អន្តរជាតិ
តួ​ក​គី ផ្តាំ​អធិការបតី​អាល្លឺម៉ង់​កុំ​ឲ្យ​ព្យាយាម​ដឹកនាំ​នយោបាយ​សហភាព​អឺរ៉ុប​ផ្តាច់មុខ​
18, Aug 2017 , 10:39 pm        
រូបភាព
​តួ​ក​គី​ខឹងសម្បារ​អធិការបតី​អាល្លឺម៉ង់​ខ្លាំង​ក្រោយពេល​លោកស្រី​អះអាងថា សហភាព​អឺរ៉ុប​មិន​ទទួល​សមាជិក​ថ្មី​ឡើយ​។ តួ​ក​គី បាន​រិះគន់ថា សម្តី​មេដឹកនាំ​អាល្លឺម៉ង់​កំពុង​ធ្វើ​ឲ្យ​ខូច​កិត្តិនាម​របស់​សហភាព​អឺរ៉ុប​ទាំងមូល ហើយ​អាល្លឺម៉ង់​ក៏​គ្មាន​សិទ្ធិ​ដឹកនាំ​ឬ​គ្រប់គ្រង​នយោបាយ​អឺរ៉ុប​ផ្តាច់មុខ​ដែរ​។​



 ក្រោយ​ពេលដែល​អធិការ​ប​តី​អា​លឺ្ល​ម៉​ង់​លោកស្រី អេ​ន​ជេ​ឡា មឺ​ហ្គែ​ល​ប្រកាស​នៅ​ថ្ងៃ​ពុធ ទី ១៦ សីហា​ថា សហភាព​អឺរ៉ុប​គ្មាន​គម្រោង​ទទួល​សមាជិក​ថ្មី ហើយក៏​គ្មាន​ផែនការ​ពង្រឹង​ទំនាក់ទំនង​រវាង​ឲ្យ​តួ​ក​គី​និង​អឺរ៉ុប​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នោះ រដ្ឋាភិបាល​តួ​ក​គី​បាន​ប្រតិកម្ម​តប​វិញ និង​ទិតៀន​អាល្លឺម៉ង់​ខ្លាំង​ដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋមន្ត្រី​តួ​ក​គី​ទទួលបន្ទុក​កិច្ចការ​អឺរ៉ុប Omer Celik បាន​ចាត់ទុកថា សម្តី​របស់​លោកស្រី មឺ​ហ្គែ​ល​បង្ក​ផលប៉ះពាល់​កិត្តិនាម​របស់​សហភាព​អឺរ៉ុប ហើយ​វា​គ្មាន​លក្ខខណ្ឌ​ណា​ដែល​អាល្លឺម៉ង​ត្រូវ​ដឹកនាំ​នយោបាយ​អឺរ៉ុប​ផ្តាច់មុខ​ដែរ​។​

 លោក​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​ព្រហស្បតិ៍​ដូច្នេះ​ថា​៖ «​វា​ជាស​ម្តី​មួយ​ដែល​គួរ​ឲ្យ​សោកស្តាយ​។ យើង​គួរតែ​បញ្ជាក់ថា គ្មាន​សមាជិក​សហភាព​អឺរ៉ុប​ណាមួយ​គួរ​ដាក់​បញ្ជា​លើ​ស្ថាប័ន​អឺរ៉ុប ឬ​ដំណើរការ​ណាមួយ​របស់​អឺរ៉ុប​ឡើយ​»​។ 

​មន្ត្រីជាន់ខ្ពស់​ក្រុង​អង់កា​រ៉ា​បាន​បន្តថា​៖ «​វា​ជា​ស្ថានការណ៍​មួយ​គ្រោះថ្នាក់​បំផុត គេ​កំពុងតែ​ប្រើប្រាស់​ពាក្យសម្តី​ដែល​ប៉ះពាល់​កិត្តិនាម​សហភាព​អឺរ៉ុប​ខ្លាំង​ផង​»​។

​ក្រៅពី​ទិតៀន​សម្តី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ រដ្ឋមន្ត្រី​តួ​ក​គី​បាន​រំលឹក​ផងដែរ​ថា  ទាំង​តួ​ក​គី និង​សហភាព​អឺរ៉ុប​នឹង​ទទួលបាន​ប្រយោជន៍​ទាំងអស់គ្នា​ពី​ទំនាក់ទំនង​ស៊ីជម្រៅ ប៉ុន្តែ​តួ​ក​គី​យល់ឃើញថា អាល្លឺម៉ង់​ហាក់បីដូចជា​ចាត់ទុកថា ការទទួលយក​តួ​ក​គី​ប្រៀបដូចជា​ផ្តល់​ប្រយោជន៍​ឲ្យ​តួ​ក​គី​នោះ​។ ប៉ុន្តែ លោក​សង្កត់ធ្ងន់ថា តួ​ក​គី​មិនដែល​ប្រញាប់​ចង់​ក្លាយជា​សមាជិក​សភាព​អឺរ៉ុប​ឡើយ​។​

​តាមពិតទៅ​ទំនាក់ទំនង​រវាង​អាល្លឺម៉ង់​និង​តួ​ក​គី ល្អក់កករ​ខ្លាំង ចាប់តាំងពី​ពេល​ដែលមាន​រដ្ឋប្រហារ​ប​រា​ជ័យ​មួយ​នៅ​តួ​ក​គី​កាលពី​ខែកក្កដា​ឆ្នាំមុន និង​ការបង្ក្រាប​យ៉ាង​ព្រៃផ្សៃ​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​រាល់​អ្នក​ត្រូវគេ​សង្ស័យថា​គាំទ្រ​រដ្ឋប្រហារ​។​

​ឆ្លៀតឱកាស​ក្នុងពេល​ផ្តល់​សន្និសីទ​សារព័ត៌មាន​លោក Celik បាន​ទទូច​សុំ​ឲ្យ​អាល្លឺម៉ង់​សហការ​ជាមួយ​តួ​ក​គី​ដើម្បី​ផ្តល់​បត្យាប័ន​គ្រូបង្រៀន​សាសន​វិទ្យា Adil Oksuz  ដែល​សុំ​សិទ្ធិ​ជ្រកកោន​នៅ​អាល្លឺម៉ង់ ដោយសារ​គេ​ជាប់​ពាក់ព័ន្ធ​រឿង​រដ្ឋប្រហារ​ឆ្នាំមុន​ដែរនោះ​។


Tag:
 អាល្លឺម៉ង់​
  តួ​ក​គី​
  អេ​ន​ជេ​ឡា មឺ​ហ្គែ​ល​
  Omer Celik
© រក្សាសិទ្ធិដោយ thmeythmey.com