ជាតិ
សម្ដេច ហ៊ុន សែន ថា ករណី​ឯកឧត្តម កឹម សុខា មិនមែន​បញ្ចប់​ត្រឹម​ចាប់ខ្លួន​មនុស្ស​ម្នាក់​ទេ​
02, Oct 2017 , 9:52 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា ករណី​ឯកឧត្តម កឹម សុខា មិនមែន​បញ្ចប់​ត្រឹម​ការចាប់ខ្លួន ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​នោះទេ ពោលគឺ​អាចឈាន​ទៅរក​ការចាប់ខ្លួន​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​។ សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា ករណី​ឯកឧត្តម កឹម សុខា ដែល​រដ្ឋាភិបាល​ចាត់ទុកជា​អំពើ​ក្បត់ជាតិ​នេះ មានការ​រៀបចំ​ជា​ប្រព័ន្ធ ដែល​ត្រូវ​តាមដាន​នឹង​ចាប់ខ្លួន​បន្តទៀត​។​ប្រមុខ​រដ្ឋាភិបាល ព្រលយ​ពាក្យ​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​សណ្ឋាគារ និង​រមណីយដ្ឋាន​សុខា សៀមរាប​នៅ​ព្រឹក​ថ្ងៃទី​២ តុលា​នេះ​។​



​កន្លងមក​នាយករដ្ឋមន្ត្រី ក៏បាន​និយាយ​ចំៗ​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់  ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឯកឧត្តម កឹម សុខា បាន​ចេញពី​កម្ពុជា​ឆ្លងដែន​ចូល​ទឹកដី​ថៃ​។ បើតាម​សម្ដេច ហ៊ុន សែន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ឆ្លងដែន​ទៅ​ថៃ​នេះ គឺមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ពាក់ព័ន្ធ​នឹង​ករណី​ប្រធាន​បក្សប្រឆាំង កាលពី​ឆ្នាំ​២០១៣​។​

​ឯកឧត្តម កឹម សុខា ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ដោយ​រង​បទ​ចោទ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» ដែល​បទល្មើស​នេះ ស្ថិតក្នុង​អំពើ​ក្បត់ជាតិ ក្រោយពី​មាន​វីដេអូ​ឃ្លី​ប កាលពី​ឆ្នាំ​២០១៣ ផុស​ឡើង​តាមរយៈ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​៕


Tag:
 ហ៊ុន សែន​
 ​ កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com