អន្តរជាតិ
ធនធាន​រ៉ែ​រាប់ពាន់​លាន​ដុល្លារ​អាចជា​ហេតុផល​ដែល ត្រាំ បញ្ជូន​ទ័ព​ថែម​ទៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​?
20, Sep 2017 , 2:59 pm        
រូបភាព
 ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានប្រកាសថា រដ្ឋបាល​លោក​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ ដោយ​បង្កើន​ចំនួន​កងទ័ព​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ដើម្បី​ឈានទៅ​ឈ្នះ​សង្គ្រាម​ដែលមាន​អាយុកាល​រហូតដល់ ១៦​ឆ្នាំនេះ​ខាងមុខ​។ ការសម្រេច​បង្កើន​ទ័ព​បែបនេះ​កើតឡើង​ស្របពេល​ដែលមាន​ការលើក​ឡើង​ថា រដ្ឋបាល​លោក ត្រាំ ទំនងជា​សំឡឹង​ឃើញ​រ៉ែ​ធម្មជាតិ​សន្ធឹកសន្ធាប់​ដែលមាន​តម្លៃ​រាប់រយ​ពាន់​លាន​ដុល្លារ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​មិនទាន់​បូម​នោះ​។ យ៉ាងណាក៏ដោយ ក្រោយ​លោក ត្រាំ ប្រកាស​បង្កើន​ទ័ព ក្រុម​តា​លី​បង់ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​គំរាម​អាមេរិក​ថា អា​ហ្វ​ហ្គា​នី​ស្ថាន​នឹង​ក្លាយជា​ផ្នូរ​សព​កងទ័ព​អាមេរិក​មិន​ខាន​។​



​ក្រោយ​មានការរង់ចាំ​អស់ពេល​ជា​យូរ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ចេញមុខ​ប្រកាស​យុទ្ធសាស្ត្រ​យោធា​ថ្មី​ដើម្បី​យកជ័យ​ជម្នះ​លើ​ភេរវជន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ទប់ស្កាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​យក​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​ជម្រក​ដើម្បី​វាយប្រហារ​អាមេរិក​នៅ​ថ្ងៃមុខ​។ នា​យប់​ថ្ងៃ​ចន្ទ ទី២១ ខែសីហា លោក ដូ​ណា​ល់ ត្រាំ បានប្រកាសថា រដ្ឋបាល​លោក​នឹង​បង្កើន​ចំនួន​ទ័ព​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​លោក​សង្ឃឹមថា យុទ្ធសាស្ត្រ​ថ្មី​របស់​រដ្ឋបាល​លោក​នឹង​នាំមក​នូវ​ជ័យជម្នះ​ផងដែរ​។ យ៉ាងណាមិញ ប្រធានាធិបតី​រូបនេះ​មិនបាន​បង្ហើប​ពី​ចំនួន​ទ័ព​ដែល​ត្រូវ​បញ្ជូនទៅ​បន្ថែម​ឡើយ​។​

 ១.​យុទ្ធសាស្ត្រ​យោធា​ថ្មី តែ​នៅ​ស្រពេចស្រពិល​?

​ថ្លែង​ចំពោះមុខ​កងទ័ព​ជា​ច្រើ​នាក់​នៅ​មូលដ្ឋាន​យោធា​ក្រុង​វ៉ាស៊ីនតោន លោក ត្រាំ រម្លឹកថា យោបល់​ដំបូង​បំផុត​របស់លោក​មុន​ក្លាយជា​ប្រធានាធិបតី​គឺ​ដក​កងទ័ព​អាមេរិក​ចេញ​ទាំងស្រុង​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា លោក​បាន​ផ្លាស់ប្តូរ​ជំហរ​ពេល​លោក​ក្លាយជា​ប្រធានាធិបតី​អាមេរិក​។

​លោក ត្រាំ បានលើកឡើង​ដូច្នេះ​៖«​ការគិត​របស់ខ្ញុំ​ពីមុន​គឺ ដកទ័ព​ចេញ ហើយ​ជាធម្មតា​ខ្ញុំ​ចូលចិត្ត​ធ្វើតាម​អ្វីដែល​ខ្ញុំ​គិត​។ ប៉ុន្តែ​ដូចដែល​ខ្ញុំ​ធ្លាប់​លឺ ការសម្រេច​ចិត្តនឹង​ខុសពី​ការគិត​របស់​អ្នក​ពេលដែល​អ្នក​អង្គុយ​កៅអី​ប្រធានាធិបតី និង​ធ្វើជា​ប្រធានាធិបតី​អាមេរិក​នោះ​»​។​

​លោក​ពន្យល់​បន្តថា តែ​ពេលនេះ​លោក​យល់ច្បាស់ ហើយ​ការសម្រេចចិត្ត​ដកទ័ព​ប្រៀប​បីដូច​ជាការ​មិន​អើពើ​ចំពោះ​កងទ័ព​អាមេរិក​ជាច្រើន​នាក់​ដែល​បាន​ពលី​ក្នុង​សង្គ្រាម​អា​ហ្វ​ហ្គា​នី​ស្ថាន​ចាប់ពី​ឆ្នាំ ២០០១​មក​នោះ​។ អ្វីដែល​សំខាន់ វា​នឹង​បង្កើត​ឲ្យ​មាន​បញ្ហា​ប្រឈម​ធំ​ព្រោះ​អវត្តមាន​អាមេរិក​នឹង​អនុញ្ញាត​ឲ្យ​ក្រុម​ភេរវជន​អាច​ពង្រីក​បណ្តាញ​របស់​ខ្លួន​បាន​ដូចដែល​អ្វីដែល​កើតឡើង​នៅ​អ៊ីរ៉ាក់​ដូច្នេះ​ដែរ​។ 

​ដូច​បានលើកឡើង​ខាងដើម​ស្រាប់ លោក ត្រាំ មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ឡើយ​ថា លោក​នឹង​បញ្ជា​ឲ្យ​បន្ថែម​ទ័ព​ចំនួន​ប៉ុន្មាន និង​មាន​យុទ្ធសាស្ត្រ​អ្វី​ជា​ដុំ​កំ​ភួ​ន​នោះ ប៉ុន្តែ​លោក​បានសម្រេច​ប្រគល់​អំណាច​ក្នុងការ​កម្រិត​ចំនួន​ទ័ព​បន្ថែម​នេះ​ទៅ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ជេ​ម ម៉ា​ទី​ស​។ 

​ប៉ុន្តែ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​បានស្នើ​សុំ​បន្ថែម​កងទ័ព ៤០០០​នាក់​ទៀត ដោយ​ចំនួន​ទ័ព​សរុប​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​នឹង​កើតឡើង​ដល់ ៨៤០០​នាក់​ឯណោះ​។

​ក្នុងឱកាស​នោះ លោក ត្រាំ បាន​ឆ្លៀត​រម្លឹក​ផងដែរ​ថា ការបន្ថែម​ចំនួន​ទ័ព​នេះ​មិនមែន​អាមេរិក​អនុវត្ត​នយោបាយ​កសាង​រដ្ឋ​ឡើងវិញ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ឡើយ​។ អ្វីដែល​អាមេរិក​កំពុង​ធ្វើ​គឺ​កម្ចាត់​ភេរវជន​ប៉ុណ្ណោះ​។ លោក​បាន​គូសបញ្ជាក់ថា អាមេរិក​នឹង​ផ្តោត​សំខាន់​លើ​ព្រំដែន​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​អាច​ធានាថា ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម និង​ក្រុម​អាល់​កៃ​ដា​នឹងត្រូវ​កម្ចាត់ ហើយ​និង​ទប់ស្កាត់​ក្រុម​តា​លី​បង់​កុំ​ឲ្យ​ឡើងកាន់​អំណាច​ជាថ្មីទៀត​។​

​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​នេះ ក្រៅពី​បង្កើន​ចំនួន​ទ័ព ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក៏បាន​លើកឡើង​ផងដែរ​ថា លោក​នឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រឆាំង​បណ្តាញ​ភេរវជន និង ក្រុម​ឧក្រិដ្ឋជន រួមទាំង​ដាក់​សម្ពាធ​ឲ្យ​ប្រទេសជិតខាង​ឲ្យ​ចូលរួម​ក្នុង​កិច្ចសហប្រតិបត្តិការ​នេះ​ផង​។  លោក ត្រាំ បញ្ជាក់ថា លោក​នឹង​សុំ​ឲ្យ​ឥណ្ឌា​ជួយ​រឿង​ជំនួយ​សេដ្ឋកិច្ច និង​អភិវឌ្ឍ​ដើម្បី​ស្រោចស្រង់​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ប៉ុន្តែ​លោក​ចង្អុល​ប៉ា​គី​ស្ថាន​ចំៗ ដោយ​លោក​ទារ​ឲ្យ​ប្រទេស​នុយក្លេអ៊ែរ​នេះ​ប្រឹងប្រែង​ចូលរួម​កម្ចាត់​ភេរវជន​។ លោក​គំរាម​កាត់​ជំនួយ​យោធា​ផ្តល់​ឲ្យប៉ាគីស្ថានផង បើសិនជា​ប្រទេស​អាស៊ី​ខាងត្បូង​នេះ​មិន​ស្តាប់​ការទាមទារ​របស់លោក​នោះ​។​

​លោក ត្រាំ បាន​និយាយ​ដូច្នេះ​៖ «​យើង​មិនអាច​នៅ​ស្ងៀម​ជាមួយ​ប៉ា​គី​ស្ថាន​រឿង​លាក់​ភេរវជន​ឡើយ​។ ប៉ា​គី​ស្ថាន​ប្រហែលជា​ចំណេញ​ច្រើន​បើ​ចាប់ដៃ​ជាមួយ​យើង​ដើម្បី​កម្ចាត់​ភេរវជន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ វា​ខាតបង់​ច្រើនណាស់​បើសិនជា​បន្ត​ឲ្យ​ភេរវជន​លាក់ខ្លួន​បែបនេះ​»​។

​សរុបមក គោលនយោបាយ​អាមេរិក​នៅពេលនេះ​គឺ​បន្ថែម​កងទ័ព​ដើម្បី​ម្ចា​ត់​ភេរវជន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ុន្តែ​វា​មិន​ផ្តល់​ពន្លឺ​ច្រើន​ឡើយ​ដែលថា​អាមេរិក​អាច​នឹង​ឈ្នះ​សង្គ្រាម​ដែល​ខ្លួន​ច្បាំង​អស់ ១៦​ឆ្នាំ​មក​នោះឡើយ​។ ប៉ុន្តែ​ការដាក់​សម្ពាធ​លើ​ប៉ា​គី​ស្ថាន និង សុំ​ឲ្យ​ឥណ្ឌា​ជួយ​ប្រហែលជា​អាច​នឹងមាន​ផ្លែផ្កា​ច្រើន​សម្រាប់​ការដោះស្រាយ​បញ្ហា​អា​ហ្វ​ហ្គា​នី​ស្ថាន​នេះ​។​

២.​ដូ​ណា​ល់ ត្រាំ មិន​ដកទ័ព​ព្រោះ​ស្តាយ​រ៉ែ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​?

​ដើមឡើយ​លោក ដូ​ណា​ល់ ត្រាំ ត្រូវ​ប្រកាស​យុទ្ធសាស្ត្រ​ថ្មី​របស់ខ្លួន​ត្រឹម​ពាក់កណ្តាល​ខែកក្កដា ប៉ុន្តែ​ការត្រួតពិនិត្យ​និង​អនុម័ត​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​ដោះស្រាយ​បញ្ហា​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រូវ​ពន្យារពេល​ទល់​ម្សិលមិញ​។ ការយឺតយ៉ាវ​នេះ ប្រហែលជា​ទាក់ទង​នឹង​ការស្វែងរក​ហេតុផល របស់​សេត​វិមាន ថា​តើ​គួរ​បន្តធ្វើ​សង្គ្រាម​ឬ​គួរ​ចាក​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះ​?   ប៉ុន្តែ​ការ​ខួង​បូម​យក​រ៉ែ​សន្ធឹកសន្ធាប់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាហេតុ​ផល​ចម្បង​ដែល​អាមេរិក​ត្រូវ​នៅ​បន្ត​ឈរជើង​នៅ​ទីនោះ​។​

​បើតាម​សារព័ត៌មាន New York Times លោក ត្រាំ បាន​ជជែក​ជាមួយ​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក Ashraf Ghani ពាក់ព័ន្ធ​ធនធាន​រ៉ែ​នៅក្នុង​ប្រទេស ខណៈដែល​ប្រធានាធិបតី​រូបនេះ​ចង់យក​វិស័យ​រ៉ែ​ជា​វិស័យ​អាទិភាព​មួយ​សម្រាប់​ការលូតលាស់​នៃ​សេដ្ឋកិច្ចជាតិ​។ សេត​វិមាន​ក៏មាន​បំណង​បញ្ជូន​បេសកជន​របស់ខ្លួន​ទៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដើម្បី​ជជែក​ពិភាក្សា​រឿង​រុករក​ដែរ​។​

​បើតាម New York Times ដដែល មហាសេដ្ឋី Stephen A. Feinberg បានផ្តល់​ប្រឹក្សា​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ផងដែរ​ពាក់ព័ន្ធ​ការស្វែងរក​វិធីសាស្ត្រ​ចូល​បូម​យក​រ៉ែ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែរ​កាលពី​ខែកក្កដា​។ លោក Feinberg ជា​ម្ចាស់​ក្រុមហ៊ុន​ឧស្សាហកម្ម​យោធា​អាមេរិក Dyncorp International អាចមាន​លទ្ធភាព​ក្នុង​ការរក្សាសន្តិសុខ​រោងចក្រ​បូម​រ៉ែ​បាន​បើសិន​បើ​គម្រោង​នេះ​អាច​ដំណើរការ​ទៅមុខ​នោះ​។ ប៉ុន្តែ​លោក Feinberg បាន​ប្រា​ស់លោក ត្រាំ ថា បញ្ហា​ធំ​បំផុត​នៅពេលនេះ​គឺ​តំបន់​ដែល​សម្បូរ​រ៉ែ​បំផុត​ស្ថិតក្រោម​ការកាន់កាប់រ​បស់​ក្រុម​តា​លី​បង់​នៅឡើយ​។

​បើតាម​របាយការណ៍​ស្រាវជ្រាវ​ឆ្នាំ ២០១០ របស់​អាមេរិក ទំហំ​រ៉ែ​ភាគច្រើន​ជា​រ៉ែ​ដែក​និង​រ៉ែ​ទង់ដែង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​អាចមាន​តម្លៃ​ប្រហែល មួយ​ទ្រី​លាន​ដុល្លារ​អាមេរិក​ឯណោះ ប៉ុន្តែ​ការវាយតម្លៃ​នេះ​នៅ​ចម្រូងចម្រាស​នៅឡើយ​។

​តាមពិតទៅ​គម្រោង​ទាញយក​រ៉ែ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​នេះ​មិនមែនជា​រឿង​ថ្មី​ឡើយ​។ កាល​ជំនាន់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏មាន​ការរៀបចំ​គម្រោង​សាងសង់​រោងចក្រ​ខួង​បូម​យក​រ៉ែ​ដែរ​។ ប៉ុន្តែ​ដោយសារ​បញ្ហា​ប្រឈម​ច្រើនពេក​ដូចជា​ពុករលួយ​, បញ្ហា​សន្តិសុខ ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផង​នោះ ទើបបានជា​គម្រោង​ដែលមាន​ត្រូវ​ជាប់គាំង​រហូតមក​។​

៣. តា​លី​បង់​៖ អា​ហ្វ​ហ្គា​នី​ស្ថាន​នឹង​ក្លាយជា​ផ្នូរ​សម្រាប់​អាមេរិក​សតវត្ស​ទី ២១


​ក្រោយ​ពេលដែល​លោក ត្រាំ ប្រកាស​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​សង្គ្រាម​អា​ហ្វ​ហ្គា​នី​ស្ថាន ក្រុម​តា​លី​បង់​ស្រាប់តែ​ចេញមុខ​ព្រមាន​ក្រុង​វ៉ាស៊ីនតោន​វិញ​ដែរ​។ ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា អ្នកនាំពាក្យ​ក្រុម​តា​លី​បង់ Zabiullah Mujahid បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លូន​ថា អាមេរិក​នឹង​ផុងខ្លួន​កាន់តែ​ជ្រៅ ហើយ​អា​ហ្វ​ហ្គា​នី​ស្ថាន​នឹង​ក្លាយជា​ផ្នូរ​សម្រាប់​អាមេរិក​។​

​អ្នកនាំពាក្យ​ក្រុម​តា​លី​បង់​នេះ​បាន​អះអាង​ដូច្នេះ​៖«​ប្រសិន​អាមេរិក​មិន​ដកទ័ព​គេ​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ទេ អា​ហ្វ​ហ្គា​នី​ស្ថាន​នឹង​ក្លាយជា​ផ្នូរ​កប់​សព​គេ​សម្រាប់​សតវត្ស​ទី ២១​នេះ​តែម្តង​។ ហើយ​ដរាបណា​ទាហាន​អាមេរិក​ស្ថិតនៅ​លើដី​យើង ហើយ​គេ​បន្តធ្វើ​សង្គ្រាម​ប្រឆាំង​យើង វា​ក៏​ជា​កាតព្វកិច្ច​មួយ​ដែល​យើង​ត្រូវបាន​សង្គ្រាម​ជី​ហាត​របស់​យើង​ដែរ​»​។​

​ក្រៅពី​គំរាម​កម្ចាត់​ទាហាន​អាមេរិក​នោះ ក្រុម​តា​លី​បង់​នេះ​ក៏​ដាស់តឿន​ឲ្យ​រដ្ឋបាល​អាមេរិក​ស្វែងរក​យុទ្ធសាស្ត្រ​សម្រាប់​ដកទ័ព​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន ជាជាង​បន្ត​រក​យុទ្ធសាស្ត្រ​បន្ត​សង្គ្រាម​ទៀត​។ នេះ​ក៏ដោយ​សារ បន្ត​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​គ្មាន​អនាគត​ឡើយ​។​

​ចំណែក​មេបញ្ជាការ​ជាន់​ខ្ពស់​ក្រុម​តា​លី​បង់​ក៏បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ផងដែរ​ថា លោក ត្រាំ កំពុង​យក​ជីវិត​ទាហាន​អាមេរិក​ឲ្យ​ទៅ​បង់​ចោល​ក្នុង​សង្គ្រាម​អា​ហ្វ​ហ្គា​នី​ស្ថាន​ហើយ​។​គេ​បន្ថែមថា ក្រុម​តា​លី​បង់​មិន​ប្តូរ​ជំហរ​ឡើយ ហើយ​ពួកគេ​ដឹង​ច្បាស់​ពី​វិធី​ការពារ​ប្រទេស​ពី​ការឈ្លានពាន​ពី​សំណាក់​ទាហាន​បរទេស​៕


Tag:
 ដូណាល់ ត្រាំ
  អាហ្វហ្គានីស្ថាន
 ​តាលីបង់
© រក្សាសិទ្ធិដោយ thmeythmey.com