ជាតិ
​​​ន​យោ​បាយ​ជាតិ​
CNRP មិន​រក​វិធី​ទប់ទល់​នឹង​ការរំលាយ​គណបក្ស​ឡើយ​
13, Oct 2017 , 6:03 pm        
រូបភាព
រូបភាព៖ ទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ
រូបភាព៖ ទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ ហាក់​មិន​ខ្នះខ្នែង​ទាល់តែសោះ ថា​ត្រូវធ្វើ​ដូចម្តេច ដើម្បី​ទប់ទល់​នឹង «​បណ្តឹងសុំ​រំលាយ​គណបក្ស​» ដែល​កំពុងស្ថិត​ក្នុង​ដៃ​តុលាការ​កំពូល​។ ចាប់តាំងពី​ក្រសួងមហាផ្ទៃ ដាក់​បណ្តឹងសុំ​ឲ្យ​រំលាយចោល ហើយ​តុលាការ​កំពូល ក៏បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ដាក់​ឯកសារ​ឬ​ភស្តុតាង ដើម្បី​ការពារ​ខ្លួន​ផង​នោះ រហូតមកដល់​ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ធ្វើ​មិនដឹងមិនឮ ដដែល​។



​ថ្មីៗ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ហើយក៏​បានសម្រេច​រួច​ដែរ​ថា នឹងមិន​ដាក់​ឯកសារ​ឬ​ភស្តុតាង​អ្វី​ទាំងអស់​ទៅកាន់​តុលាការ​កំពូល​។ នេះ​បើតាម​លោក ម៉ៅ មុនី​វណ្ណ តំណាងរាស្ត្រ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ប្រតិបត្តិ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២0១៧​។ លោក ម៉ៅ មុនី​វណ្ណ បន្តថា សូម្បីតែ​មេធាវី ក៏​គណបក្ស​សង្គ្រោះ​ជាតិ មិន​ពឹងពាក់​ដែរ​។

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង មិន​ដាក់​ទេ​។ យើង គ្មាន​ឯកសារ​អ្វី​ត្រូវដាក់​ផង​។ យើង​ដឹង​ហើយ ទោះ​យើង​ដាក់​ឯកសារ ឬ​មាន​មេធាវី ក៏​គ្មាន​ប្រយោជន៍​ដែរ​។ បណ្តោយ ឲ្យ​ដំណើរការ​តាម​ហ្នឹង​ចុះ​..»​។ លោក បន្ថែម​ចុងក្រោយ​ថា រហូតមកដល់​ពេលនេះ តុលាការ​កំពូល មិនទាន់បាន​ជូនដំណឹង​នៃ​ការបើក​សវនាកា​រលើប​ណ្តឹ​ង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។

​ក្រសួងមហាផ្ទៃ គឺជា​ដើមបណ្តឹង ដែល​ប្តឹង​ទៅកាន់​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ហើយ​អ្នក​ដែល​ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ ដាក់​បណ្តឹង​ទៅកាន់​តុលាការ​កំពូល គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ និង​គណបក្ស​យុវជន​កម្ពុជា​របស់លោក ពេជ្រ ស្រស់​។​

​សម្រាប់​ក្រសួងមហាផ្ទៃ ការដាក់​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺមាន​ហេតុផល​និង​ភស្តុតាង​គ្រប់គ្រាន់​។  ក្រសួងមហាផ្ទៃ បាន​ផ្សារភ្ជាប់​បទល្មើស​របស់​ឯកឧត្តម កឹម សុខា ដែល​ត្រូវបាន​ចោទ​ពីបទ «​ឃុបឃិត​ជាមួយ​បរទេស​ដោយ​សម្ងាត់​» ទៅនឹង​បណ្តឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។

​បច្ចុប្បន្ន ឯកឧត្តម កឹម សុខា កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ​។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ត្រូវបាន​ចាប់ខ្លួន កាលពីដើម​ខែកញ្ញា ឆ្នាំ​២0១៧៕        

           



Tag:
 CNRP
  រំលាយ​បក្ស​
© រក្សាសិទ្ធិដោយ thmeythmey.com