អន្តរជាតិ
ប៉ូលិស​កំពុង​ស្វែងរក​ជនសង្ស័យ​ក្នុង​ការបុក​រះ​នៅ​បា​សេ​ឡូ​ណា ឯ ISIS ប្រកាស​ទទួលខុសត្រូវ​
18, Aug 2017 , 11:06 am        
រូបភាព
​ប៉ូលិស​អេ​ស្ប៉ា​ញ​បាន​បើក​ប្រតិបត្តិ​ការស្វែងរក​ជន​ដៃដល់​ក្នុង​ហេតុការណ៍​បុក​រះ​នៅ​ទីក្រុង​ទេសចរណ៍​បា​សេ​ឡូ​ណា​នៅ​ថ្ងៃទី​១៧ ខែសីហា ដែល​បន្សល់ទុក​មនុស្ស​១៣​នាក់​ស្លាប់ និង​ច្រើន​នាក់​ទៀត​របួស​។ ក្រោយ​ហេតុការណ៍​នៅ​បា​សេ​ឡូ​ណា​បន្តិច ប៉ូលិស​អេ​ស្ប៉ា​ញ​ក៏​បំបែក​ផែនការ​បំផ្ទុះ​គ្រាប់បែក​នៅឯ​ទីក្រុង Cambrils ។ អាជ្ញាធរ​អេ​ស្ប៉ា​ញ​ជឿថា​ហេតុការណ៍​ទាំងពីរ​នេះ​មាន​ជាប់ទាក់ទង​គ្នា ខណៈ​ក្រុម​រដ្ឋ​ឥស្លាម​បានប្រកាស​នៅ​ពីក្រោយ​ការបុក​រះ​នៅ​បា​សេ​ឡូ​ណា​។



​ទីក្រុង​បា​សេ​ឡូ​ណា ក្លាយ​ជនរងគ្រោះ​ទីក្រុង​អឺរ៉ុប​ទី​ប្រាំ​នៃ​ហេតុការណ៍​បុក​រះ បន្ទាប់​ទីក្រុង​នី​សរ​បស់​បារាំង ស្តុក​ហូ​ម​របស់​ស៊ុយអែត បែរ​ឡាំង​របស់​អាល្លឺម៉ង់ និង​ឡុង​ដ៍​របស់​អង់គ្លេស​។ ករណី​បើក​រថយន្តបុក​រះ​នៅ​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧ សីហា បានធ្វើ​ឲ្យ​មនុស្ស ១៣​នាក់​ស្លាប់ និង​បង្ក​ឲ្យ​មនុស្ស​ពី​២០ ទៅ​២៥​នាក់​ផ្សេងទៀត​រងរបួស​ផងដែរ​។ សមត្ថកិច្ច​មូលដ្ឋាន​ចាត់ទុក​ករណី​ឧបទ្ទវ​ហេតុនេះ​ជាការ​វាយប្រហារ​ភេរវកម្ម​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP ជនសង្ស័យ​ដែល​បង្កហេតុ​បាន​រត់​ចេញពី​រថយន្ត​ទៅ​លាក់ខ្លួន​នៅក្នុង​បារ​មួយកន្លែង បន្ទាប់ពី​គេ​ធ្វើ​សកម្មភាព​បុក​រះ​អ្នកដំណើរ​តាមផ្លូវ​ដែលមាន​ទាំង​ប្រជាជន​នៅក្នុង​តំបន់ និង​អ្នកទេសចរ​ផង​នោះ​។ ឧបទ្ទវ​ហេតុនេះ​កើតឡើង​នៅ​វិថី Las Ramblas ដែលជា​វិថី​មួយ​ក្នុងចំណោម​វិថី​ដែល​មមាញឹក​ជាងគេ​នៅ​ក្រុង​បា​សេ​ឡូ​ណា ព្រោះ​វា​មាន​អ្នកទេសចរ​កកកុញ​ខ្លាំង ខណៈ​ឥឡូវ​ជា​រដូវ​កាល​ទេសចរណ៍​ស្រាប់​ផង​។​

​ខណៈ​ការស្វែងរក​ជនសង្ស័យ​ក្នុង​ការបុក​រះ​នៅ​បា​សេ​ឡូ​ណា​កំពុង​ធ្វើ ប៉ូលិស​អេ​ស្ប៉ា​ញ​បាន​បំបែក​ផែនការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​មាត់សមុទ្រ Cambrils ដោយបាន​សម្លាប់​ជនសង្ស័យ​អស់​បួន​នាក់ និង​ចាប់ខ្លួន​ម្នាក់​។ ក្នុង​ហេតុការណ៍​នេះ ជន​ស៊ីវិល​៦​នាក់ និង​ប៉ូលិស​ម្នាក់​ផ្សេងទៀត​ក៏បាន​រងរបួស​ផងដែរ​។ ដោយឡែក មនុស្សម្នា​ក់បាន​ស្លាប់​ក្នុងការ​ផ្ទុះ​នៅ​ទីក្រុង​មួយទៀត​ក្បែរ​ទីក្រុង​បា​សេ​ឡូ​ណា ដែល​ហេតុការណ៍​នេះ​កើតឡើង​មុន​ហេតុការណ៍​នៅ​បា​សេ​ឡូ​ណា និង​នៅ Cambrils ។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ពីរ​នាក់ ដែល​ម្នាក់​ជា​ជនជាតិ​ម៉ា​រ៉ុ​ក និង​ម្នាក់ទៀត​មកពី​តំបន់ Melilla ដែល​គ្រប់គ្រង​ដោយ​អេ​ស្ប៉ា​ញ ប៉ុន្តែ​ពួកគេ​ទាំងពីរ​មិនមែនជា​អ្នកបើកបរ​ឡាន​ក្នុង​ហេតុការណ៍​បុក​រះ​នៅ​បា​សេ​ឡូ​ណា​ទេ​។ ប៉ូលិស​អេ​ស្ប៉ា​ញ​និយាយថា​ស្ថានការណ៍​នៅ Cambrils ស្ថិតក្រោម​ការគ្រប់គ្រង​ហើយ ប៉ុន្តែ​គេ​មិនទាន់​ពី​ចំនួន​អ្នកស្លាប់ និង​របួស​ពិតប្រាកដ​ក្នុង​ហេតុការណ៍​ច្រើន​នេះឡើយ​។  

​ក្រុម​រដ្ឋ​ឥស្លាម​ប្រកាស​ទទួលខុសត្រូវ ខណៈ​មេដឹកនាំ​ពិភពលោក​នាំគ្នា​ថ្កោលទោស​


​ដូច​ហេតុការណ៍​កន្លងមក​ដែរ ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​បានប្រកាស​ទទួលខុសត្រូវ​ហេតុការណ៍​បុក​រះ​ដែល​កើតឡើង​នៅ​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ​។ សារព័ត៌មាន​របស់​ក្រុម​ជ្រុល​នេះ Asmaq ផ្សាយ​ថា ជនសង្ស័យ​ដែល​បើកឡាន​បុក​រះ​នៅ​ផ្លូវ Las Ramblas គឺជា​ទាហាន​របស់ខ្លួន ប៉ុន្តែ​មិនបាន​បញ្ចេញ​ឈ្មោះ​ឡើយ​។ ការវាយប្រហារ​នេះ គឺជា​សងសឹក​អេ​ស្ប៉ា​ញ​ដែល​ចូល​ដៃ​ជាមួយ​អាមេរិក​ក្នុង​ប្រតិបត្តិការ​នៅ​មជ្ឈិមបូព៌ា​។​

​បើសិនជា​ការពិត​ដូច​ការលើកឡើង​ខាងលើ​មែន ហេតុការណ៍​នៅ​បា​សេ​ឡូ​ណា​អាចនិយាយបាន​ថា​ជា​ទង្វើ​លើកដំបូង​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅលើ​ទឹកដី​អេ​ស្ប៉ា​ញ​។ យ៉ាងណាក្ដី មានមតិ​ខ្លះ​យល់ថា​ជនសង្ស័យ​អាច​មិនមែនជា​សកម្មជន​ក្រុម​រដ្ឋ​ឥស្លាម​ទេ តែ​អាចជា​អ្នក​ដែល​ទទួល​ឥទ្ធិពល​ពី​មនោគមន៍វិជ្ជា​របស់​ក្រុម​ជ្រុលនិយម​មួយ​នេះ​។ ម្យ៉ាងទៀត សកម្មភាព​នេះ​ក៏​អាចជា​ការទាក់ទាញ​ចំណាប់អារម្មណ៍​ពី​បណ្ដា​សារព័ត៌មាន ខណៈ​ក្រុម​នេះ​រង​បរាជ័យ​ជា​បន្តបន្ទាប់​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​។​

​បណ្ដា​មេដឹកនាំ​ពិភពលោក​បាននាំគ្នា​ថ្កោលទោស​ការវាយប្រហារ​នៅ​ទីក្រុង​បា​សេ​ឡូ​ណា ដែល​បណ្ដាល​ឲ្យ​មនុស្ស​១៣​នាក់​សម្លាប់ និង​ជាង​១០០​នាក់​ទៀត​រងរបួស​។ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ទៅកាន់​មហាក្សត្រ Felipe VI និង​បានស្នើ​ឲ្យ​មានការ​រួបរួមគ្នា​ជា​អន្តរជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​និយម​។ លោក ពូ​ទីន ចាត់ទុក​ហេតុការណ៍​នេះ​ជា​សកម្មភាព​សាហាវ​ឃោ​ឃៅ និង​ឥត​អៀ​ស​ខ្មាស់​។​

​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ អធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មើរ​ហ្គែ​ល ក៏បាន​ចេញមុខ​ថ្កោលទោស​ទង្វើ​ភេរវកម្ម​នេះដែរ​។ ទាំង​បារាំង អង់គ្លេស និង​អាល្លឺម៉ង់ ក៏​ជា​អ្នករងគ្រោះ​នៃ​ការបើក​ឡាន​បុក​រះ​នេះដែរ​នាពេល​កន្លងមក ដោយ​បណ្ដាល​ឲ្យ​មនុស្ស​ជាង​មួយរយ​នាក់​បាត់​បង់ជីវិត និង​រងរបួស​៕


Tag:
 អេ​ស្ប៉ា​ញ​
  ក្រុម​រដ្ឋ​ឥស្លាម​
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com