ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រោគសញ្ញា​ដែល​សង្ស័យថា អ្នក​កំពុង​តែមាន​គ្រួស​ក្នុង​តម្រងនោម​ហើយ​
08, Sep 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​គ្រួស​ក្នុង​តម្រងនោម​ជា​ជំងឺ​ដែល​កើតមាន​ជា​ញឹកញាប់​ក្នុង​ប្រព័ន្ធ​ផ្លូវទឹក​ម៉ូ​ត្រ​។ គ្រួស​នេះ​ភាគច្រើន​កើតឡើង​ដោយសារតែ​ទឹកនោម​មាន​សភាព​ខាប់​ពេក​រហូត​សារធាតុ​ខ្លះ​ករ​ទៅជា​រឹង​តែម្តង​។​



​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​មិនមែន​តែងតែ​បង្ក​រោគសញ្ញា​របស់​វា​ឲ្យ​យើង​ដឹង​ទាំងអស់​ទេ​។ នៅពេល​វា​ស្ថិតក្នុង​ទំហំ​តូច វា​នឹង​ជ្រុះ​ចេញ​ដោយ​ខ្លួនឯង​ដោយ​មិនមាន​ការឈឺចាប់​អ្វី​ទាំងអស់​។ ប៉ុន្តែ​ដល់ពេល​គ្រោះ​នេះ​ធំ​វិញ វា​អាច​នឹង​ស្ទះ​ដល់​លំហូរ​ទឹកនោម ដែល​ធ្វើ​ឲ្យ​មាន​អាកា​រៈ​មួយចំនួន​របស់​វា​កើតឡើង​បាន​។​

​ការឈឺចាប់​

​ទីតាំង​របស់​គ្រួស និង​ដំណើរការ​របស់​វា​ក្នុង​ផ្លូវទឹក​ម៉ូ​ត្រ​អាច​បង្ក​ជា​រោគសញ្ញា​ច្រើន​ប្រភេទ​ក្នុង​រាងកាយ​ដែរ​។ អ្នកជំងឺ​ភាគច្រើន​ប្រាប់​អំពី​អារម្មណ៍​នៃ​ការ​មាន​គ្រួស​ក្នុង​តម្រងនោម​ថា ពួកគេ​ឈឺចាប់​ដូច​គេ​ចា​ក់នៅ​ខ្នង ឬ​ពោះ​ផ្នែក​ខាងក្រោម​។ ការឈឺចាប់​នេះ​អាច​រំខាន​តិចតួច រហូតដល់​ខ្លាំងក្លា​។ ការឈឺចាប់​នេះ​អាច​រាលដាល​ទៅ​គ្រលាន​បាន​។​

​អ្នក​ក៏​ប្រហែលជា​មានការ​ឈឺចាប់​ជាប់ ឬ​មាន​បាត់ៗ និង​មាន​លក្ខណៈ​ដូចជា​រលក ប៉ុន្តែ​អាច​ឈឺ​យូរ​បំផុត​ពីរ​បី​នាទី ហើយក៏​បាត់​ទៅវិញ ឬ​អាច​កើតឡើង​ម្តងទៀត​ប្រហែល ១០​នាទី​ក្រោយ​។ ករណីខ្លះ ការឈឺចាប់​អាចមាន​រយៈពេល​យូរ​និង​ខ្លាំងក្លា​ផងដែរ​។ ការប្រែប្រួល​ទៅលើ​កម្រិត​នៃ​ការឈឺចាប់​អាច​នឹង​កើតឡើង​ដោយសារតែ​គ្រួស​នោះ​មាន​ចលនា ឬ​ស្ថិតក្នុង​ទីតាំង​ខុសៗ​គ្នា​។​

​អាកា​រៈ​ផ្សេងៗ​ទៀត​

​ក្រៅពី​ការឈឺចាប់​ខាងលើ រោគសញ្ញា​មួយចំនួនទៀត​ក៏​ប្រហែលជា​អាច​កើតមាន​លើ​ករណី​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​ដែរ​ដូចជា​៖
•    ឈឺ​ពេល​នោម​
•    ទឹកនោម​ល្អក់​
•    ទឹកនោម​មាន​ក្លិន​ខុសធម្មតា​
•    ចេះតែ​ចង់​នោម​លឿន​ជាង​ធម្មតា និង​ញឹកញាប់​

​ទឹកនោម​ដែលមាន​ឈាម​អាច​ដោយសារតែ​គ្រួស​ក្នុង​តម្រងនោម​នោះ​ធ្វើ​ឲ្យ​ទឹកនោម​ប្រែ​ទៅជា​ពណ៌​ត្នោត ផ្កាឈូក ឬ​ក្រហម​។​

​អ្នក​ក៏​គួរតែ​ទៅ​ជួប​ពេទ្យ​ដែរ​បើសិនជា​អ្នកមាន​ការឈឺចាប់​ជាមួយនឹង​អាកា​រៈ​ដូចខាងក្រោម​នេះ​៖
•    ចង្អោ​
•    ក្អួត​
•    គ្រុន​
•    ក្តៅ​
​អាកា​រៈទាំង​នេះ​អាច​បញ្ជាក់ថា អ្នកមាន​ការបង្ក​រោគ​ហើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com