អន្តរជាតិ
ប្រា​យុទ្ធ​៖ មហាក្សត្រ​ថៃ​មិន​ចង់ឃើញ​ប្រជាជន​រង​ទោស​ព្រោះ​បំពាន​ច្បាប់​ការពារ​ព្រះមហាក្សត្រ​ឡើយ​
17, Aug 2017 , 10:59 pm        
រូបភាព
ដោយ:
​មហាក្សត្រ​ថៃ​ថ្មី​ដែល​ទើប​ឡើង​គ្រងរាជ្យ Maha Vajiralongkorn មិន​ចង់ឃើញ​ប្រជា​ជនណាម្នាក់​ត្រូវ​ផ្ដន្ទាទោស​ដោយសារ​បំពាន​ច្បាប់​ការពារ​ជេ​ស្ដា​ព្រះមហាក្សត្រ​(lese majeste law)​នោះទេ​។ ប៉ុន្តែ​របប​សឹក​ថៃ​អះអាងថា ការការពារ​របបរាជានិយម​ជា​រឿង​ចំ​បាច់​បំផុត​ក្នុង​យុទ្ធសាស្ត្រ​ការពារ​សន្តិសុខ​ជាតិ​។​



 នៅ​ថ្ងៃ​ពុធ​ទី​១៧​ខែសីហា នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ចន្ទ​អូ​ចា​បាន​និយាយថា ព្រះមហាក្សត្រ​ថៃ Maha Vajiralongkorn រាជ្យ​ទ្រង់​មិន​ចង់ឃើញ​ប្រជា​ជនណាម្នាក់​របស់​ទ្រង់​ត្រូវ​ទទួលទោស​ដោយសារ​ល្មើស​នឹង​ច្បាប់​ការពារ​ជេ​ស្ដា​ព្រះមហាក្សត្រ​(lese majeste law)​ឡើយ​។​

​នៅ​ខាងក្រៅ​កិច្ចប្រជុំ​គោលនយោបាយ​ស្ដីពី​គម្រោង​ថវិការ​ជាតិ​ឆ្នាំ​២០១៩ លោកនាយក​រដ្ឋមន្ត្រី​ថៃ​រូបនេះ​បាន​បន្ថែមទៀតថា​៖«​ទោះបីជា​ល្មើ​សនឹង​ច្បាប់​ជេ​ស្ដា​ព្រះមហាក្សត្រ ឬ​ចែកចាយ​អ្វីដែល​ប្រមាថ​ដល់​រាជវង្ស​ក៏ដោយ ព្រះមហាក្សត្រ​មិនដែល​ចង់ឃើញ​ប្រជា​ជនណាម្នាក់​ត្រូវ​ផ្ដន្ទាទោស​ដោយសារ​ច្បាប់​នេះ​ទេ​។ ម្យ៉ាងវិញទៀត ទោះជា​ប្រជាជន​ខ្លះ​ដឹង​ពី​ទោស​នៃ​ការប្រមាថ​ព្រះមហាក្សត្រ​ក្តី ប៉ុន្តែ​ពួកគេ​នៅតែ​បំពាន​។ ថ្វីបើ​ជារឿយៗ​ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​ពួកគេ​ក៏ដោយ ប្រជាជន​ខ្លះ​នៅតែ​ប្រឹង​រំលោភច្បាប់​នេះ​»​។​

​ទោះបី​យ៉ាងនេះ​ក្ដី លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​បន្តទៀតថា ការការពារ​កេរ្ដិ៍ឈ្មោះ​រាជវង្សានុវង្ស និង​របបរាជានិយម ជា​យុទ្ធសាស្ដ្រ​សន្តិសុខ​ជាតិ​ដ៏​សំខាន់​របស់​ប្រទេស​ថៃ​មិនអាច​បាន​ខ្វះ​បាន​។​

​លោក​ប្រា យុទ្ធ លើកឡើង​ពី​ការបំពានច្បាប់​ការពារ​ជេ​ស្តា​ព្រះមហាក្សត្រ កើតឡើង​មួយថ្ងៃ​ក្រោយពី​សកម្មជន​ម្នាក់​ដែលជា​និស្សិត​ឈ្មោះ Jatupat Boonpattararaksa សារភាពថា​ខ្លួន​ចែកចាយ​អត្ថបទ​ព័ត៌មាន​ដែល​បង្ខូច​កេរ្តិ៍ឈ្មោះ​ក្រុមគ្រួសារ​រាជវង្ស​ថៃ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។ Jatupat ត្រូវ​តុលាការខេត្ត Khon Kaen កាត់ទោស​ឲ្យ​ជាប់ពន្ធ​ធនាគារ​២​ឆ្នាំកន្លះ ៕


Tag:
 Maha Vajiralongkorn
  Jatupat Boonpattararaksa
 ​ ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com