ជាតិ
សង្គមជាតិ
រដ្ឋាភិបាល​គាំទ្រ​ផែនការ​«​គន្លង​អាជីព​គ្រូបង្រៀន​» ដើម្បី​រក្សា​គ្រូ នាយក និង​អ្នកស្រាវជ្រាវ​ដែល​ពូកែ​
09, Oct 2017 , 7:59 am        
រូបភាព
លោក ហង់ ជួន ណារ៉ុន ថ្លែងក្នុងទិវាគ្រូបង្រៀន នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ (រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន)
លោក ហង់ ជួន ណារ៉ុន ថ្លែងក្នុងទិវាគ្រូបង្រៀន នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ (រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន)
ដោយ:
​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានស្នើ​ឲ្យ​រាជរដ្ឋាភិបាល គាំទ្រ​គោលនយោបាយ​«​គន្លង​អាជីព​របស់​គ្រូបង្រៀន​» ដែលជា​គោលនយោបាយ​មាន​គោលដៅ រក្សា​គ្រូ​ល្អ នាយក​ល្អ អ្នកស្រាវជ្រាវ​ពូកែ ឲ្យ​នៅ​បម្រើ​ការងារ​ក្នុង​ប្រព័ន្ធ​អប់រំ បាន​កាន់តែ​យូរ​។ បើតាម​លោក ហង់ ជួន ណា​រ៉ុ​ន «​គន្លង​អាជីព​របស់​គ្រូបង្រៀន​»​នេះ ជា​គោលនយោបាយ​មួយ​ក្នុងចំណោម​៦ ដែល​ក្រសួង​អប់រំ​បានដាក់​ចេញ ដើម្បី​បង្កើន​ធនធានមនុស្ស​ដែលមាន​គុណភាព ស្របតាម​តម្រូវការ​ទីផ្សារ​ក្នុង​សតវត្ស​ទី​២១​នេះ​។ សម្តេច ហ៊ុន សែន បាន​ឆ្លើយតប​ជា​វិជ្ជមាន​ភ្លាមៗ​ផងដែរ​។



​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានស្នើ​ឲ្យ​រាជរដ្ឋាភិបាល គាំទ្រ​គោលនយោបាយ​«​គន្លង​អាជីព​របស់​គ្រូបង្រៀន​» ដែលជា​គោលនយោបាយ​មាន​គោលដៅ រក្សា​គ្រូ​ល្អ នាយក​ល្អ អ្នកស្រាវជ្រាវ​ពូកែ ឲ្យ​នៅ​បម្រើ​ការងារ​ក្នុង​ប្រព័ន្ធ​អប់រំ បាន​កាន់តែ​យូរ​។ ការស្នើ​នេះ ធ្វើឡើង​ក្នុង​ទិវា​គ្រូបង្រៀន ដែល​ប្រព្រឹត្តទៅ​កាលពី​៥ ខែតុលា​។​

«​គន្លង​អាជីព​របស់​គ្រូបង្រៀន​» ជា​គោលនយោបាយ​មួយ​ក្នុងចំណោម​៦ ដែល​ក្រសួង​អប់រំ​បានដាក់​ចេញ ដើម្បី​បង្កើន​ធនធានមនុស្ស​ដែលមាន គុណភាព ស្របតាម​តម្រូវការ​ទីផ្សារ​ក្នុង​សតវត្ស​ទី​២១​នេះ​។ គោលនយោបាយ​ទាំងនោះ មានដូចជា ការទាក់ទាញ​អ្នកមាន សមត្ថភាព ឲ្យ​ចូលធ្វើ​គ្រូបង្រៀន លើកកម្ពស់​សមត្ថភាព និង​គុណភាព​គ្រូ  បង្កើន​ប្រសិទ្ធភាព និង​គុណភាព​នៃ​ការបំពេញ​ការងារ និង​អភិវឌ្ឍន៍​វិជ្ជាជីវៈ​គ្រូបង្រៀន និង​ការលើកទឹកចិត្ត និង​លើកកម្ពស់​លក្ខខណ្ឌ​ការងារ និង​ការរស់នៅ​របស់​គ្រូបង្រៀន​។​

​ថ្លែង​ក្នុង​ទិវា​គ្រូបង្រៀន កាលពី​ថ្ងៃទី​៥ ខែតុលា លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ  ហង់ ជួន ណា​រ៉ុ​ន បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​អប់រំ បាន​យល់​ជាក់ច្បាស់​ថា គ្រូបង្រៀន ជា​តួអង្គ​សំខាន់បំផុត  ជា​ស្ថាបត្យករ និង​ជា​វិស្វករ និង​ជា​អ្នក​អភិវឌ្ឍន៍​ផងដែរ​។  ដូច្នេះហើយ បានជា​ក្រសួង​បាន​បន្ត​កិច្ច​ខិ​ត្ត​ខំប្រឹងប្រែង អភិវឌ្ឍន៍ វិស័យ​អប់រំ​នេះ​ជា​បន្តបន្ទាប់ និង​ឥតឈប់ឈរ​។ ក្នុងនោះ ដើម្បី​ឆ្លើយតប​ចក្ខុវិស័យ​របស់​រាជ​ដ្ឋា​ភិ​បាល ប្រែក្លាយ​កម្ពុជា ពី​ប្រទេស​មាន​ចំណូល​កម្រិត​មធ្យម ទៅ​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ក្រសួង​អប់រំ បាន​អនុវត្ត​កម្មវិធី​កំណែទម្រង់​ជាច្រើន​ដើម្បី​លើកកម្ពស់​គុណភាព និង​គុណ​តម្លៃ​គ្រូបង្រៀន​។  ជាក់ស្តែង​ប្រាក់បៀវត្ស​គ្រូបង្រៀន​អតិបរមា បាន​បន្ត​កើនឡើង ពី​៤០​ម៉ឺន​រៀល ក្នុង​ឆ្នាំ​២០១៣ ដល់​៩៥​ម៉ឺន​រៀល ក្នុង​ឆ្នាំ​២០១៧ និង​កើន​ដល់​ជាង​១​លាន​រៀល នៅ​ឆ្នាំ​២០១៨​។ ប្រាក់​ឧ​ប​ត្ត​ម្ភ គ្រូបង្រៀន​នៅ​ជនបទ និង​តំបន់​ដាច់ស្រយាល គ្រូបង្រៀន​ជាប់កិច្ចសន្យា និង​មន្ត្រី​ជាប់កិច្ចសន្យា ក៏ត្រូវ​បាន​បង្កើន​ជា​បន្តបន្ទាប់​ផងដែរ​។

​ក្រសួង​បាន​ខិតខំ​បង្កើន​សមត្ថភាព​គ្រូ នាយក​សាលា និង​មន្ត្រី​អធិការកិច្ច តាមរយៈ​ការបណ្ដុះបណ្ដាល​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ឆ្ពោះទៅ​កម្រិត​បរិញ្ញាបត្រ​តាម​ប្រព័ន្ធ​ព​ន្លឿ​ន និង​កម្មវិធី​បណ្តុះបណ្តាល​ផ្សេងៗ​របស់​ក្រសួង​អប់រំ​។ នេះ​បើតាម លោក ហង់ ជួន ណា​រ៉ុ​ន ដែល​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​បុគ្គលិក​អប់រំ​ទូទាំងប្រទេស​មាន​ចំនួន ១១៦,៤៥៧​នាក់ ក្នុងនោះ​ស្ដ្រី ៤៤.៥ ភាគរយ ក្នុងនោះ​មាន​បុគ្គលិក​បម្រើ​ការងារ​ថ្នាក់ជាតិ ចំ​នួន​៣,០៨២​នាក់ និង​ថ្នាក់ក្រោម​ជាតិ​ចំនួន​១១៣,៣៧៥​នាក់​។​

​សូមបញ្ជាក់ថា នៅ​ឆ្នាំនេះ​កម្ពុជា ប្រារព្ធ​ទិវា​គ្រូបង្រៀន ក្រោម​ប្រធានបទ​«​គ្រូបង្រៀន គឺជា​ជា​វិស្វករ​ព្រលឹង នៃ​យុវជន​ជំនាន់​ក្រោយ​»​។ ក្រោយ​ទទួលបាន​សំណូមពរ​ពី​រដ្ឋមន្ត្រី​ស្តីពី​ការជំរុញ​ផែនការ​«​គន្លង​អាជីព​គ្រូបង្រៀន​» សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញ​ការគាំទ្រ​ភ្លាមៗ ផងដែរ​៕


Tag:
 ហង់ ជួន ណា​រ៉ុ​ន​
 ​ គ្រូបង្រៀន​
© រក្សាសិទ្ធិដោយ thmeythmey.com