ជាតិ
សេដ្ឋកិច្ច
​ម្រេច​កំពត​កំពុង​សំឡឹង​ទីផ្សារ​នៅ​ចិន ក្រៅពី​អឺរ៉ុប និង​អាមេរិក​
17, Aug 2017 , 9:12 am        
រូបភាព
ដោយ:
​កំពត​៖​បន្ទាប់ពី​បរិមាណ​នៃ​ការផលិត​កើតឡើង​ជា​រៀងរាល់ឆ្នាំ សមាគម​លើកកម្ពស់​ម្រេច​កំពត កំពុងតែ​ស្វែងរក​ដៃគូ ដើម្បី​នាំ​ម្រេច​របស់​កសិករ​ដែលជា​សមាជិក​ខ្លួន​ទៅ​លក់​នៅក្នុង​ប្រទេស​ចិន​។ បច្ចុប្បន្ន​សមាគម​នេះ អាច​ផលិត​ម្រេច​បាន​ប្រមាណ ៨០ តោន ក្នុង​មួយឆ្នាំ​។​



​ប្រធាន​សមាគមន៍​លើកកម្ពស់​ម្រេច​កំពត លោក ហួត ឡាយ លើកឡើងថា សមាគម​របស់លោក កំពុង​ចរចា​ដើម្បី​ស្វែងរក​ទីផ្សារ​លក់​ម្រេច​កសិករ​ដែលជា​សមាជិក​សមាគម​លោក ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​បន្ថែមទៀត ដើម្បី​ឆ្លើយតប​នឹង​បរិ​មាណនៃ​ការផលិត​ម្រេច​កំពត​កើនឡើង​។ លោក​ថា ចិន​ជាទី​ផ្សារ​ដ៏​ធំ​មួយ និង​ពិត​ជាមាន​ប្រយោជន៍​ខ្លាំង​សម្រាប់​កសិករ​ដាំ​ម្រេច ប្រសិនបើ​ប្រទេស​នេះ ព្រម​ទទួល​ទិញ​ម្រេច​កំពត​របស់​សមាគម​លោក​។



​បើតាម​លោក​ប្រធាន​សមាគម និង​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប គុណភាព​ម្រេច​កំពត ត្រូវបាន​ចាត់​ចំណាត់ថ្នាក់​ល្អ​ដាច់​គេ​នៅ​ទូទាំង​ពិភពលោក​។ នៅ​ឆ្នាំ ២០១៥ ខេត្តកំពត​ផលិត​បាន​ម្រេច​កំពត​ចំនួន ៦០ តោន ដែល​ក្នុងនោះ ៧០ ភាគរយ​ត្រូវបាន​នាំចេញ ភាគច្រើនបំផុត ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក និង​ជប៉ុន​។  ឆ្នាំ ២០១៦ គឺជា​ជោគជ័យ​ដ៏​ធំ​មួយ​សម្រាប់​ម្រេច​កំពត ដោយសារ​ផលិតផល​នេះ ត្រូវបាន​ចុះបញ្ជី​នៅលើ​ទីផ្សារ​សហភាព​អឺរ៉ុប​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ដែល​ត្រូវបាន​ការពារ (PGI)​។

​ការចុះបញ្ជី​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ ដែល​ត្រូវបាន​ការពារ បាន​បន្ថែម​គុណ​តម្លៃ​ទៅលើ​កេរ្តិ៍ឈ្មោះ​ជា​ប្រពៃណី​របស់​ម្រេច​កំពត​។ វា​ក៏​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ផលិតផល​ក្លែងក្លាយ​និង​បន្លំ​ម៉ាក​សញ្ញា ដែល​កំពុង​ចរាចរ​នៅក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប និង​ជួយ​លើកកម្ពស់​លក្ខណៈសម្បត្តិ​ប្រកួតប្រជែង​នៃ​ផលិតផល​ម្រេច​កំពត​នៅក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប កម្ពុជា និង​នៅលើ​ទីផ្សារ​ផ្សេងទៀត ពីព្រោះ​ផលិតផល​នេះ អាច​បិទ​និមិត្តសញ្ញា​គុណភាព PGI ចាប់ពីពេលនេះ​តទៅ​។



​ការ​ឲ្យ​ដឹង​ពី​បំណង​នាំ​ម្រេច​កំពត​ទៅ​លក់​នៅ​ប្រទេស​ចិន​របស់លោក ហួត ឡាយ ធ្វើឡើង នៅពេលដែល​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បានធ្វើ​ដំណើរ​ជាមួយនឹង​ក្រុម​អ្នកសារព័ត៌មាន ទៅ​ទស្សនា​ចម្ការ​ម្រេច​សមាគម​របស់លោក ស្ថិតនៅ​ស្រុក​កំពង់ត្រាច កាលពី​ថ្ងៃទី ១៦ ខែសីហា​។  George Edgar មានប្រសាសន៍ថា ៖ «​ខ្ញុំ​រីករាយ​ណាស់​ដែល​សហភាព​អឺរ៉ុប​ទទួលស្គាល់​ម្រេច​កំពត​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​។ នេះ​គឺជា​ការទទួលស្គាល់​នូវ​គុណភាព​ផលិតផល​របស់​កសិក​រ​ក្នុងស្រុក និង​ជា​ឱកាស​ដ៏​ពិសេស​សម្រាប់​ការលក់​និង​ការបង្កើត​ប្រាក់ចំណូល​។ ខ្ញុំ​ក៏​គាំទ្រ​នូវ​គម្រោង​ពង្រីក​ទីផ្សារ​របស់​សមាគម​នេះ​»​។​

​សូមបញ្ជាក់ថា ការដាំដុះ​ដំណាំ​ម្រេច​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​ប្រពៃណី​ដែលមាន​អាយុកាល​ប្រមាណ ៧០០ ឆ្នាំ មកហើយ​។ ខេត្តកំពង់ចាម​និង​ខេត្តកំពត គឺជា​តំបន់​ចម្ការ​ម្រេច​កម្ពុជា​ដ៏​សំខាន់​ជាងគេ​បំផុត​៕








Tag:
 ម្រេច​កំពត​
© រក្សាសិទ្ធិដោយ thmeythmey.com