អន្តរជាតិ
អ្វីខ្លះ​គួរ​ដឹង​ពី​សមាជ​បក្ស​កុម្មុយនីស្ត​ចិន​លើក​ទី​១៩?
17, Oct 2017 , 9:36 am        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
ប៉េកាំង៖ ​សមាជ​បក្ស​កុម្មុយនីស្ត​ចិន​លើក​ទី​១៩ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៨ ខែតុលា​។ តំណាង​សមាជិក​បក្ស​កុម្មុយនីស្ត​មកពី​ទូទាំងប្រទេស​ប្រមាណ​ជាង​ពីរពាន់​នាក់ នឹងមាន​វត្តមាន​ក្នុង​សមាជ​ដែល​រៀបចំ​រៀងរាល់​ប្រាំ​ឆ្នាំ​ម្ដងនេះ​។ សមាជ​បក្ស គឺជា​ជំនួប​ដ៏​សំខាន់​ដែល​សម្រេចចិត្ត​លើ​ការជ្រើសរើស​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​បក្ស​កុម្មុយនីស្ត អនុម័ត​គោលនយោបាយ​ដឹកនាំ​ប្រទេស​រយៈពេល​ប្រាំ​ឆ្នាំ​ទៅមុខ ជាពិសេស​ការកែ​រដ្ឋធម្មនុញ្ញ​ដើម្បី​បញ្ចូល​ទស្សនវិស័យ​លោក​ស៊ី ជិន​ភីង ផង​។​



​សមាជ​បក្ស​កុម្មុយនីស្ត​ចិន​លើក​នេះ ពិតជា​ទាក់ទាញ​ចំណាប់អារម្មណ៍​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ ប្រធានបទ​សំខាន់​ជាងគេ​នៃ​សមាជ គឺ​ការជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី ដោយ​លោក​ស៊ី ជិន​ភីង ដែល​រំពឹងថា​នឹង​បន្ត​កាន់អំណាច​រយៈពេល​៥​ឆ្នាំ​ទៀត​ក្នុងនាម​ជា​អគ្គលេខាធិការ​បក្ស​នោះ នឹង​ព្យាយាម​ប​ញ្ជូ​ល​មនុស្ស​ជំនិត​របស់ខ្លួន​ក្នុង​ស្ថាប័ន​កំពូល​របស់​បក្ស គឺ​គណៈកម្មាធិការ​មជ្ឈិម និង​ការិយាល័យ​នយោបាយ​ដ៏​មាន​ឥទ្ធិពល​។​

​ក្រៅពី​របៀបវារៈ​នៃ​ការផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ​សំខាន់ ប្រធានបទ​សំខាន់​មួយចំនួនទៀត​ក៏​ស្ថិតក្នុង​ក្រសែភ្នែក​គេឯង​ដែរ​។​

​គោលនយោបាយ​ប្រាំ​ឆ្នាំ ២០១៧-២០២២

​ក្នុង​របាយការណ៍​ក្នុងនាម​ជា​លេខា​បក្ស លោក​ស៊ី ជិន​ភីង នឹងដាក់​ចេញ​គោលនយោបាយ​របស់​បក្ស និង​ទិសដៅ​នយោបាយ​ទូទៅ​សម្រាប់​រយៈពេល​៥​ឆ្នាំ (២០១៧-២០២២) ដោយ​ផ្ដោតលើ​វិស័យ​ជាច្រើន​ដូចជា​សេដ្ឋកិច្ច ប្រព័ន្ធ​នយោបាយ វប្បធម៌ ការរស់នៅ​របស់​ប្រជាជន នយោបាយ​ការពារជាតិ និង​ការបរទេស​ជាដើម​ផង​។ នយោបាយ​ដែល​អនុម័ត​ក្នុង​សមាជ​នេះ នឹង​ក្លាយជា​បន្ទាត់នយោបាយ​ស​ម្រា​ប់​ប្រទេស​ចិន​ទាំងមូល​។​

​បញ្ហា​ផ្ទៃក្នុង​៖ ហុងកុង​, ម៉ា​កាវ និង​តៃវ៉ាន់​

​ហុងកុង​, ម៉ា​កាវ និង​តៃវ៉ាន់ នៅតែ​ជា​ចំណុចរសើប​របស់​បក្ស​កុម្មុយនីស្ត​ចិន​។ សមាជ​បក្ស​លើក​នេះ​នឹង​នៅតែ​រក្សា​ជំហរ​របស់ខ្លួន​ដដែល ប៉ុន្តែ​នឹងមាន​ការផ្លាស់ប្ដូរ​នយោបាយ​ខ្លះ​ចំពោះ​បញ្ហា​ហុងកុង ដ្បិត​មានការ​កើនឡើង​ចលនា​ទាមទារ​ស្វ័យភាព​ទូលំទូលាយ​ខ្លាំង​នា​រយៈពេល​ចុងក្រោយ​នេះ​។ មួយវិញទៀត ការចូលនិវត្តន៍​រប​ស់​ប្រធានសភា ចាង តេ​ជាំ​ង ទទួលបន្ទុក​កិច្ច​តំបន់​ទាំងបី​ក្នុង​ជួរ​បក្ស​នោះ ក៏​អាច​នាំ​ឲ្យ​មានការ​ប្រែប្រួល​ខ្លះ​ដែរ​។

​មនោគមន៍វិជ្ជា​របស់​លោក​ស៊ី ជិន​ភីង​
​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​បាន​ទទួលស្គាល់ថា បក្ស​គ្រោង​នឹង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បក្ស​ក្នុងពេល​សមាជ ដោយ​អាច​នឹង​បញ្ចូល​គំនិត​នយោបាយ​របស់​លេខា​បក្ស​លោក ស៊ី ជិន​ភីង ផង​។ ការដាក់​គំនិត​នយោបាយ​ក្នុង​រដ្ឋធម្មនុញ្ញ​បក្ស​នឹងធ្វើ​លោក​មានអំណាច និង​ឈ្មោះ​ស្មើមុខស្មើមាត់​លោក​ប្រធាន ម៉ៅ សេទុង និង​លោក តេង ស៊ា​វ​ភីង ដែរ​។ ការបញ្ចូល​គំនិត​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ការប្រមូលផ្ដុំ​អំណាច​ណែន​ពេញដៃ​ផងដែរ​។​

​ការកែទម្រង់​គណៈកម្មកា​រ​យោធា​មជ្ឈិម
​ក្រៅពី​ការផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ​បក្ស គណៈកម្មការ​យោធា​មជ្ឈិម ដែល​គ្រប់គ្រង​លើ​ការបញ្ជា​កងទ័ព​រំដោះប្រជាជន​ចិន គឺ​ស្ថិតក្នុង​បញ្ជី​កែសម្រួល​ដែរ​។ រចនាសម្ព័ន្ធ​បច្ចុប្បន្ន​របស់​គណៈកម្មកា​រ​នេះ បន្សល់​ទុកជា​យូរ​មកហើយ គឺ​មុនពេល​លោក ស៊ី ជិន​ភីង ដែលជា​ប្រធាន​គណៈកម្មការ​មួយ​នេះ ចាប់ផ្ដើម​កែទម្រង់​កងទ័ព​មក​។ គណៈកម្មការ​នេះ នឹងត្រូវ​ផ្លាស់ប្ដូរ​ដោយ​ប្រើ​រចនាសម្ព័ន្ធ​ថ្មី​ឲ្យ​ស្របតាម​គំនិត​លោក ស៊ី ជិន​ភីង ។​

​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​
​ការ​បោសសម្អាត​អំពើពុករលួយ គឺជា​យុទ្ធនាការ​របស់លោក ស៊ី ជិន​ភីង តាំងពី​កាន់តំណែង​ភ្លាមៗ​មកម្ល៉េះ​។ ដើម្បី​បោសសម្អាត​ក្រុមមន្ត្រី​ពុករលួយ​ស៊ី​រូង​ផ្ទៃក្នុង​ពី «​មន្ត្រី​រុយ​» ដល់ «​មន្ត្រី​ខ្លា​» ព្រមទាំង​គូប្រជែង​លោក ស៊ី ជីន​ភីង ផង​។ ប៉ុន្តែ​ការ​ដល់​អាយុ​ចូលនិវត្តន៍​របស់លោក វ៉ាង ជី​សាន ប្រធាន​គណៈកម្មការ​ត្រួត​ពិនិត្យ​វិន័យ ទើប​ជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​។ ជា​រឿង​ល្អ​ដែល​លោក ស៊ី អាច​ទុក​លោក វ៉ាង បន្តទៀត តែ​ក្នុងករណី​លោក វ៉ាង ចាកចេញ ការផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​នឹង​កើតឡើង​មិន​ខាន​៕


Tag:
 ចិន​
  ស៊ី ជិន​ភីង​
  សមាជ​លើក​ទី​១៩
© រក្សាសិទ្ធិដោយ thmeythmey.com