ជាតិ
សិល្បះ
សម្តេច ហ៊ុន សែន យក​ថ្ងៃ​ប្រារព្ធ​ទិវា​វប្បធម៌​ដើម្បី​ជួប​សិល្បករ​-​សិល្បការិនី​គ្រប់​ទម្រង់​
29, Sep 2017 , 10:07 am        
រូបភាព
ដោយ: រួបរួម
​សម្តេច ហ៊ុន សែន បានកំណត់​យក​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ទិវា​វប្បធម៌ (៣ មីនា​) ដើម្បី​ជួប​សិល្បករ សិល្បការិនី គ្រប់​ទម្រង់​។ ប្រមុខ​រដ្ឋាភិបាល បានប្រកាស​បែបនេះ​នៅ​វិមាន​សន្តិភាព នា​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស ជូន​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ ដែល​ទើប​ទទួលបាន​ពានរង្វាន់​សិល្បៈ​វប្បធម៌ ក្រុង​ហ្វូ​កូ​អូ​កា នៃ​ប្រទេស​ជប៉ុន​។



​ចាប់ពី​ឆ្នាំ​២០១៨ តទៅ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បន្ថែម​កាលវិភាគ​មួយទៀត ពោលគឺ​មួយឆ្នាំ​ម្តង សម្តេច​ត្រូវ​ជួប​សិល្បករ សិល្បការិនី​ចំ​ទិវា​នៃ​ការ​ប្រារព្ធ​ទិវា​វប្បធម៌ ថ្ងៃទី​៣ ខែមីនា​។ សម្តេច​បាន​បញ្ជាក់ថា ជំនួប​នេះ នឹង​រៀបចំឡើង​នៅ​កោះ​ពេជ្រ ដែល​អាច​ផ្ទុក​អ្នកចូលរួម​ពី​៤០០០​ទៅ​៥០០០​នាក់​។​

​សម្តេច ហ៊ុន សែន បាន​អះអាងថា ជំនួប​នេះ នឹង​ផ្តល់ឱកាស​ដល់​សិល្បករ សិល្បការិនី​គ្រប់​ទម្រង់ មានឱកាស​ផ្លាស់ប្តូរ​យោបល់ និង​បង្ហាញ​សមត្ថភាព​។ ជាមួយគ្នានេះ សម្តេច បាន​ស្នើថា ប្រសិនបើ​ទិវា​វប្បធម៌​ប្រព្រឹត្តទៅ​នៅ​ចុង​សប្តាហ៍ អ្នករៀបចំ​កម្មវិធី​ត្រូវ​ពិចារណា ផ្លាស់ប្តូរ​ពេលវេលា​ដើម្បី​កុំ​ឲ្យ​ជាន់​នឹង​ការប្រគំ​តន្ត្រី​នៅតាម​ស្ថានីយ៍ទូរទស្សន៍​។​

​នា​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស ជូន​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ ដែល​ទើប​ទទួលបាន​ពានរង្វាន់​សិល្បៈ​វប្បធម៌ ក្រុង​ហ្វូ​កូ​អូ​កា (Fukuoka Arts and Culture Prize) នៃ​ប្រទេស​ជប៉ុន សម្តេច ហ៊ុន សែន​បាន​រំលឹក​ពី​ការ​រស់​ឡើងវិញ​នៃ​សិល្បៈ​វប្បធម៌​ខ្មែរ​។​

«​ទទួលទាន​ផ្លែឈើ នឹក​ដល់​អ្នក​ដាំ​ដើម ផឹកទឹក​នឹក​ប្រភព​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច ហ៊ុន សែន ដោយ​រំលឹក​ពី​ការប្រឹងប្រែង​ស្តារ​ទម្រង់​សិល្បៈ​ខ្មែរ​ឲ្យ​រស់​ឡើងវិញ ក្នុងនោះ លោក កែវ ចិន្តា ព្រឹទ្ធាចារ្យ ឆេង ផុន បាន​ចូលរួម​យ៉ាង​ផុសផុល​។​

​សម្តេច ហ៊ុន សែន បាន​លើកឡើងថា សម្តេច​បាន​ជួប​ព្រឹទ្ធាចារ្យ គង់ ណៃ កាលពី​អំឡុង​ឆ្នាំ​១៩៨២ នៅ​ខេត្តកំពត ហើយ​នៅពេលនោះ សម្តេច បានស្នើ​ទៅ​សភា ដើម្បី​នាំយក​គាត់​ទៅ​ច្រៀង​នៅ​មហា​ស្រព​ចាស់ [​ក្រោយមក គេ​ស្គាល់​ជាទូទៅ​ថា មហោស្រព​ឆេះ​]​។​

​ជាមួយគ្នានេះ សម្តេច​បានកត់សម្គាល់​ថា ចលនា​សិល្ប​មហាជន មានការ​រីកដុះដាល​គ្រប់​ទីកន្លែង ក្នុងដំណាក់កាល​នៃ​ការស្តារ​វិស័យ​សិល្បៈ​ក្រោយ​របប​ខ្មែរក្រហម ដោយ​រាល់​បណ្តា​ខេត្ត​សុទ្ធ​តែមាន​វង់​ល្ខោនបាសាក់ យីកេ អា​យៃ ចាប៉ី ជាដើម ប៉ុន្តែ​ក្រោយ​វត្តមាន​សេដ្ឋកិច្ច​ទីផ្សារ​ប្រកួតប្រជែង ចលនា​សិល្បៈ​មហាជន​មិនសូវមាន​ច្រើន​ដូច​មុន​ឡើយ​។​

«​ពានរង្វាន់​ហ្វុ​គុ​អូ​កា​» ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩០ ក្នុង​គោលបំណង​ផ្តល់​កិត្តិយស​ដល់​បុគ្គល ក្រុម ឬ​ស្ថាប័ន​ណា  ដែលមាន​ស្នាដៃ​លេចធ្លោ ក្នុងការ​ថែរក្សា និង​ការបង្កើត​នូវ​វប្បធម៌​អាស៊ី​មួយ ប្រកបដោយ​លក្ខណៈពិសេស​និង​ភាព​ចម្រុះ ដែល​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​វប្បធម៌​ទៅវិញទៅមក និង​លើកកម្ពស់​ការយល់ដឹង​អំពី​តម្លៃ​នៃ​វប្បធម៌​អាស៊ី​។​

​នា​ពិធី​ដែលមាន​ការចូលរួម​ពី​សិល្បករ សិល្បការិនី​ជើងចាស់​ជាច្រើន សម្តេច ហ៊ុន សែន​បាន​បំពាក់​គ្រឿង​ឥស្សរ​ឥស្សរិយយស ជូន​ព្រឹទ្ធាចារ្យ គង់ ណៃ និង​ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន រួមទាំង​ប្រាក់ឧបត្ថម្ភ​ផងដែរ​៕



Tag:
 គង់ ណៃ​
  ប្រាជ្ញ ឈួន​
© រក្សាសិទ្ធិដោយ thmeythmey.com