ជាតិ
ក្រសួងព័ត៌មាន ឲ្យ RFA ចុះបញ្ជីសារពើពន្ធសិន ទើបខ្លួនពិនិត្យសំណើចុះបញ្ជី និងបើកការិយាល័យនៅភ្នំពេញ
× ក្រសួងព័ត៌មាន បានប្រាប់ឲ្យ វិទ្យុអាស៊ីសេរី (RFA) ចុះបញ្ជីសារពើពន្ធជាមុនសិន ទើបក្រសួងព័ត៌ មាន ពិនិត្យសម្រេចលើការស្នើសុំចុះបញ្ជី និងបើកការិយាល័យតំណាងវិទ្យុអាស៊ីសេរីប្រចាំនៅភ្នំពេញ។ ក្រសួងព័ត៌មាន បានបញ្ជាក់ថា RFA ដែលបានបើកការិយាល័យតំណាងរបស់ខ្លួននៅភ្នំពេញជាច្រើនឆ្នាំមកហើយ មិនទាន់បានចុះបញ្ជីសារពើពន្ធតាមច្បាប់ពន្ធដាររបស់កម្ពុជានៅឡើយ។
ក្រសួងព័ត៌មាន បានចេញលិខិតមួយ នៅថ្ងៃទី១២ ខែកញ្ញា ប្រាប់ឲ្យ លោកស្រី Libby Liu នាយិកាវិទ្យុអាស៊ីសេរី ប្រចាំក្រុងវ៉ាស៊ីនតោន បំពេញកាតព្វកិច្ច ចុះបញ្ជីសារពើពន្ធជាមុនសិន មុននឹងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ពិនិត្យសម្រេចលើការស្នើសុំចុះបញ្ជី និងបើកការិយាល័យតំណាងវិទ្យុអាស៊ីសេរី ប្រចាំនៅភ្នំពេញ។
នៅក្នុងលិខិតនោះ ក្រសួងព័ត៌មានបានបញ្ជាក់ថា វិទ្យុ RFA បានបើកការិយាល័យតំណាងរបស់ខ្លួននៅភ្នំពេញ ជាច្រើនឆ្នាំមកហើយ ប៉ុន្តែពុំទាន់បានបំពេញកាតព្វកិច្ចចុះបញ្ជីសារពើពន្ធស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារកម្ពុជានៅឡើយទេ។ ដូច្នេះដើម្បីចៀសវាងការអនុវត្តផ្ទុយពីគោលការណ៍ច្បាប់នៃកម្ពុជា អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ស្នើឲ្យវិទ្យុអាស៊ីសេរីបំពេញកាតព្វកិច្ចចុះបញ្ជីសារពើពន្ធតាមច្បាប់កំណត់ជាមុនសិន មុននឹងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ពិនិត្យសម្រេចលើការស្នើសុំចុះបញ្ជី និងបើកការិយាល័យតំណាងវិទ្យុអាស៊ីសេរីប្រចាំនៅក្រុងភ្នំពេញ។
សូមបញ្ជាក់ថា វិទ្យុអាស៊ីសេរី នៅថ្ងៃទី១២ ខែកញ្ញា បានប្រកាសផ្អាកដំណើរការ ការិយាល័យរបស់ខ្លួននៅភ្នំពេញមួយរយៈ ក្រោមហេតុផលមួយចំនួនដូចជាការធ្វើទុកបុកម្នេញ និងគំរាមកំហែងពីអាជ្ញាធរ និងស្ថានការណ៍ចុងក្រោយនេះគឺការតម្រូវឲ្យកាសែត The Cambodia Daily បង់ពន្ធជាង៦លានដុល្លារ និងការបិទវិទ្យមួយចំនួនដែលផ្សាយបន្តកម្មវិធីព័ត៌មានរបស់ RFA VOA និងវិទ្យុVODជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com