ជាតិ
សុខភាព
សេដ្ឋកិច្ច
រថយន្ត​ពិសោធន៍​ចល័ត បង្ហាញ​ផល​វិជ្ជមាន​លើ​បន្លែ សាច់ ជាង​៤០​មុខ​នៅ​ផ្សារ​សៀមរាប​
19, Oct 2017 , 7:19 pm        
រូបភាព
​សៀមរាប​៖ អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​សហការ​ជាមួយ​កាំកុងត្រូល​ខេត្តសៀមរាប បានរៀបចំ​ឱ្យមាន​រថយន្ត​ពិសោធន៍​ចល័ត សម្រាប់​ត្រួតពិនិត្យ​ចំណីអាហារ​នៅតាម​បណ្តា​ផ្សារ​មួយចំនួន​។ នៅ​ថ្ងៃទី​១៨ ខែតុលា រថយន្ត​ចល័ត​នេះ​បាន​ទៅដល់​ផ្សារ​សាមគ្គី ហ៊ុយ គាំង ដែល​គេ​ស្គាល់​ថា ជា​កន្លែង​បោះ​ដុំ​នូវ​បន្លែ ផ្លែឈើ គ្រឿង​បរិភោគ និង​ឧបភោគ​ដ៏​ធំ​នៅក្នុង​ខេត្តសៀមរាប ហើយ​លទ្ធផល​ជា​វិជ្ជមាន ដោយ​បន្លែ សាច់ និង​គ្រឿង​បរិភោគ​ប្រមាណ​ជាង ៤០​មុខ រក​ពុំ​ឃើញ​មាន​សារធាតុ​គីមី​ណាមួយ ដែល​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​ឡើយ​។​



​មន្ត្រី​កាំកុងត្រូល​ខេត្តសៀមរាប បានឱ្យដឹងថា ជា​លទ្ធផល​ដ៏​មោទន ដែល​បន្លែ សាច់ គ្រឿង​បរិភោគ ឧបភោគ នៅក្នុង​ផ្សារ​ដ៏​ធំ​មួយ​ក្នុង​ក្រុង​សៀមរាប មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​ប្រជាពលរដ្ឋ​។ មន្ត្រី​កាំកុងត្រូល​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​បន្ថែមថា ខាង​កាំកុងត្រូល​បាន​យក​គំរូ​បន្លែ សាច់ និង​គ្រឿង​បរិភោគ ឧបភោគ ជាង​៤០​មុខ ហើយ​លទ្ធផល គឺ​រក​ពុំ​ឃើញ​នូវ​សារធាតុ​ណាមួយ ដែល​ប៉ះពាល់​ដល់​សុខភាព​អ្នកទិញ​ទេ​។​



​បែបនេះ​ក្តី មន្ត្រី​កាំកុងត្រូល​ខាងលើ ក៏បាន​ផ្តាំផ្ញើ​ដល់​ពលរដ្ឋ​ជា​អ្នកទិញ គួរ​ពិចារណា​ដល់​បន្លែ និង​ផ្លែឈើ ស្រស់ៗ​ដែល​ដាក់លក់​នៅលើ​ទីផ្សារ​ផងដែរ​។ ព្រោះថា របស់​ទាំងនោះ​អាច​នឹងមាន​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកទិញ​ជាយថាហេតុ​។​

​ក្នុង​បេសកកម្ម​ចុះ​ត្រួតពិនិត្យ​តាម​រថយន្ត​មន្ទីរពិសោធន៍​នៅ​ព្រឹក​នេះ ក៏មាន​ការចូលរួម​ពី​អគ្គនាយករង​កាំកុងត្រូល លោក គឹម​មាស សុខ​សីហា ផងដែរ​។ លោក​ថ្លែងថា ការត្រួតពិនិត្យ នេះ​ធ្វើឡើង​ទៅលើ​គ្រឿង​បរិភោគ ឧបភោគ ដើម្បី​ធានា​សុខ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ រួម​និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជាដើម​។​





​គួរ​បញ្ជាក់ថា នេះ​មិនមែន​លើកទីមួយ​ទេ ដែល​រថយន្ត​មន្ទីរពិសោធន៍​របស់​កាំ​កុងត្រូល ចុះ​ត្រួតពិនិត្យ​ចំណីអាហារ​នៅតាម​បណ្តា​ផ្សារ​មួយចំនួន​ក្នុង​ខេត្តសៀមរាប​។ កន្លងមក រថយន្ត​ពិសោធន៍​នេះ ក៏​ធ្លាប់បាន​រកឃើញ​សារធាតុ​គីមី នៅលើ​សរសៃ​គុយទាវ​ផងដែរ​៕

Tag:
 សៀមរាប​
  បន្លែ​
© រក្សាសិទ្ធិដោយ thmeythmey.com