អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Brexit៖ អង់គ្លេស​និង​អឺរ៉ុប​ខ្វែងគំនិត​គ្នា​លើ​ថ្លៃ​លែងលះ​
13, Oct 2017 , 12:58 pm        
រូបភាព
តំណាងចរចាអង់គ្លេស David Davis (ឆ្វេង) ក្នុងសន្និសីទកាសែតជាមួយតំណាងចរចាអឺរ៉ុប Michel Barnier (ស្ដាំ)​ (រូបភាព៖ Xinhua)
តំណាងចរចាអង់គ្លេស David Davis (ឆ្វេង) ក្នុងសន្និសីទកាសែតជាមួយតំណាងចរចាអឺរ៉ុប Michel Barnier (ស្ដាំ)​ (រូបភាព៖ Xinhua)
ការចរចា​ជុំ​ទី​ប្រាំ​រវាង​សហភាព​អឺរ៉ុប​និង​ចក្រភព​អង់គ្លេស​ស្ដីពី​ការ​លែងលះគ្នា បានបញ្ចប់​ហើយ​។ តំណាង​ចរចា​របស់​សហភាព​អឺរ៉ុប​និយាយថា ការចរចា​មានដំណើ​ការល្អ ប៉ុន្តែ​ភាគី​ទាំងពីរ​នៅ​ប្រទាំង​ប្រទើស​គ្នា​លើ​បញ្ហា​ថ្លៃ​លែងលះ​ដែល​អង់គ្លេស​ត្រូវ​បង់​ឲ្យ​អឺរ៉ុប​។ ថ្លៃ​លែងលះ​នេះ​ជា​បញ្ហា​មួយ​ក្នុងចំណោម​បញ្ហា​ជាច្រើន​ដែល​រាំងស្ទះ​ដល់​ការចរចា ខណៈ​នៅ​អង់គ្លេស​ឯណោះ​ក៏មាន​ការពិភាក្សា​ដែរ​ថា តើ​អង់គ្លេស​ត្រូវ​ចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ឬ​យ៉ាងណា​?




​អស់​រយៈពេល​៦​ខែ​មកហើយ​ដែល​សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស​ចរចា​លើ​ការ​លែងលះគ្នា​។ ប៉ុន្តែ​គេ​មិនទាន់​ឃើញ​មាន​លទ្ធផល​ជា​ដុំកំភួន​អ្វី​ឡើយ ព្រោះ​ភាគី​ទាំងសងខាង​នៅតែ​ប្រកាន់​ជំហរ​ការពារ​ផលប្រយោជន៍​រៀងៗ​ខ្លួន ដែល​មិនអាច​ស្វែងរក​ចំណុចរួម​បាន​។ ការចរចា​បាន​ជាប់គាំង​លើ​បញ្ហា​ជាច្រើន​ដូចជា សិទ្ធិ​ប្រជាជន​អឺរ៉ុប​ដែល​រស់នៅ​អង់គ្លេស ថ្លៃ​លែងលះគ្នា និង​បញ្ហា​ព្រំដែន​ជាមួយ​អៀរ​ឡង់​ខាងជើង​ជាដើម​។​

​ក្រោយ​ការចរចា​ជុំ​ទី​ប្រាំ​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រធាន​ក្រុម​ចរចា​សហភាព​អឺរ៉ុប​លោក Michel Barnier និយាយថា មិនមាន​ដំណើការ​គ្រប់គ្រាន់​ដែល​អាច​ឲ្យ​ការចរចា​ទៅមុខ​បាន​ទៀតឡើយ ព្រោះ​អឺរ៉ុប និង​អង់គ្លេស​ខ្វែងគំនិត​គ្នា​លើ​ថ្លៃ​លែងលះ​។ ខណៈដែល​តំណាង​អង់គ្លេស​លោក David Davis សង្ឃឹមថា អឺរ៉ុប និង​អង់គ្លេស​អាច​បន្ត​ការចរចា​លើ​ប្រធានបទ​ផ្សេង លោក Barnier បញ្ជាក់ថា បើតាម​ស្ថានភាព​បច្ចុប្បន្ន លោក​មិនអាច​ស្នើ​មេដឹកនាំ​អឺរ៉ុប​ឲ្យ​បើកភ្លើង​ខៀវ​ចរចា​ជាមួយ​អង់គ្លេស​បាន​ទៀត​ទេ​។​

​សូមបញ្ជាក់ថា ក្រៅពី​សិទ្ធិ​ប្រជាជន​អឺរ៉ុប​នៅ​អង់គ្លេស ការចំណាយ​លើ​ថ្លៃ​លែងលះ​នេះ​ជា​រឿង​ដែល​ពិបាក​ចរចា​បំផុត ទោះជា​អង់គ្លេស​ធ្លាប់​ប្ដេជ្ញាចិត្ត​ក្នុងការ​បង់ប្រាក់​ឲ្យ​អឺរ៉ុប​ក្ដី​។ ថ្លៃ​លែងលះ​នេះ​រួមមាន ប្រាក់​សោធន​និវត្តន៍​សម្រាប់​អតីតមន្ត្រី​អឺរ៉ុប​ធ្វើការ​នៅ​អង់គ្លេស ថ្លៃ​ចំណាយ​លើ​ការផ្លាស់ប្ដូរ​ទីស្នាក់ការ​អង្គភាព​របស់​អឺរ៉ុប​ពី​អង់គ្លេស​ទៅ​ប្រទេស​ផ្សេង និង​ប្រាក់​សម្រាប់​កម្មវិធី​ជាច្រើន​របស់​អឺរ៉ុប​។ ចំនួន​ប្រាក់​សរុប​អាចមាន​ទំហំ​ប្រហែល​៦០​ពាន់​លាន​ផោន​ឯណោះ​។​

​មេដឹកនាំ​អឺរ៉ុប​ជួបគ្នា​សប្ដាហ៍​ក្រោយ​ដើម្បី​សម្រេច​ថា ត្រូវ​ទៅមុខ ឬ​បន្ត​ចរចា​បញ្ហា​ចាស់​ឲ្យ​ចប់​

​បណ្ដា​មេដឹកនាំ​អឺរ៉ុប​នឹង​ជួបគ្នា​នៅ​សប្ដាហ៍​ក្រោយ ដោយមាន​ការចរចា​ជាមួយ​អង់គ្លេស​ជា​ប្រធានបទ​សំខាន់​។ ប៉ុន្តែ​ការជាប់គាំង​លើ​បញ្ហា​ជាច្រើន អាច​បង្ខំ​ឲ្យ​មេដឹកនាំ​អឺរ៉ុប​បដិសេធ​ការចរចា​លើ​អនាគត​រវាង​អឺរ៉ុប និង​អង់គ្លេស ក្រោយ​ការចាកចេញ​នៅ​ឆ្នាំ​២០១៩ ។ អឺរ៉ុប​ទំនង​ចង់​ឲ្យ​បញ្ហា​បច្ចុប្បន្ន​ដោះស្រាយ​ឲ្យ​ស្រេចបាច់​សិន មុននឹង​និយាយ​ចរចា​លើ​រឿង​ផ្សេងទៀត​រាប់ទាំង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផងដែរ​។​

​តំណាង​អង់គ្លេស​លោក Davis ចង់​ឲ្យ​មេដឹកនាំ​អឺរ៉ុប​ផ្ដល់​ភ្លើង​ខៀវ​សម្រាប់​លោក Barnier ដើម្បី​ចរចា​ដំណាក់កាល​ថ្មី​។ បើតាម​សារព័ត៌មាន BBC លោក Davis អះអាងថា ទោះជា​មានការ​ខ្វែងគំនិត​ខ្លះ​ក្ដី ការចរចា​ប៉ុន្មាន​ខែ​មកនេះ ក៏មាន​ផល​វិជ្ជមាន​ខ្លះ​ដែរ ហើយ​លោក​ជឿថា មេដឹកនាំ​អឺរ៉ុប​នឹង​យល់ព្រម​លើ​បញ្ហា​ក្នុង​កិច្ចប្រជុំ​របស់ខ្លួន​។ ប៉ុន្តែ​ប្រធាន​គណៈកម្មការ​អឺរ៉ុប Donald Tusk បាន​ព្រមាន​ទុក​មុន​ថា បើ​ការចរចា​នៅ​ដំណើការ​យឺត​ដូច​សព្វថ្ងៃ អឺរ៉ុប និង​អង់គ្លេស​ត្រូវ​គិត​ទិសដៅ​ថ្មី​។​

​ខណៈ​អង់គ្លេស​រំពឹងថា​អឺរ៉ុប​នឹង​សម្រេចចិត្ត​នៅត្រឹម​ខែតុលា​នេះ លោក Tusk បែរជា​និយាយថា ជាមួយនឹង​ការចរចា​បច្ចុប្បន្ននេះ លទ្ធផល​ដែល​ចង់បាន​អាច​លេចចេញ​នៅ​ខែធ្នូ​ឯណោះ​។ យ៉ាងណាមិញ ទាំង​អឺរ៉ុប​ទាំង​អង់គ្លេស មាន​ពេលវេលា​ដល់​ខែមីនា ឆ្នាំ​២០១៩ ឯណោះ ដើម្បី​ចរចា​លើ​បញ្ហា​ទាំងឡាយ ក៏ដូចជា​បង្កើត​ទំនាក់ទំនង​ថ្មី​មួយ​៕


Tag:
 Brexit
  អឺរ៉ុប​
  អង់គ្លេស​
© រក្សាសិទ្ធិដោយ thmeythmey.com