សិល្បះ
អន្តរជាតិ
ក្រោយ​ស្ថាបនិក​ស្លាប់​ក្នុង​អាយុ​៩១​ឆ្នាំ មតិ​ខ្លះ​ថា Playboy នាំ​ស្ត្រី​ឲ្យ​មាន​សេរីភាព​
03, Oct 2017 , 8:19 am        
រូបភាព
ដោយ: ធីតា
​លោក Hugh Hefner ស្ថាបនិក​ទស្សនា​វ​ដ្តី Playboy បានទទួល​មរណភាព​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ក្នុង​អាយុ​៩១​ឆ្នាំ​។  ទន្ទឹមនឹង​ការរិះគន់ ទស្សនា​វ​ដ្តី​អាសអាភាស​ដែលមាន​អាយុកាល​ជាង​៦៣​ឆ្នាំ​មួយ​នេះ ត្រូវបាន​ចាត់ទុកថា ជា​ចលនា​ជំរុញ​ឲ្យ​ស្ត្រី​មានគំនិត និង​ទង្វើ​បើកទូលាយ​ជាង​មុន​។​



​លោក Hugh Hefner គឺជា​អតីត​សកម្មជន​ម្នាក់​ដែល​ទាមទារ​ឲ្យ​មាន​សេរីភាព​ផ្នែក​ផ្លូវភេទ និង​សេរីភាព​ក្នុង​បញ្ចេញមតិ បន្ថែម​ពីលើ​នេះ​លោក​ក៏​ជា​អតីត​សកម្មជន​នយោបាយ និង​ជា​អ្នកជំនួញ​ផងដែរ​។ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​បុរស​ជន​ជាតិ​អាមេរិក​រូបនេះ ទស្សនា​វ​ដ្តី Playboy ត្រូវបាន​ចេញផ្សាយ​ជា​លើកដំបូង​នៅ​ខែធ្នូ ឆ្នាំ​១៩៥៣ ដោយមាន​ទីស្នាក់ការ​នៅ​ក្រុង​ឈី​កា​ហ្គោ រដ្ឋ Illinois ។​



​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា លោក Hefner ទទួលមរណភាព​នៅផ្ទះ​របស់ខ្លួន​ក្នុង​ក្រុង​ឡូ​ស​អេ​ន​ជឺ​លែស រដ្ឋ California ក្នុង​អាយុ​៩១​ឆ្នាំ​។ ក្រោយ​ការស្លាប់​លោក Hefner មានការ​លើកឡើង​ផ្សេងៗ​គ្នា ទាក់ទង​នឹង​គុណវិបត្តិ ក៏ដូចជា​គុណសម្បត្តិ​របស់​ទស្សនា​វ​ដ្តី Playboy​។​

​ស្រប​ពេលដែល​មានការ​លើកឡើងថា Playboy ធ្វើ​ឲ្យ​ស្ត្រី​អាប់ឱន មតិ​ខ្លះ​បាន​មើលឃើញ​ពី​គុណសម្បត្តិ និង​ការ​ខំប្រឹង​ប្រឹង​របស់លោក Hefner នា​រយៈពេល​ជាង​៦​ទសវត្សរ៍​កន្លងមក​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Van Guard​។​

​អ្នកស្រី Carrie Pitzulo សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Colorado State University យល់ថា Playboy ជា​ទស្សនា​វ​ដ្តី​ដ៏​អាសអាភាស​បំផុត ប៉ុន្តែ​គាត់​ក៏​មើលឃើញ​ផងដែរ​ថា វា​ផ្តល់​សារ​លើកទឹកចិត្ត​ជាច្រើន​ដល់​ស្ត្រី​។ អ្នកស្រី​ក៏បាន​កត់សម្គាល់​ផងដែរ​ថា Playboy និង​លោក Hefner បាន​ចូលរួម​យ៉ាង​ខ្លាំងក្លា​ក្នុងការ​លើកកម្ពស់​សកម្ម​ភាព​ស្ត្រី​ក្នុងសង្គម​។​



​បើតាម​អ្នកស្រី Pitzulo ទស្សនា​វ​ដ្តី Playboy ចង់​ប្រាប់​ពិភពលោក​ថា ស្ត្រី​ស្អាតៗ​ក៏​ចូលចិត្ត​និយាយ​រឿង​ផ្លូវភេទ​ផងដែរ​។ លោក Frederick Lane អ្នកនិពន្ធ​សៀវភៅ​ម្នាក់​នៅ​ទីក្រុង​ញូវយ៉ក បាន​វាយតម្លៃថា លោក Hefner បាន​ពង្រឹង​សេរីភាព​របស់​ស្ត្រី​ក្នុងការ​និយាយ​ដោយ​បើកចំហរ​ពី​បញ្ហា​ផ្លូវភេទ​។​

​ជាមួយគ្នានេះ​ផងដែរ អ្នកស្រី Jennifer Lena មកពី​សាកលវិទ្យាល័យ Columbia University បានកត់សម្គាល់​ឃើញថា Playboy មិនមែន​សំដៅ​តែ​លើ​បញ្ហា​ផ្លូវភេទ​នោះឡើយ ប៉ុន្តែ​វា​បាន​ចូលរួមចំណែក​ការពារ​សេរីភាព​សារព័ត៌មាន និង​ជំរុញ​ឲ្យ​ស្ត្រី​ចេះ​ទាមទារ​តម្លៃ​របស់ខ្លួន​ក្នុងសង្គម​។​

​ទោះបីជា​យ៉ាងណាក៏ដោយ លោក Hefner ក៏​នៅតែ​រង​ការរិះគន់​ពី​អ្នក​អភិរក្ស​វប្បធម៌​ដដែល ពីព្រោះ​ពួកគេ​យល់ថា Playboy ក៏ដូចជា​លោក Hefner បានធ្វើ​ឲ្យ​របត់​ប្រពៃណី​កាន់តែ​រងគ្រោះថ្នាក់ និង​គ្មាន​ស្តង់ដារ​ច្បាស់លាស់​។​

Marilyn Monroe គឺជា​តារា​ទីមួយ​ប្រចាំការ​ផ្សាយ​លេខ​ដំបូង​របស់ Playboy កាលពី​ខែធ្នូ​ឆ្នាំ​១៩៥៣​។ តារា​ល្បីៗ​ផ្សេងទៀត​លើ​ពិភពលោក​ដែល​ថតរូប​ស៊ិ​ច​ស៊ី និង​ស្រាត នៅលើ​ទំព័រមុខ Playboy រួមមាន​ដូចជា Terry Ryan, Janet Pilgrim, Lisa Winters, Linda Vargas, Lari Laine, Heidi Becker, Lynn Schiller, Lynda Wiesmeier, Sharon Stone, Pamela Anderson, Caprice, Elizabeth Gracen, Anna Nicole Smith, Amber Smith, Cindy Crawford, Jenny McCarthy, Naomi Campbell, Bijou Phillips, Carmen Electra, Bai Ling, Vida Guerra, Tara Reid ជាដើម​៕





Tag:
 Hugh Hefner
  Playboy
© រក្សាសិទ្ធិដោយ thmeythmey.com