អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​ថា​វា​ដល់​ពេលដែល​ត្រូវ​ពិចារណា​ពី​ចំណាត់ការ​លើ​មី​យ៉ាន់​ម៉ា​ហើយ​
30, Sep 2017 , 10:59 pm        
រូបភាព
ដោយ:
 
​តំណាង​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​ហៅ ការ​ធ្វើទុក្ខបុកម្នេញ​ជ​ន​ជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជា​រឿង​ដ៏​គួរ​ឲ្យ​អាម៉ាស់​សម្រាប់​រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា​។ អាមេរិក​ក៏​ទទូច​ឲ្យ​អង្គការសហប្រជាជាតិ​ពិចារណា​ចាត់​ចំណាត់​បង្ខំ​ឲ្យ​មី​យ៉ាន់​ម៉ា​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ជន​ជាតិ​រ៉ូ​ហ៊ីង​យ៉ា​និង​ដោះស្រាយ​វិបត្តិ​នេះ​។​


​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ថ្ងៃ​២៨ ខែកញ្ញា ឯកអគ្គរដ្ឋទូត​អាមេរិក​អ្នកស្រី​Nikki Haley ថ្ថា ការ​ធ្វើទុក្ខបុកម្នេញ​ជ​ន​ជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជា​រឿង​ដ៏​អាម៉ាស់​របស់​រដ្ឋាភិបាល​លោកស្រី អ៊ុង​សាន ស៊ូ​ជី​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នកស្រី​មិន​ស្ទាក់ស្ទើរ​ឡើយ​ក្នុងការ​អះអាងថា សកម្មភាព​របស់​មី​យ៉ាន់​ម៉ា​ជា​អំពើ​ឃោរឃៅ និង​បោសសម្អាត​ជនជាតិភាគតិច​ទៀត​។​
 
«​មី​យ៉ាន់​ម៉ា​កន្លងមក​បាន​ព្យាយាម​យ៉ាងខ្លាំង​ក្នុងការ​រៀនសូត្រ​ពី​របប​ដឹកនាំ​បែប​ប្រជាធិបតេយ្យ ។​ប៉ុន្តែ វា​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​ណាស់​ដែល​កងសន្តិសុខ​មី​យ៉ាន់​ម៉ា​បាន​ធ្វើទុក្ខបុកម្នេញ​ជន​ជាតិ​រ៉ូ​ហ៊ីង​យ៉ា​។​ហើយ​ជុំវិញ​បញ្ហា​នេះ យើង​ត្រូវតែ​ពិចារណា​ចេញ​វិធានការ​លើ​មី​យ៉ាន់​ម៉ា ព្រោះ​វិធានការ​ការទូត​ដែល​យើង​ប្រើ​ជាមួយ​មី​យ៉ាន់​ម៉ា​មិនមាន​ប្រសិទ្ធិភាព​ឡើយ​»​។ នេះ​ជា​សម្ដី​របស់​អ្នកស្រី​Nikki Haley​ដែល​បាន​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​AFP​។​
 
​កន្លង​អង្គការសហប្រជាជាតិ​បានចាត់ទុក​ការ​ធ្វើទុក្ខបុកម្នេញ​រប​ស់​រ៉ូ​ហ៊ីង​យ៉ា​ថា​ជាការ​បោសសម្អាត​ជនជាតិភាគតិច ហើយ​ពាក្យសម្ដី​របស់​អ្នកស្រី Nikki Haley នេះ​បានបង្ហាញ​ពី​ការរិះគន់​មី​យ៉ាន់​ម៉ា​កាន់តែខ្លាំង​ពី​សំណាក់​ក្រុង​វ៉ាស៊ីនតោន​។​
 
​គួរ​បញ្ជាក់ដែរថា អ្នកស្រី អ៊ុង​សាន ស៊ូ​ជី ដែលជា​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា និង​ជា​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​រង​ការរិះគន់​យ៉ាងខ្លាំង​ជុំវិញ​ការមិន​ដោះស្រាយ​វិបត្តិ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។ ប៉ុន្តែ​អ្នកគាំទ្រ​អ្នកស្រី សូ​ជី អះអាងថា​បាន អ្នកស្រី​មិនមាន​អំណាច​ពេញលេញ​ក្នុងការ​គ្រប់គ្រង ឬ​បញ្ជា​កងសន្តិសុខ​ឡើយ ព្រោះថា​លោកស្រី​មាន​កិច្ចព្រមព្រៀង​បែងចែក​អំណាច​ជាមួយ​ក្រុម​យោធា​ក្រោយ​ការបោះឆ្នោត​ប្រជាធិបតេយ្យ​ឆ្នាំ​២០១៥ ៕
 

Tag:
 Nikki Haley
  អ៊ុង​សាន ស៊ូ​ជី​
 ​ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com