ្រូបង្វឹក​ដែល​ទើប​ចូល​ដឹកនាំ​ក្រុម​ជម្រើសជាតិ​លើកដំបូង​រូបនេះ ក៏បាន​ចាត់ទុក​ថៃ​ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​កម្ពុជា​ផងដែរ​។ ការចាត់ទុក​បែបនេះ ដោ​ស​សារ​ថៃ​ជា​អតីត​ម្ចាស់​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​សិង្ហ​បុរី​ឆ្នាំ​២០១៥ និង​ជា​ក្រុម​ដែលមាន​កម្រិត​បច្ចេកទេស​ខ្ពស់​ធ្លាប់​ប្រឡូក​នៅលើ​ឆាក​អន្តរជាតិ​ក្នុង​តំបន់​អឺរ៉ុប​។​

​ក្រុមកីឡា​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​ស្ថិតនៅក្នុង​ពូ​ល A ជាមួយ​ក្រុម​មី​យ៉ាន់​ម៉ា​, ថៃ និង​ម៉ាឡេស៊ី ខណៈ​ពូ​ល B មាន​ហ្វីលីពីន​, ឥណ្ឌូនេស៊ី​, ទី​ម័​រ​ខាងកើត និង​វៀតណាម​។ ក្នុងនោះ​កម្ពុជា​ត្រូវ​ប៉ះ​បើកឆាក​ជាមួយ​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​២១ ខែសីហា មុន​ជួប​ជា​បន្តបន្ទាប់​ជាមួយ​ថៃ និង​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​២២ និង​២៥ ខែសីហា​។

​គួរ​បញ្ជាក់ថា កាល​ស៊ី​ហ្គេម​នៅ​សិង្ហ​បុរី​ឆ្នាំ​២០១៥ កម្ពុជា​ឈរ​លេខ​រៀង​៥ លើ​ម៉ាឡេស៊ី​ដែល​ឈរ​លេខ​រៀង​ទី​៧​ក្នុងចំណោម​៨​ប្រទេស​ចូលរួម ខណៈ​ថៃ ឈរ​លេខ​១, វៀតណាម​លេខ​២, មី​យ៉ាន់​ម៉ា និង​ឥណ្ឌូនេស៊ី​ឈរ​លេខ​រៀង​ទី​៣៕   


Tag:
 បាល់ទះ​
  សាន សុ​ក្រិ​ត្យ​
  SEA Games 2017
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com