អន្តរជាតិ
ចៅប្រុស​លោក លី​ក្វាន់​យូ ថា​លោក​សុខចិត្ត​និរទេស​ពី​សិង្ហ​បុរី ព្រោះ​ខ្លាច​អាជ្ញាធរ​ចាប់ខ្លួន​
18, Aug 2017 , 9:59 pm        
រូបភាព
ចៅប្រុសលោក លីក្វាន់យូ លោក Li Shengwu
ចៅប្រុសលោក លីក្វាន់យូ លោក Li Shengwu
ដោយ: ថ្មីៗ
​ចៅប្រុស​បង្កើត​របស់លោក លី ក្វាន់​យូ លោក Li Shengwu បាន​អះអាងថា​លោក​រត់​ចេញពី​សិង្ហ​បុរី​កាលពី​ខែកក្កដា​កន្លងមក​ដោយ​សារ​តែ​លោក​ខ្លាច​អាជ្ញាធរ​សិង្ហ​បុរី​ចាប់ខ្លួន​ក្រោម​បទចោទប្រកាន់ «​ប្រមាថ​ស្ថាប័ន​សាធារណៈ​»​។ តាមពិតទៅ Li Shengwu  ជា​កូនប្រុស​បង្កើត​លោក លី សៀន​យ៉ាង ដែល​កំពុងមាន​ជម្លោះ​ជាមួយ​នាយករដ្ឋមន្ត្រី លី សៀន​ឡុង រឿង​ផ្ទះ​ឪពុក​ខ្លួន​នោះ​។


 
​លោក Li Shengwu កូនប្រុស​បង្កើត​លោក លី សៀន​យ៉ាង បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​សម្រេចចិត្ត​និរទេស​ខ្លួន​កាលពី​ខែកក្កដា ក្រោយ​មិត្តភក្តិ​លោក​ប្រាប់ថា​លោក​អាច​នឹងត្រូវ​អាជ្ញាធរ​ស្ថិតក្រោម​ឱវាទ​ពូ​របស់ខ្លួន​លោក លី សៀន​ឡុង ចាប់​និង​ឃុំខ្លួន​ក្រោម​បទ​ចោទ​ប្រ កាន់ «​ប្រមាថ​មាក់ងាយ​ស្ថាប័ន​សាធារណៈ​»​នោះ​។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ស្រង់​សម្តី​លោក  Shengwu ដូច្នេះ​៖ « នៅ​សិង្ហ​បុរី វា​ជា​រឿង​ដែល​អាចទៅរួច​ដែល​គេ​អាច​ត្រូវ​ឃុំខ្លួន និង​សួរចម្លើយ​ដោយ​មិន​ទទួលបាន​មេធាវី​ការពារ​។ មិត្តភក្តិ​ខ្ញុំ​បានផ្តល់​យោបល់​ថា ពួកគេ​បារម្ភ​ពី​សុវត្ថិភាព​ខ្ញុំ  បើសិនជា​ខ្ញុំ​បន្ត​ស្ថិតនៅ​សិង្ហ​បុរី​ទៀត​»​។​

​ពាក់ព័ន្ធ​ការ​ចោទ​រដ្ឋាភិបាល​ថា​មានបំណង​ចង់​ចាប់ខ្លួន​និង​ឃុំខ្លួន​នេះ អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោកស្រី Chang Li Lin បាន​ឆ្លើយតប​វិញ​ថា សម្តី​របស់លោក Shengwu ពាក់ព័ន្ធ​ការចាប់ខ្លួន និង​សួរចម្លើយ​នោះ​មិន​ត្រឹមត្រូវ​ឡើយ​។ លោកស្រី​បាន​ពន្យល់ថា ច្បាប់​និង​នីតិវិធី​មាន​ទាំងអស់​ដែល​អាច​ឲ្យ​មានការ​ប្តឹងប្តល់​ចំពោះ​អ្នក​ប្រមាថមើលងាយ​ស្ថាប័នរដ្ឋ​ដូច​ករណី លោក Shengwu ដែរ ហើយ​មានតែ​តុលាការ​ប៉ុណ្ណោះ​ដែលមាន​អំណាច​សម្រេច​។

​តាមពិតទៅ​មុនពេល​ចាក​ចេញពី​សិង្ហ​បុរី​ថ្ងៃ ២៣ ខែកក្កដា​កន្លងមក លោក Shengwu បាន​សរសេរ​បង្ហោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដោយ​បរិហាកេរ្តិ៍​ឈ្មោះ​ដោយ​អះអាងថា​រដ្ឋាភិបាល​សិង្ហ​បុរី​រញ៉េរញ៉ៃ ហើយ​ប្រព័ន្ធតុលាការ​សិង្ហ​បុរី​នោះ​គ្មាន​ឯករាជ្យ​ស្ថិតក្រោម​ឥទ្ធិពល​គេ​ថែមទៀត​។  អគ្គ​រដ្ឋអាជ្ញា​បាន​ផ្ញើលិខិត​មួយច្បាប់​ទៅ​លោក​ដើម្បី​ទាមទារ​ឲ្យ​លោក​សុំ​អភ័យទោស​ចំពោះ​សម្តី​មាក់ងាយ​ស្ថាប័ន​នីតិប្រតិបត្តិ និង​ប្រព័ន្ធតុលាការ បើ​មិន​ចង់​ប្រឈម​បណ្តឹងអាជ្ញា​នោះ​។

​រហូតដល់​ថ្ងៃ ៤​សីហា ទើបបាន​អគ្គ​រដ្ឋអាជ្ញា​ចាប់ផ្តើម​នី​វិធី​ដោយ​ចោទប្រកាន់ Shengwu ពាក់ព័ន្ធ​ការប្រមាថ​មើលងាយ​ស្ថាប័ន​សាធារណៈ​នោះ​។ ការចាប់ផ្តើម​នីតិវីធី​នេះ កើតឡើង​ក្រោយ​ពេលដែល​ក្មូ​យ​ប្រុស​លោក លី សៀន​ឡុង​ខាងលើ​មិន​ព្រម​លុប​សំណេរ​ខ្លួន​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក និង​បដិសេធ​សុំ​អភ័យទោស​ជា​សាធារណៈ​តាម​ការទាមទារ​របស់​អគ្គ​រដ្ឋអាជ្ញា​សិង្ហ​បុរី​នោះ​។


Tag:
 សិង្ហ​បុរី​
 ​លី សៀន​ឡុង​
  លី សៀន​យ៉ាង​
  Li Shengwu
© រក្សាសិទ្ធិដោយ thmeythmey.com