ជាតិ
អគ្គនាយកដ្ឋានពន្ធដារ មិនឲ្យអ្នកគ្រប់គ្រងខេមបូឌា ដេលី ចេញពីកម្ពុជា បើមិនបង់ប្រាក់ជាង ៦លានដុល្លារ ជូនរដ្ឋ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ
× ភ្នំពេញ៖ ព្រោះមិនទាន់បង់ពន្ធជូនរដ្ឋ អ្នកគ្រប់គ្រងពីររូប របស់កាសែត ខេមបូឌា ដេលី ត្រូវបានរារាំងមិនឲ្យចាកចេញពីកម្ពុជាឡើយ។ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច សុំឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ជួយសហការក្នុងចំណាត់ការលើអ្នកទាំងពីរនោះ។
ថ្វីដ្បិតការិយាល័យរបស់ខ្លួន បានបិទហើយក៏ពិតមែន តែកាសែត ខេមបូឌា ដេលី មិនទាន់រួចផុតពីកាតព្វកិច្ចក្នុងការបង់ពន្ធជូនរដ្ឋនោះទេ។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច នៅតែទាមទារឲ្យលោកស្រី Deborath Krisher Steele អភិបាលសហគ្រាសនៃកាសែត ខេមបូឌា ដេលី ដោយមានលោក Douglas Eric Steele ជាអ្នកចាត់ការទូទៅ ត្រូវបង់ពន្ធជូនរដ្ឋជាមុនសិន ទើបអាចចាកចេញពីកម្ពុជាបាន។
ដើម្បីអនុវត្តវិធានការនេះបានជោគជ័យ អគ្គនាយកដ្ឋានពន្ធដារ បានផ្ញើលិខិតទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី ៤ ខែកញ្ញានេះ ដើម្បីសុំឲ្យរារាំងអ្នកទាំងពីរ ក្នុងការចាកចេញពីកម្ពុជា។ លិខិតដែលផ្សព្វផ្សាយដោយសារព័ត៌មាន Fresh News បានសរសេរដូច្នេះថា៖«អគ្គនាយកដ្ឋានពន្ធដារ ស្នើសុំកិច្ចសហការពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីទប់ស្កាត់ការធ្វើដំណើររបស់លោកស្រី Deborath Krisher Steele និងលោក Douglas Eric Steele។ [ការធ្វើបែបនេះ] គឺដើម្បីដាក់បន្ទុកបុគ្គលទាំងពីររូបនេះ ឲ្យមកទូទាត់បំណុលពន្ធចំនួន ៦,៣ លានដុល្លារជាមុនសិន ជៀសវាងហានិភ័យនៃការបាត់បង់ពន្ធជូនរដ្ឋ»។
នៅក្នុងវេទិកាជាតិស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ កាលពីថ្ងៃទី ២២ ខែសីហា នៅវិមានសន្តិភាព សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានហៅការសែត ខេមបូឌា ដេលី ថា ជាមេចោរ ដោយសារសម្តេចអះអាងថា កាសែតនេះ មិនបានបង់ពន្ធជូនរដ្ឋ ១០ ឆ្នាំ មកហើយ។ ប្រមុខរដ្ឋាភិបាល ព្រមានខ្លាំងៗយ៉ាងនេះថា៖« បើមិនបង់ពន្ធឲ្យរដ្ឋទេ វេចបង្វិចចាកចេញទៅ»។
សូមបញ្ជាក់ថា កាសែត ខេមបូឌា ដេលី ដែលមានវត្តមាននៅកម្ពុជាតាំងឆ្នាំ១៩៩៣មក បានប្រកាសបិទការិល័យរបស់ខ្លួន នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២0១៧នេះ។ ហើយថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២0១៧នេះ គឺជាថ្ងៃចុងក្រោយ ដែលអគ្គនាយកដ្ឋានពន្ធដា កំណត់ឲ្យកាសែត ខេមបូឌា ដេលី ត្រូវបង់ពន្ធជាង ៦លានដុល្លារ ជូនរដ្ឋ៕
© រក្សាសិទ្ធិដោយ thmeythmey.com