ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហាត់ប្រាណ​របៀប​ណា​ទើប​អាច​បង្ការ​ជំងឺ​ទឹកនោមផ្អែម​បាន​?
18, Aug 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​ទឹកនោមផ្អែម​គឺជា​ជំងឺ​មួយ​ដែល​ប៉ះពាល់​ទៅលើ​សមត្ថភាព​របស់​រា​ង​កាយ​ក្នុង​ការផលិត និង​ប្រើ​អាំង​ស៊ុយ​លីន ព្រមទាំង​ជាតិ​ស្ករ​ក្នុង​ឈាម​ផង​។ ជំងឺ​ទឹកនោមផ្អែម​មាន​បី​ប្រភេទ​គឺ ប្រភេទ​ទី​១ ទី​២ និង​ក្នុងពេល​មាន​ផ្ទៃពោះ​។ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ គឺជា​ជំងឺ​ដែល​កើត​ពី​កំណើត​ដោយ​រាងកាយ​មិនអាច​ផលិត​អាំង​ស៊ុយ​លីន​បាន​។ ចំពោះ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​វិញ មាន​ន៍​យ​ថា រាងកាយ​អាច​ផលិត​អាំង​ស៊ុយ​លីន​បាន ប៉ុន្តែ​មិនអាច​ប្រើ​បានល្អ​។​



​ចំពោះ​មូលហេតុ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១​មួយ​វិញ​គឺ​មិនទាន់​ដឹង​នៅឡើយ​ទេ ហើយក៏​មិនអាច​បង្ការ​បានដែរ​។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ចង់​ព្យាយាម​ចៀសវាង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​វិញ ប្រហែលជា​អាច​ធ្វើបាន​តាមរយៈ​ការផ្លាស់ប្តូរ​របៀប​រស់​នៅ ជាពិសេស​ហាត់ប្រាណ​ជា​ទៀងទាត់​តែម្តង​។​

​យក​ល្អ​គួរតែ​ព្យាយាម​ហាត់ប្រាណ​ឲ្យ​បាន​យ៉ាងហោចណាស់ ៣០​នាទី​រយៈពេល ៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។ ប៉ុន្តែ​អ្នក​ដែល​មិន​ធ្លាប់​ហាត់ប្រាណ អាច​នឹង​ចាប់ផ្តើម​ត្រឹម​រយៈពេល​ខ្លី​ជាង​នេះ​ក៏បាន​ដែរ ចាំ​បង្កើន​រយៈពេល​បន្តិច​ម្តងៗ​។​

​ការហាត់​ប្រាណ​មិនចាំបាច់​តែ​ហាត់​ខ្លាំង​ទើប​មាន​ប្រសិទ្ធភាព​ទេ​។ ការធ្វើសកម្មភាព​រាង​កាយ​តិចតួច ទៅ​មធ្យម​អាចជួយ​អ្នក​ក្នុងការ​សម្រក​ទម្ងន់​បាន​ទៅហើយ​។ ការហាត់​ប្រាណ​ល្អៗ​ដែល​អ្នក​គួរតែ​ធ្វើ​ដើម្បី​បង្ការ​ជំងឺ​ទឹកនោមផ្អែម​នោះ​មានដូចជា​៖
•    រាំ​
•    ជិះ​កង់​
•    ហែល​ទឹក​
•    ហាត់​ក្បាច់​បែប​អ៊ែ​រ៉ូ​ប៊ិក​
•    ការដើរ​

​រាល់​សកម្មភាព​ទាំងឡាយណា​ដែល​ធ្វើ​ឲ្យ​បេះដូង​ច្របាច់​ខ្លាំង នោះ​ហើយ​វា​វិធី​ក្នុងការ​បង្ការ​ជំងឺ​ទឹកនោមផ្អែម​ដ៏​មាន​ប្រសិទ្ធភាព​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com