សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ផលិតកម្ម​ស្រូវ​សាលី​របស់​សហរដ្ឋអាមេរិក​ធ្លាក់ចុះ​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​
11, Oct 2017 , 7:59 pm        
រូបភាព
ដោយ: VOA
 ក្រុង MORRIS រដ្ឋ ILLINOIS  ៖ ​បុព្វបុរស​របស់​កសិក​រ Russ Higgins បានរស់នៅ​លើដី​ដ៏​ធំ​ទូលាយ​មួយ​នៅ​ភាគខាងត្បូង​ទីក្រុង Morris ក្នុង​រដ្ឋ Illinois តាំងពី​ឆ្នាំ​១៨៥៨​។ ឆ្លងកាត់​សង្គ្រាមស៊ីវិល​អាមេរិក និង​ព្រឹត្តិការណ៍​សំខាន់ៗ​នានា​ចាប់ពីពេលនោះ​មក សមាជិក​ម្នាក់​មកពី​គ្រួសារ Higgins បាន​ដាំ​ដុះ និង​ប្រមូល​ផល​នៅលើ​ផ្ទៃដី​នោះ​។​



​ចាប់តាំងពី​ការ​ភ្ជួរ​រាស់​ជា​លើកដំបូង​ដែល​បាន​ជ្រោយ​ដី​ឡើង​ឲ្យ​មាន​ជីជាតិ នៅលើ​ផ្ទៃដី​នេះ​កាលពី​១៦០​ឆ្នាំមុន​មក ដំណាំ​មួយ​ប្រភេទ​ដែល​គេ​តែង​ដាំ​ដុះ​នៅលើ​ទីវាល​នោះ​គឺ​ស្រូវ​សាលី​។​

​មុនពេល​លោក​ឡើង​ជិះ​លើ​ម៉ូតូ​កង់​៤​របស់លោក​បើកចូលទៅ​ក្នុង​វាលស្រែ លោក​បាន​ប្រាប់ VOA ថា​៖ «​បន្ទាប់ពី​ប្រមូល​ផល​សណ្ដែកសៀង​រួចហើយ យើង​ប្រហែលជា​នឹង​ដាំ​ដំណាំ​ផ្សេងទៀត​ក្នុងពេល​ពីរ​សប្តាហ៍​កន្លះ​ទៅ​បី​សប្តាហ៍​ទៀត​»​។​

​នៅពេល​លោក​បើក​ម៉ូតូ​ទៅ​ហួស​គំនរ​ចំបើង​ដ៏​ធំ និង​ដើម​ពោត​ខ្ពស់ៗ​ដែល​ជិត​ដល់ពេល​ប្រមូល​ផល​នោះ ដំណាំ​ម្យ៉ាង​ដែល​មិន​មាននៅ​ទីនោះ​គឺ​ស្រូវ​សាលី​។ លោក Higgins និយាយថា​ហេតុផល​គឺ​ដោយសារតែ​លោក​បាន​ច្រូតកាត់​ស្រូវ​សាលី​នោះ​ចេញពី​វាលស្រែ​នេះ​អស់ហើយ​។ ឥឡូវនេះ​មិនមែនជា​រដូវ​ច្រូតកាត់​ទេ ហើយ​បន្តិចទៀត​ត្រូវ​ដល់ពេល​ដែល​ត្រូវ​ដាំ​ដំណាំ​ថ្មី សម្រាប់​រដូវរងា​ហើយ​។​

​ប៉ុន្តែ​តាមពិត ហេតុផល​ដែល​អ្នក​មិនឃើញ​មាន​ដំណាំ​ស្រូវ​សាលី​នៅលើ​ផ្ទៃដី​របស់លោក Higgins គឺ​មិន​ពាក់ព័ន្ធ​នឹង​រដូវ​កាល​នោះទេ​។​

​លោក Higgins និយាយថា​តម្រូវការ​ទីផ្សារ​មិនមែន​ផលិតផល​ស្រូវ​សាលី​ទេ​។ លោក​និយាយថា​៖ «​នៅពេល​អ្នក​គិតថា​តើ​កសិករ​ដាំ​ដំណាំ​អ្វី​ឲ្យ​ពិតប្រាកដ​នោះ គឺ​វា​អាស្រ័យ​លើ​តម្រូវការ​ទីផ្សារ ហើយ​តម្រូវការ​នោះ​ក៏​អាស្រ័យ​លើ​តម្លៃ​ដែល​ពួកគេ​អាច​ទទួលបាន​មកវិញ​ផងដែរ​។​

​លោក​បាន​គូសពញ្ជាក់ថា​៖ «​ខ្ញុំ​បាន​សង្កេតឃើញថា​ជាង​២០​ឆ្នាំ​មកនេះ រដ្ឋ Illinois  បាន​ផ្តោតលើ​ដំណាំ​ពោត​និង​សណ្ដែកសៀង​ប៉ុណ្ណោះ​»​។​

​អ្វីដែល​កើតមាន​ពិតប្រាកដ​សម្រាប់​រដ្ឋ Illinois នេះ​ក៏​កើតមាន​ជាក់ស្តែង​សម្រាប់​លោក Higgins ផងដែរ​។ លោក​ដាំ​ស្រូវ​សាលី​នៅលើ​ផ្ទៃដី​មួយផ្នែក​តូច​ប៉ុណ្ណោះ នៃ​ផ្ទៃដី​ចំការ​ទាំងអស់​រប​ស់លោក​។ ឆ្នាំនេះ​ស្រូវ​សាលី​ផ្តល់​ផលចំណេញ​បន្តិចបន្តួច​ប៉ុណ្ណោះ​។​

​លោក​និយាយថា​៖ «​យើង​បាន​ទទួលផល​ជា​មធ្យម​ប្រហែលជា​៨៣ (​ល្អី​/​កញ្ជើ​)​ប៉ុណ្ណោះ​នៅក្នុង​ឆ្នាំនេះ​។ និយាយ​តាម​ត្រង់​ទៅ ស្រូវ​សាលី​នេះ​ប្រហែល​អាចមាន​ផល​ច្រើនជាង​ដំណាំ​ពោត និង​សណ្ដែកសៀង​»​។​

​ថា​តើ​វា​មាន​ផល​ល្អ​ឬ​អត់​នោះ លោក Higgins និយាយថា អាកាសធាតុ​នៅ​ភាគ​ខាងជើង​នៃ​រដ្ឋ Illinois មិនមាន​ភាពល្អប្រសើរ​សម្រាប់​ដំណាំ​ស្រូវ​សាលី​ក្នុង​បរិមាណ​ច្រើន​ទេ ហើយ​ម្យ៉ាងទៀត​ដោយសារតែ​មិនសូវមាន​កសិករ​ច្រើន​ដាំ​ដំណាំ​នេះ ធ្វើ​ឲ្យ​ស្រូវ​សាលី​ក្លាយជា​ប្រភេទ​ដំណាំ​ដែល​ត្រូវ​ការចំណាយ​ប្រាក់​ច្រើន​សម្រាប់​ដាំ​ដុះ​។​

​លោក​និយាយ​បន្ថែមទៀតថា​៖ «​មិនមាន​ទីផ្សារ​ដែល​យើង​អាច​លក់​ផលដំណាំ​បាន​ពេញ​មួយឆ្នាំ​ទេ​។ យើង​មានឱកាស​លក់​ស្រូវ​សាលី​ក្នុងអំឡុងពេល​តែ​៣​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​យើង​ច្រូតកាត់​ហើយ​ភ្លាម​។ បើសិន​យើង​នៅអែរ​អង់​ជាង​នេះ​រហូតដល់​ពេលដែល​ត្រូវ​ដឹក​វា​ចេញ​នោះ យើង​នឹងត្រូវ​ដឹក​ទៅ​ច្រក​ដែល​ទទួល​ទិញ​កសិផល​ស្រូវ​សាលី​នេះ​។ ហើយ​មានពេលខ្លះ ការដឹកជញ្ជូន និង​ចម្ងាយ​ផ្លូវ​ទៅកាន់​ទីតាំង​ទាំងនោះ មិនមែនជា​ជម្រើស​ដែល​អាចទៅរួច​ឡើយ​។​

​កសិករ​អាមេរិកាំង​ដាំ​ដុះ​ស្រូវ​សាលី​នៅលើ​ផ្ទៃដី​តិចតួច​បំផុត​ចាប់តាំងពី​នាយកដ្ឋាន​ក​សិ​កម្ម​អាមេរិកាំង បានចាប់ផ្តើម​កត់ត្រា​ទិន្នន័យ​ដំណាំ​ស្រូវ​សាលី​នេះ​នៅ​ឆ្នាំ​១៩១៩​មក​។ នាយក​ប្រតិបត្តិ​នៃ​សមាគម​ស្រូវ​សាលី​រដ្ឋ Illinois លោក Jim Fraley និយាយថា កត្តា​ចម្បង​នៃ​ការបាត់បង់​ការដាំ​ដំណាំ​ស្រូវ​សាលី​នៅ​សហរដ្ឋអាមេរិក​គឺ​ដោយសារតែ​ការប្រកួតប្រជែង​សាកល​។​

​លោក Fraley បាន​ប្រាប់ VOA នៅក្នុង​កម្មវិធី​តាំង​បង្ហាញ​ការរីកចម្រើន​នៃ​កសិកម្ម​ឆ្នាំ ២០១៧ (2017 Farm Progress Show) ក្នុង​ទីក្រុង Decatur រដ្ឋ Illinois ដោយ​លោក​បាន​ថ្លែងថា​៖ «​សហរដ្ឋអាមេរិក​បាន​ឈាន​ជើង​ចូលក្នុង​ការប្រកួតប្រជែង​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​។ ប្រទេស​ជាច្រើន​ដូចជា បារាំង រុស្ស៊ី អាល្លឺម៉ង់ និង​ប្រទេស​ជាច្រើន​ទៀត​ដែល​មិនអាច​ដាំ​ដំណាំ​ពោត​បានល្អ ប៉ុន្តែ​ពួកគេ​មាន​អាកាសធាតុ​អំណោយផល​សម្រាប់​ដំណាំ​ស្រូវ​សាលី​។ សូម្បីតែ​ប្រទេស​កាណាដា ក៏​ជា​ប្រទេស​ដ៏​ធំ​មួយ​សម្រាប់​ដាំ​ដុះ​ស្រូវ​សាលី​ប្រភេទ oat និង​ស្រូវ​សាលី​ធម្មតា​ដែរ​»​។​

​លោក Fraley ក៏បាន​ចង្អុលបង្ហាញ​ក​ត្តា​ផ្សេងទៀត នោះ​គឺ​ទម្លាប់​នៃ​ការបរិភោគ​និង​របប​អាហារ​របស់​ប្រជាពលរដ្ឋ​។ លោក​ពន្យល់ថា​៖ «​មាន​និន្នាការ​ធំ​មួយ ដែល​មនុស្ស​ឈប់​បរិភោគ​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ចេញពី​ស្រូវ​សាលី ហើយ​ការធ្វើ​ដូច្នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​ផ្សារ​ស្រូវ​សាលី​ខ្លះ​ដែរ​។ តាមពិតទៅ យើង​ត្រូវ​បង្កើន​ការប្រើ​ស្រូវ​សាលី​ឲ្យ​បាន​ច្រើន​នៅក្នុង​ស្រុក​។ យើង​ចង់​ចែកចាយ​វា​នៅក្នុង​ស្រុក ហើយ​យើង​ក៏​ព្យាយាម​លក់​វា​ទៅ​ប្រទេស​ផ្សេងទៀត​ផងដែរ​។ ការណ៍​នេះ​អាចធ្វើ​កសិផល​នេះ​ឈានចូល​ក្នុង​ទីផ្សារ​ពិភពលោក​ដែលមាន​ការ​ប្រ​កូត​ប្រជែង​ខ្លាំង ដែល​នោះ​ហើយ​ជា​ហេតុផល​ធ្វើ​ឲ្យ​តម្លៃ​របស់​វា​កំពុង​រង​សម្ពាធ​ខ្លះ​នាពេល​បច្ចុប្បន្ននេះ​»​។​

​លោក Fraley និយាយថា នៅ​សហរដ្ឋអាមេរិក ឆ្លងកាត់​បទពិសោធន៍​ដាំ​ដុះ​ស្រូវ​សាលី​កន្លងមក​អាចធ្វើ​ឲ្យ​កសិករ​ធ្វើការ​សម្រេចចិត្ត ថា​តើ​ពួកគេ​គួរ​ដាំ​ដំណាំ​អ្វី​នៅពេល​អនាគត ។​

​លោក​បាន​ពន្យល់​ទៀតថា​៖ «​កសិករ​ភាគច្រើន​នៅតែ​ចងចាំ​ការដាំ​ស្រូវ​សាលី​កាលពី​១០​ទៅ​២០​ឆ្នាំមុន ដែល​ផល​ស្រូវ​មាន​កម្រិត​ទាប ហើយ​គុណភាព​ក៏​ទាប ហើយ​មិនបាន​ចំណេញ​អ្វី​ទាល់តែសោះ​។ ប៉ុន្តែ​មានការ​ប្រែប្រួល​ច្រើន​នាពេល​បច្ចុប្បន្ននេះ​។ ហើយ​តាមរយៈ​បច្ចេកវិទ្យា​ថ្មី ទាក់ទង​នឹង​ការ​បង្កាត់​ពូជ និង​ការគ្រប់គ្រង​លើ​ជំងឺ​របស់​ដំណាំ មានការ​រីកចម្រើន​ច្រើន​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​សាលី​ក្នុង​រដ្ឋ Illiois គួរតែ​ត្រូវបាន​ដាំ​ដុះ​ឲ្យ​បាន​ច្រើន និង​អាច​បង្កើន​ប្រាក់ចំណូល​បាន ផងដែរ​»​។​

​ថា​តើ​ដំណាំ​នេះ​វា​មាន​ផលចំណេញ​ឬ​អត់​នោះ កសិករ Russ Higgins និយាយថា វា​មិនមែនជា​រឿង​សាមញ្ញ ដូចដែល​កសិករ​គ្រាន់តែ​យក​គ្រាប់ពូជ​ទៅ​ដាំ​ក្នុង​ដី​នោះទេ​។​

​លោក Higgins និយាយថា​៖ «​សម្រាប់​អ្នក​ដែល​ផ្អាក​ដាំ​ដំណាំ​ស្រូវ​សាលី​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ អាចមាន​ហានិភ័យ​ខ្លះ​ចំពោះ​ការ​មក​ដាំ​ដុះ​ស្រូវ​សាលី​នេះ​។ តែ​ចំពោះ​ដំណាំ​ពត​និង​សណ្ដែកសៀង​វិញ វា​ហាក់ដូច​ជាមាន​ភាពប្រក្រតី ដូច្នេះ​ខ្ញុំ​គិតថា វា​មាន​ចំណុច​វិជ្ជមាន​សម្រាប់​បញ្ហា​នេះ​»​។​

​យ៉ាងណាក៏ដោយ លោក Higgins និយាយថា ប្រសិនបើ​តម្លៃ​ពោត​និង​សណ្ដែកសៀង​បន្ត​ធ្លាក់ចុះ​នោះ អាចមាន​ផល​វិជ្ជមាន​សម្រាប់​ដំណាំ​ស្រូវ​សាលី​។ លោក​និយាយថា​៖ «​បើសិន​ជាមាន​ការឡើង​តម្លៃ​មែន​នោះ អ្នកនឹង​ឃើញ​មាន​ការដាំដុះ​ស្រូវ​សាលី​នៅលើ​ផ្ទៃដី​ជាច្រើន ឬក៏​អ្នកនឹង​ឃើញ​សត្វពាហនៈ​ត្រឡប់មក​តំបន់​នោះ​វិញ​។ ប៉ុន្តែ​នេះ​គ្រាន់តែ​ជាការ​ឧបមា​ប៉ុណ្ណោះ​។ ហើយ​ប្រសិនបើ​មាន​អ្វី​ម្យ៉ាង​ដែល​កសិករ​មិនសូវ​ពេញចិត្ត​ក្រៅពី​តម្លៃ​ទាប​សម្រាប់​ដំណាំ​ដែល​ពួកគេ​ដាំ​ដុះ​នោះ មិន​ថា​ជា​អាកាសធាតុ និង​បរិស្ថាន​នោះ  វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលដំណាំ​ដែល​កសិករ​បាន​ពឹង​អាស្រ័យ​លើ នៅពេល​ដល់​រដូវ​ច្រូតកាត់​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com