អន្តរជាតិ
មន្ត្រី​ចិន​ជាង​១​លាន​នាក់​រង​ពិន័យ​ករណី​ពុករលួយ​ក្នុង​យុទ្ធនាការ​កណ្ដាប់ដៃ​ដែក​របស់ ស៊ី ជិន​ភីង​
09, Oct 2017 , 9:49 am        
រូបភាព
លោក ស៊ី ជិនភីង អគ្គលេខាធិការបក្សកុម្មុយនីស្ត និងជាប្រធានាធិបតីចិន (រូបភាព៖ Xinhua)
លោក ស៊ី ជិនភីង អគ្គលេខាធិការបក្សកុម្មុយនីស្ត និងជាប្រធានាធិបតីចិន (រូបភាព៖ Xinhua)
​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​នៃ​បក្ស​កុម្មុយនីស្ត​ចិន​និយាយថា មន្ត្រី​ថ្នាក់ក្រោម​ប្រហែល​១,៣៤​លាន​នាក់ រង​ពិន័យ​ក្នុងករណី​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​រយៈពេល​៥​ឆ្នាំ​នៃ​យុទ្ធនាការ​បោសសម្អាត​អំពើពុករលួយ​។ អគ្គលេខាធិការ​បក្ស ស៊ី ជិន​ភីង ជា​អ្នក​ដាក់ចេញ​យុទ្ធនាការ​នេះ​ចាប់តាំងពី​លោក​ឡើងកាន់​អំណាច​ភ្លាម ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ចិន​ក្លាយជា​សង្គម​ស្អាតស្អំ​។ មិន​ត្រឹមតែ​មន្ត្រី​តូចតាច​ទេ មន្ត្រី​គ្រាក់ៗ​ខ្លះ​ក៏ត្រូវ​ទទួលទោស​ដោយសា​រ​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​នេះ​។



​គណៈកម្មការ​មជ្ឈិម​ត្រួតពិនិត្យ​វិន័យ​នៃ​បក្ស​កុម្មុយនីស្ត​ចិន ដែល​ទទួលបន្ទុក​ការងារ​បោសសម្អាត​អំពើពុករលួយ នៅ​ថ្ងៃទី​៨ ខែតុលា បានចេញ​ផ្សាយ​របាយការណ៍​នៃ​សកម្មភាព​របស់ខ្លួនរ​យៈ​ពេល​៤​ឆ្នាំ​មកនេះ​។ បើតាម​គណៈកម្មការ​នេះ ចាប់តាំងពី​ឆ្នាំ​២០១២​មក មន្ត្រី​កាន់តំណែង​ទាប​ចំនួន​១,៣៤​លាន​នាក់ ត្រូវបាន​ដាក់ពិន័យ​ចំ​ពោះ​កំហុស​របស់​ពួកគេ ដោយមាន​ទាំង​ការបណ្ដេញ​ចេញពី​តំណែង និង​ការកាត់ទោស​ដាក់ពន្ធនាគា​រ​ជាដើម​។​

​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ គឺជា​គោលនយោបាយ​សំខាន់​មួយ​របស់លោក ស៊ី ជិន​ភីង ដែលជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​រយៈពេល​៥​ឆ្នាំ​មកហើយ​។ យុទ្ធនាការ​កណ្ដាប់ដៃ​ដែក​នេះ ផ្ដោតលើ​គ្រប់មុខ​សញ្ញា​ទាំងអស់​ចាប់តាំងពី «​មន្ត្រី​ខ្លា​» រហូតដល់ «​មន្ត្រី​រុយ​»​។ នយោបាយ​នេះ​ទំនងជា​អាទិភាព​សំខាន់​របស់លោក ស៊ី ជិន​ភីង ក្នុង​កិច្ចប្រជុំ​សមាជ​បក្ស​កុម្មុយនីស្ត​លើក​ទី​១៩ ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៨ ខែតុលា ហើយ​ដែល​គេ​រំពឹងថា លោក​នឹង​បន្ត​ក្ដោប​អំណាច​ទៀត​។​

​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ចិន Xinhua ក្នុង​ចន្លោះពេល​សមាជ​លើក​ទី​១៨ ឆ្នាំ​២០១២ មកទល់​ខែមិថុនា ឆ្នាំ​២០១៧ មន្ត្រី​ថ្នាក់ក្រុង និង​មន្ត្រី​ថ្នាក់មូលដ្ឋាន​រាប់សែន​នាក់ សុទ្ធតែ​ត្រូវ​ទទួលពិន័យ ដែល​ភាគច្រើន​ជា​ករណី​ពុករលួយ​តូចតាច​។ ទន្ទឹមនឹង​ការ​បោសសម្អាត​អំពើពុករលួយ​នៅ​ថ្នាក់ក្រោម មន្ត្រីជាន់ខ្ពស់​ជាច្រើន​នាក់ រួមបញ្ចូល​ទាំង​ថ្នាក់ដឹកនាំ​ខ្លះ និង​មន្ត្រី​យោធា​ដែរនោះ ក៏ត្រូវ​រង​ពិន័យ​ដោយសារ​កំហុស​នេះដែរ​។​

​អតីត​ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​វិន័យ លោក Zhou Yongkang អតីត​អភិបាលក្រុង​ចុង​ឈី​ង​ចំនួន​ពីរ​នាក់ គឺ​លោក Bo Xilai និង​លោក Sun Zhengcai រួមទាំង​អតីត​អនុប្រធាន​គណៈកម្មការ​យោធា​មជ្ឈិម​ដ៏​មាន​ឥទ្ធិពល​ចំនួន​ពីរ​នាក់ គឺ​លោក Xu Caihou និង​លោក Guo Boxiong សុទ្ធតែ​រងគ្រោះ​ដោយសារ​នយោបាយ​ប្រឆាំង​អំពើពុករលួយ​របស់លោក ស៊ី ជិន​ភីង ។ ក្នុងចំណោម​នេះ មាន​ខ្លះ​ត្រូវ​ដកហូត​តំណែង ខ្លះ​ត្រូវ​បណ្ដេញ​ចេញពី​បក្ស និង​ខ្លះទៀត​ប្រឈមមុខ​ការដាក់ទោសទណ្ឌ​ធ្ងន់ធ្ងរ​។​

​បណ្ដា​ក្រសួង​ស្ថាប័ន​ទាំង​ស៊ីវិល ទាំង​កងទ័ព សុទ្ធ​តែមាន​សាខា​នៃ​គណៈកម្មការ​ត្រួតពិនិត្យ​វិន័យ​នេះ ដើម្បី​តាមដាន និង​ស្រាវជ្រាវ​មុខសញ្ញា​ដែល​ប្រព្រឹត្ត​កំហុស​ផ្ទុយ​ពី​នយោបាយ​របស់លោក ស៊ី ជិន​ភីង ដែលជា​ប្រធានាធិបតី​ផង និង​ជា​ប្រមុខ​បក្ស​កុម្មុយនីស្ត​ផង​នោះ​។ ប្រធាន​គណៈកម្មការ​នេះ គឺ​លោក Wang Qishan គឺជា​សម្ព័ន្ធមិត្ត​របស់​លោក ស៊ី ផ្ទាល់ ហើយ​គេ​ជឿថា​លោក Wang នឹង​កាន់តំណែង​នេះ​ប្រាំ​ឆ្នាំ​ទៀត ទោះជា​លោក​ត្រូវ​ដល់​អាយុ​ចូលនិវត្តន៍​ក៏ដោយ​៕


Tag:
 ចិន​
  ស៊ី ជិន​ភីង​
  សមាជ​លើក​ទី​១៩
© រក្សាសិទ្ធិដោយ thmeythmey.com