អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាវា​ដឹក​យន្តហោះ Ronald Reagan នឹងចូលរួម​សមយុទ្ធ​ជាមួយ​កូរ៉េខាងត្បូង គំរាម​កូរ៉េខាងជើង​
01, Oct 2017 , 10:19 pm        
រូបភាព
 ​កង​នាវា​អាមេរិក​ដឹកនាំ​ដោយ​នាវា​ដឹក​យន្តហោះ Ronald Reagan នឹងចូលរួម​សមយុទ្ធ​យោធា ជាមួយ​កងទ័ពជើងទឹក​កូរ៉េខាងត្បូង​នៅ​សមុទ្រ​ចិន​ខាងកើត ហើយ​នាវា​នេះ​នឹង​ចូល​សំចត​នៅ​ទឹកដី​ហុងកុង​នៅ​សប្តាហ៍​ក្រោយ​នេះដែរ​។ វត្តមាន​នាវាចម្បាំង​អាមេរិក​ក្នុង​សមុទ្រ​យោធា​នេះ​កើតឡើង​ចំ​ដែល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កាន់តែ​តានតឹង​។​

 
​កង​នាវា​អាមេរិក​ដឹកនាំ​ដោយ​នាវា​ដឹក​យន្តហោះ Ronald Reagan នឹងចូលរួម​សមយុទ្ធ​យោធា​មួយ​កងទ័ពជើងទឹក​កូ​រ៉េ​ខាងត្បូង​នៅ​ថ្ងៃ ១៥ ខែតុលា​ខាងមុខនេះ​។ កន្លងមក​នាវា​នេះ​ក៏បាន​ចូលរួម​សមយុទ្ធ​ជាមួយ​កងកម្លាំង​អូស្ត្រាលី និង​ជប៉ុន​រួចហើយ​ដែរ​។ 
 
​សារព័ត៌មាន Korea Herald បាន​ស្រង់​សម្តី​មន្ត្រី​យោធា​អាមេរិក​ដូច្នេះ​ថា​៖« យើង​កំពុង​ពិភាក្សា​ពី​គម្រោង​ពង្រាយ​ក្រុម​នាវា​របស់​យើង​រួមជាមួយ​នាវា​ដឹក​យន្តហោះ USS Ronald Reagan ទៅកាន់​សមុទ្រ​ចិន​ខាងកើត​នៅ​ថ្ងៃ ១៥ ខែតុលា​ខាងមុខ​»​។  
 
«​កង​ម្លាំ​ង​យោធា​ទាំងសងខាង​នឹង​ចាប់ផ្តើម​សមយុទ្ធ​រួម​កម្រិត​ខ្ពស់​មួយ​នៅក្នុង​សមុទ្រ រួមជាមួយ​កងទ័ពជើងទឹក​ផងដែរ​»​។​
 
​សារព័ត៌មាន​កូរ៉េខាងត្បូង​ដដែល​ក៏​ផ្សាយ​ថា ក្រុម​នាវា​អាមេរិក​ដែល​នឹងចូលរួម​សមយុទ្ធ​នោះ​រួមមាន​ទាំង​នាវាចម្បាំង នាវាមុជទឹក និង​នាវា​ដឹក​យន្តហោះ Ronald Reagan​។ សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​រួមគ្នា​នេះ​គឺ​ផ្តោត​សំខាន់​លើ​ការហ្វឹកហ្វឺន​សម​ចាប់​សញ្ញា និង​បាញ់​កម្ទេច​កាំជ្រួច​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។ ភាគី​ទាំងពីរ​ក៏​ប្រហែលជា​នឹង​ត្រៀម​រៀបចំ​លំ​ហាត់​យោធា​ប្រឆាំង​នាវាមុជទឹក​ក្នុងពេល​ខាងមុខ​។​
 
​គោលដៅ​នៃ​ការធ្វើ​លំ​ហាត់​យោធា​នេះ ក៏​ដើម្បី​ពង្រឹង​សម្ព័ន្ធភាព​រវាង​អាមេរិក និង​កូរ៉េខាងត្បូង ជាពិសេស​បង្កើត​សមត្ថភាព​ក្នុងការ​ឆ្លើយតប​ការគំរាមកំហែង​នានា​ដែល​បង្កឡើង​ដោយ​កូរ៉េខាងជើង​ផងដែរ​។​
 
​កន្លងមក​កូរ៉េខាងជើង​បាន​គំរាម​បាញ់​មី​ស៊ី​ល​ទៅកាន់​សមុទ្រ​ជុំវិញ​កោះ​ហ្គា​ម​របស់​អាមេរិក ដើម្បី​បង្អួត​ពី​សមត្ថភាព​របស់ខ្លួន​ថែមទៀត​។​ក្រៅពីនេះ​កូរ៉េខាងជើង​ក៏បាន​បន្ត​បាញ់​សាកល្បង​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​ខ្លូន​ជា​បន្តបន្ទាប់​ដោយ​មិន​ខ្លាច​ការគំរាមកំហែង​ពី​សំណាក់​អាមេរិក​បន្តិច​សោះ​។ 
 
​ដោយឡែក​ដើម្បី​សម្ញែង​កម្លាំង​គំរាម​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង រដ្ឋបាល​ដូ​ណា​ល់ ត្រាំ ក៏បាន​បញ្ជា​ឲ្យ​កងទ័ព​ជើង​អាកាស​អាមេរិក​ប្រើប្រាស់​យន្តហោះ​ទម្លាក់​គ្រាប់ B-1B និង​យន្តហោះ​ច​ម្បាំ​ជាច្រើន​គ្រឿង​ហោះ​ទៅ​កៀក​កូរ៉េខាងជើង​កាលពី​ថ្ងៃ ២៣ ខែកញ្ញា​៕
 

Tag:
 USS Ronald Reagan. កូរ៉េខាងជើង​
  ដូ​ណា​ល់​ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com