អន្តរជាតិ
ស្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​មាន​សិទ្ធិ​បើកបរ​បាន​ហើយ​
28, Sep 2017 , 8:19 am        
រូបភាព
​មហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត Salman bin Abdulaziz Al Saud នៅ​ថ្ងៃទី​២៦ ខែកញ្ញា បានចេញ​បញ្ជា​ផ្ដល់​សិទ្ធិ​ឲ្យ​ស្ត្រី​ទាំងអស់​នៅក្នុង​ប្រទេស​បើកបរ​រថយន្ត​ដោយ​ខ្លួនឯងបាន​។ យ៉ាងណាក្ដី គេ​ត្រូវ​រង់ចាំ​ដល់​ពាក់កណ្ដាល​ឆ្នាំក្រោយ​ឯណោះ ទើប​បញ្ជា​នេះ​ចូល​ជា​ធរមាន​។ ការផ្ដល់​សិទ្ធិ​បើកបរ​នេះ ត្រូវគេ​មើលឃើញថា​ជា​ផ្នែក​មួយ​នៃ​ទស្សនវិស័យ​ឆ្នាំ​២០៣០ សំដៅ​កែទម្រង់​សង្គម និង​សេដ្ឋកិច្ច ខណៈដែល​អា​រ៉ា​ប៊ី​សា​អូឌីត​រង​កា​រិះគន់​យ៉ាងខ្លាំង​លើ​ការបិទ​សិទ្ធិ​ស្ត្រីភេទ​។



​អា​រ៉ា​ប៊ី​សា​អូឌីត គឺជា​ប្រទេស​ចុងក្រោយ​លើ​ពិភពលោក​ដែល​អនុញ្ញាត​ឲ្យ​ស្ត្រី​បើកបរ​រថយន្ត​បាន​។ ព្រះ​ចៅ Salman bin Abdulaziz Al Saud បានចេញ​រាជក្រឹត្យ​ថ្ងៃទី​២៦ ខែកញ្ញា ដោយ​ផ្ដល់​សិទ្ធិ​ឲ្យ​ស្ត្រី​ក្នុង​រាជាណាចក្រ​ឥស្លាម​មួយ​នេះ​អាច​បើក​បរបាន​។ នេះ គឺជា​ការបញ្ចប់​ប្រពៃណី​អភិរក្ស​តឹងរ៉ឹង​មួយ​នៅក្នុង​ប្រទេស​ដែល​អនុវត្ត​តាមច្បាប់​ឥស្លាម Sharia ដែល​ធ្លា​ប់រង​ការរិះគន់​ថា​បាន​បិទ​សិទ្ធិ​ស្ត្រី​ធ្ងន់ធ្ងរ​។

​បើតាម​សារព័ត៌មាន Al Jazeera ព្រះ​ចៅ Salman បាន​បញ្ជា​ឲ្យ​អនុវត្ត​រាជក្រឹត្យ​នេះ​ភ្លាមៗ និង​បង្កើត​គណៈកម្មាធិការ​មួយ​ដើម្បី​ផ្ដល់យោបល់​លើ​បទបញ្ជា​នេះ​ក្នុង​រយៈពេល​៣០​ថ្ងៃ​។ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្ដែង​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ ។ រាជក្រឹត្យ​ដដែល​នេះ ក៏​បង្គាប់​ឲ្យ​បទបញ្ជា​ថ្មី​នេះ​ត្រូវអនុវត្ត​ឲ្យ​ខ្ជាប់ខ្ជួន និង​ស្របតាម​ច្បាប់​ឥស្លាម​។

​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ដែលជា​សម្ព័ន្ធមិត្ត​ដ៏​ធំ​របស់​អាមេរិក ស្ត្រី​ត្រូវ​ស្ថិតក្រោម​អាណាព្យាបាល​របស់​បុរស​ជា​ប្ដី​។ ស្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​ត្រូវសុំ​ការអនុញ្ញាត​ពី​បុរស​ក្នុងការ​បំពេញការងា​រ​ចាំបាច់​របស់ខ្លួន​ដូចជា ការអប់រំ ការរៀប​អាពាហ៍ពិពាហ៍ ការធ្វើដំណើរ និង​សូម្បីតែ​ការព្យាបាល​ជំងឺ​ជាដើម​។ ក្រោម​ច្បាប់​ឥស្លាម​ដ៏​តឹង​រ៉ឺ​ង ស្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​ក៏ត្រូវ​ស្លៀក​សម្លៀកបំពាក់​បិទ​ជិត​តាំងពី​ក្បាល​ដល់​ចុងជើង ហើយ​ការបំពានច្បាប់​នេះ​នឹងត្រូវ​រង​ការពិន័យ​ធ្ងន់ធ្ងរ​មិន​ខាន​។​

​តាមពិតទៅ សិទ្ធិ​របស់​ស្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​ត្រូវបាន​ពង្រីក​យ៉ាងខ្លាំង​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នៅក្រោម​ការដឹកនាំ​របស់​អតីត​មហាក្សត្រ Abdullah bin Abdulaziz ដោយ​ក្នុង​ឆ្នាំ​២០១៣ ព្រះអង្គ​បានតែងតាំង​ស្ត្រី​ច្រើន​នាក់​ក្នុង​ក្រុមប្រឹក្សា​ផ្ដល់យោបល់​ឲ្យ​គណៈរដ្ឋមន្ត្រី​។ មកដល់ រជ្ជកាល​ព្រះ​ចៅ Salman សិទ្ធិ​ស្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​ក៏​ត្រូវបាន​បន្ធូរបន្ថយ​ថែមទៀត ក្រោម​ក្របខណ្ឌ​កែទម្រង់សេដ្ឋកិច្ច និង​ទស្សនវិស័យ​ឆ្នាំ​២០៣០ ។​

​ទស្សនវិស័យ​ឆ្នាំ​២០៣០ គឺជា​នយោបាយ​ដាក់ចេញ​ដោយ​រជ្ជទាយាទ​បច្ចុប្បន្ន​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ក្រោយ​ការ​អស់​ប្រេង ដែល​សព្វ​ថ្ងៃជា​ប្រភព​ចំណូល​ជាតិ​ដ៏​ធំ​។ ការផ្ដល់​សិទ្ធិ​ឲ្យ​ស្រី្ត​បើកបរ ក៏​ជា​យុទ្ធសាស្ត្រ​ជំរុញ​កម្លាំង​ពលកម្ម​ក្នុងស្រុក​ផងដែរ ទោះជា​មានការ​ជំទាស់​ពី​ក្រុម​អភិរក្ស​ជ្រុល​ខ្លះ​ក្ដី​។ យ៉ាងណាមិញ ការអនុវត្ត​ច្បាប់​ឥស្លាម​យ៉ាង​តឹង​រ៉ឺ​ង នឹង​នៅតែ​ជា​ឧបសគ្គ​សម្រាប់​ការអនុវត្ត​សិទ្ធិ​របស់​ស្រី្ត​ភេទ​ដែល​រង​ការ​រឹតត្បិត​ច្រើន​ឆ្នាំ​មកហើយ​នោះ​៕


Tag:
 អា​រ៉ា​ប៊ី​សា​អូឌីត​
  មជ្ឈិមបូព៌ា
© រក្សាសិទ្ធិដោយ thmeythmey.com