ជាតិ
ព្រឹទ្ធសភា​កំពុង​ពិនិត្យ​ច្បាប់ «​យក​អាសនៈ​នៃ​បក្ស ដែល​ត្រូវ​រំលាយ ទៅ​ឲ្យ​បក្ស​ផ្សេង​»
17, Oct 2017 , 11:42 am        
រូបភាព
រូបភាព៖ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា ផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត កាលពីកន្លងទៅ
រូបភាព៖ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា ផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត កាលពីកន្លងទៅ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រោយ​អនុម័ត​រួច រដ្ឋសភា ក៏​បញ្ជូន​សេចក្តីស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​៤ ទាក់ទង​នឹង​ការយក​អាសនៈ​នៃ​គណបក្ស​មួយ ដែល​ត្រូវបាន​រំលាយ ឲ្យ​គណបក្ស​ដទៃ ទៅកាន់​ព្រឹទ្ធសភា ដើម្បី​ពិនិត្យ​បន្ត​។ ពេល​សេចក្តីស្នើ​ទាំងនោះ ធ្លាក់​ដល់ដៃ​ខ្លួន​ភ្លាម ព្រឹទ្ធសភា ក៏​ចាប់ផ្តើម​ពិនិត្យ​តែម្តង ដោយ​មិន​បង្អង់​យូរ​ឡើយ​។



​សេចក្តីស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​៤ ដែល​រួមមាន ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បើក​កិច្ចប្រជុំ​ពិភាក្សា​រួចហើយ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២0១៧ នេះ​។ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យ​ព្រឹទ្ធសភា ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​។

​លោក ម៉ម បុ​ន​នាង បាន​អះអាងថា ក្រោយ​ប្រជុំ​រួច សេចក្តីស្នើ​ទាំង​៤​ខាងលើ ត្រូវបាន​បញ្ជូន​បន្តទៅ​កាន់​គណៈកម្មការ​ជំនាញ​ទី​៦​នៃ​ព្រឹទ្ធសភា ដើម្បី​សិក្សា​និង​ពិនិត្យ​លម្អិត​។ លោក ពន្យល់​ពី​នីតិវិធី​យ៉ាង​ដូច្នេះ​ថា​៖«​គណៈកម្មការ​ជំនាញ​នេះ មាន​រយៈពេល​៥​ថ្ងៃ ដើម្បី​ពិនិត្យ​សេចក្តីស្នើ​ទាំង​ហ្នឹង​។ ៥​ថ្ងៃក្រោយ​បន្ទាប់ពី​ពិនិត្យ​ចប់ ត្រូវ​បញ្ជូនមក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​វិញ ហើយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នឹង​ប្រជុំ​ចុងក្រោយ ដើម្បី​ដាក់​សេចក្តីស្នើ​នោះ ចូលទៅ​កិច្ចប្រជុំពេញអង្គ​នៃ​ព្រឹទ្ធសភា​»​។

​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ពេលណា​ទទួលបាន​សេចក្តីស្នើ​ខាងលើ ពី​ព្រឹទ្ធសភា​វិញ រដ្ឋសភា នឹង​បន្ត​បញ្ជូន​ទៅកាន់​ក្រុមប្រឹក្សាធម្មនុញ្ញ​។ លោក បញ្ជាក់​ចុងក្រោយ​ថា បន្ទាប់ពី​ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ​រួចរាល់​ហើយ សេចក្តីស្នើ​នោះ នឹង​ថ្វាយទៅ​ព្រះមហាក្សត្រ ដើម្បី​ព្រះអង្គ​ឡាយព្រះហស្តលេខា ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។

​សូមបញ្ជាក់ថា អ្នក​ដែល​ផ្តើមគំនិត​កែប្រែ​ច្បាប់​ទាំង​៤​នេះ គឺ​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​។ នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២0១៧ រដ្ឋសភា បាន​បើក​កិច្ចប្រជុំពេញអង្គ ក្រោម​វត្តមាន​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​អនុម័ត​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ខាងលើ​។ ឯ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជំទាស់​យ៉ាងខ្លាំង​ចំពោះ​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​នេះ​។ ដោយ​មិន​ពេញ​ចិត្តនឹង​ខ្លឹមសារ​ថ្មី​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពុំបាន​ចូលរួម​ប្រជុំ​ក្នុង​រដ្ឋសភា​ឡើយ​៕


Tag:
 ច្បាប់​ចែក​អាសនៈ​
  ព្រឹទ្ធសភា​
© រក្សាសិទ្ធិដោយ thmeythmey.com