ជាតិ
​​​ន​យោ​បាយ​ជាតិ​
ហ្វ៊ុនស៊ិនប៉ិច និង​បក្ស​សញ្ជាតិ​កម្ពុជា មិន​ប្រកែក​ឡើយ បើ​ច្បាប់​ប្រគល់​កៅអី​ឲ្យ​ខ្លួន​
16, Oct 2017 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្សនយោបាយ​ចំនួន​ពីរ ដែល​មិនបាន​ជាប់ឆ្នោត កាលពី​ឆ្នាំ​២១០១៣ ត្រៀមខ្លួន​ទទួលយក​អាសនៈ​ក្នុង​រដ្ឋសភា តាម​ការសម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គជប​) ដែល​អាច​កើតឡើង​នាពេលខាងមុខ​។



​រដ្ឋសភា បានអនុម័ត​សេចក្តីស្នើ​កែប្រែ​ច្បាប់​ចំនួន​៤ ដែលមាន​ខ្លឹមសារ​បែងចែក​អាសនៈ​ក្នុង​រដ្ឋសភា របស់​គណបក្ស​ដែល​ត្រូវបាន​រំលាយ ទៅ​ឲ្យ​គណបក្ស​ដទៃ​ផ្សេងទៀត ដែល​បាន​ចូលរួម​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៣​។ ការធ្វើវិសោធកម្ម​ច្បាប់បោះឆ្នោត​ទាំង​៤​នេះ ធ្វើឡើង​ស្របពេល​បណ្ដឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្លាក់​ដល់ដៃ​តុលាការ​កំពូល​ហើយ ដើម្បី​ត្រួតពិនិត្យ​នឹង​សម្រេច​លើ​ជោគវាសនា​គណបក្ស​នេះ​។​

​ដូច្នេះ​បើសិនជា​ខ្លឹមសារ​ច្បាប់​ទាំង​៤​នេះ ត្រូវបាន​ចូល​ជា​ធរមាន ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ត្រូវបាន​តុលាការ​កំពូល​រំលាយ​មែន​នោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គជប​) ក៏​ត្រូវមាន​ភារកិច្ច​បែងចែក​អាសនៈ​គណបក្ស​នេះ ឲ្យ​ទៅ​គណបក្ស​ដទៃទៀត ដូចជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ,​គណបក្ស​សញ្ជាតិ​កម្ពុជា ,​គណបក្ស​ខ្មែរ​ឈប់​ក្រ ,​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ,​គណបក្ស​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច ដែល​មិន​ទទួលបាន​អាសនៈ កាលពី​អំឡុងពេល​បោះឆ្នោត​ឆ្នាំ​២០១៣​នោះ​។

​ខណៈ​សេចក្តីស្នើច្បាប់​ទាំង​៤​នេះ កំពុងដំណើរការ​នោះ គណបក្សនយោបាយ​ចំនួន​ពីរ ក្នុងចំណោម​គណបក្ស​ខាងលើនេះ បាន​ត្រៀមខ្លួន​ទទួលយក​អាសនៈ តាម​ការសម្រេច​នៃ​ផ្លូវច្បាប់ នាពេល​ខាងមុខនេះ​។ ប្រធាន​គណបក្ស​សញ្ជាតិ​ខ្មែរ លោក សេង សុខ​ខេង បាន​និយាយថា គណបក្ស​លោក​នឹង​ទទួលយក​អាសនៈ ដែល​បានមកពី​ការបែងចែក​កៅអី​របស់​គណបក្ស​ដែល​ត្រូវបាន​រំលាយ​នោះ មក​ទទួលខុសត្រូវ​ភារកិច្ច​វិញ​ម្ដង​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សេង សុខ​ខេង បានបញ្ជាក់​ដូច្នេះ​ថា​៖«​និយាយ​ជារួម​បើ​តុលាការ​រំលាយ​គណបក្ស​នោះ ហើយ​សភា​អនុម័ត​ខ្លឹមសារ​ច្បាប់ ចំណែក​គណៈកម្មាធិការ​ជាតិ​អនុវត្ត​ច្បាប់​ដោយ​បែងចែក​អាសនៈ​គណបក្ស​រំលាយ​នោះ ឲ្យ​មក​គណបក្ស​យើង​នឹង​ទទួលយក​ដោយ​អត់​ប្រកែក​ទេ ព្រោះ​យើង​បានមក​ស្របតាម​ច្បាប់​។ ចំពោះ​ការរិះគន់​មក​បក្ស​យើង​នោះ គឺ​វា​គេច​មិន​ផុត​ទេ តែ​យ៉ាងណា​ក៏​យើង​មិន​ខុស​ដែរ ព្រោះ​យើង​ទទួលយក​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ជាតិ ចូលរួម​ជួយ​ប្រយោជន៍​ជាតិ​»​។​

​ស្រដៀង​គ្នា​នឹង​គណបក្ស​សញ្ជាតិ​កម្ពុជា​ដែរ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ហាក់​មិន​ជំទាស់​ការទទួលយក​អាសនៈ​ក្នុង​រដ្ឋសភា ដែល​អាច​បានមកពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។ ប៉ុន្តែ​នៅពេល​សួរថា ចុះបើ​ទទួលយក​អាសនៈ​នោះ ហើយ​មាន​រិះគន់​ពី​សំណាក់​មហាជន​ច្រើន តើ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​ទទួលយក​ដែរឬទេ​? ត្រង់ចំណុច​នេះ​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បាន​បកស្រាយ​បែប​ជា​សំនួរ​វិញ​ថា បើ​ធ្វើ​នយោបាយ​សុខៗ គេ​ឲ្យ​ចំណេញ​(​ចែក​អាសនៈ​) តើ​អ្នកណា​មិន​យក​?

«​បើ​ច្បាប់​បែងចែក​មក​ថា ត្រូវតែ​បាន តើ​អ្នកណា​មិន​យក​? ដូចជា​មនុស្សម្នា​ក់នៅ​សុខៗ​គេ​វេច​លុយ​ឲ្យ​១​លាន​ដុល្លារ ដោយ​លុយ​នោះ​បានមក​ស្របច្បាប់​តើ​អ្នកណា​មិន​យកលុយ​នោះ​? ដូច្នេះ​អ្នកនយោបាយ​បើ​នៅ​សុខៗ គេ​ឲ្យ​ចំណេញ​តើ​អ្នកណា​មិន​យក​? តែ​យ៉ាងណា​ការទទួលយក​អាសនៈ​នោះ ក៏ត្រូវ​រង់ចាំ​ការសម្រេច​របស់​សម្ដេច​ក្រុមព្រះ ប្រធាន​គណបក្ស ដើម្បី​ពិនិត្យ​លើ​ទិដ្ឋភាព​ច្បាប់​ជាក់ស្ដែង​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ញ៉េប ប៊ុនជិន​។​

​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាច​សុំ​ការបកស្រាយ​ចំពោះ​ការសម្រេចចិត្ត​ទទួល​អាសនៈ​ពី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ,​គណបក្ស​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច ដែល​អាច​ទទួលបាន​អាសនៈ​នៃ​ការបែងចែក​នោះឡើយ ។ រីឯ​អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក ស៊ិន សុ​វណ្ណា​រិ​ទ្ធិ ក៏​សុំ​មិនទាន់​បកស្រាយ​លើ​បញ្ហា​នេះដែរ ដោយ​រង់ចាំ​ការសម្រេចចិត្ត​ពី​លោក ក្រវ៉ា​ញ ដា​រ៉​ន ប្រធាន​គណបក្ស​សិន​។

​តែ​យ៉ាងណា​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​វិញ មិន​ពេញចិត្ត​ចំពោះ​ការអនុម័ត​សេចក្តីស្នើ​កែ​ច្បាប់​ទាំង​៤ ដែល​មានបំណង​ធ្វើទុក្ខ​គណបក្ស​ខ្លួន​ឡើយ​។ លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ (CNRP) បានចាត់ទុក​ការយក​ច្បាប់បោះឆ្នោត​ទៅធ្វើ​វិសោធនកម្ម​ដែល​នាំ​ឲ្យ​មានការ​បែងចែក​អាសនៈ​របស់​គណបក្សនយោបាយ​មួយ ថា​ជាការ​ប្លន់​ឆន្ទៈ​ប្រជាពលរដ្ឋ​។ លោក​បាន​ចំអក​ថា អ្នក​ដែល​ទទួលយក​អាសនៈ​ពី​ការបែងចែក​នេះ មាន​ឈ្មោះថា «​ទទួលផល​ចោរកម្ម​» ទៀតផង​។​




Tag:
 ញ៉េប ប៊ុនជិន​
  សេង សុខ​ខេង​
  ហ្វ៊ុនស៊ិនប៉ិច​
  ​សញ្ជាតិ​កម្ពុជា​
 ​ច្បាប់​
 ​ បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com