អត្ថបទពាណិជ្ជកម្ម
អាហារូបករណ៍ ACE Inspiring ExcellenceScholarships ១០០​កន្លែង​សម្រាប់​សិស្សបាក់​ឌុប​ឆ្នើម​
20, Oct 2017 , 3:27 pm        
រូបភាព
​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ស្ថាប័ន IDP Education មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការបណ្តុះបណ្តាល ACE បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់ (MOU) កាលពី​ព្រឹក​ថ្ងៃទី​២០ ខែតុលា ដើម្បី​ប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន​១០០​កន្លែង​ក្នុង​មួយឆ្នាំ​សម្រាប់​សិស្សានុសិស្ស​ដែល​ទើប​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​២០១៧ ។​

​យោងតាម​ខ្លឹមសារ​នៃ MOU ដែល​ត្រូវបាន​ចុះហត្ថលេខា​នៅ​ទីស្តីការក្រសួង​អប់រំ យុវជន និង​កីឡា កម្មវិធី​អាហា​រូប​ករ​ណ៏ ACE Inspiring Excellence Scholarships នឹង​ផ្តល់​សម្រាប់​ជ័យលាភី​បាក់​ឌុប ដែល​បាន​និទ្ទេស A និង B ដោយ​ពួកគេ​អាច​សិក្សា​ភាសា​អង់គ្លេស​ពេញ​មួយឆ្នាំ​នៅ​សាលា ACE​។​

​កម្មវិធី​ផ្តល់​អាហារូបករណ៍​នេះ នឹង​ធ្វើឡើង​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​សាកល្បង ពោលគឺ​សម្រាប់​២០១៧ និង​ឆ្នាំ​២០១៨ ដោយ​គិត​ជា​ទឹកប្រាក់ មាន​ចំនួន ២០ ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​រៀន​ភាសា​អង់គ្លេស​មិន​ពេញ​ម៉ោង (Part-time) នៅ សាលា ACE​។



​កម្មវិធី​អាហារូបករណ៍​នេះ ជា​ផ្នែក​មួយ​នៃ​កិច្ចការ​សង្គម​របស់ IDP/ACE ដែល​ស្រប ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​បង្កើន​នូវ​គុណភាព​អប់រំ តាមរយៈ កម្មវិធី​កំណែទម្រង់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា បាន មានប្រសាសន៍ថា​៖ «​ក្រសួង​សូម​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ទាំងអស់​ឲ្យ​បន្ត​ខិតខំ​ប្រឹងប្រែង រៀនសូត្រ​ដើម្បី​បន្ត​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​នាពេល​អនាគត​។ ក្រសួង​សូម​ស្វាគមន៍​ដល់​ការផ្តល់​អាហា​រូប​ករ​ណ៏​ឲ្យ​រៀន​នៅ​សាលា ACE ដើម្បី​បង្កើន​កម្រិត​ភាសា​អង់គ្លេស ដល់​សិស្សានុសិស្ស​ស្រប​ជាមួយគ្នា​នឹង​កំណែទម្រង់​របស់​ក្រសួង​ក្នុងការ​បញ្ចូល​ភាសា​អង់គ្លេស​ទៅក្នុង​កម្មវិធីសិក្សា​ថ្នាក់បឋមសិក្សា​»​។ 


 
​លោក ម៉ៅ ស្រេង នាយក IDP Education ប្រចាំ​ប្រទេស​កម្ពុជា ក៏បាន​ថ្លែងថា​៖ «​កម្មវិធី អាហារូបករណ៍ ACE Inspiring Excellence Scholarships នេះ​នឹង​ជួយ​ដល់​សិស្សានុសិស្ស ទើប​បញ្ចប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​នៅ​កម្ពុជា ដោយ​ផ្តល់​ឲ្យ​ពួកគេ​នូវ​ជំនាញ​ភាសា​អង់គ្លេស កាន់តែ​ប្រសើរឡើង ដើម្បី​ជា​ទុន​សម្រាប់​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​ម​នៅក្នុង​ប្រទេស ឬ ក្រៅ ប្រទេស​»​។

​លោក​បាន​បន្តថា​៖  «​ចំណេះដឹង​ភាសា​អង់គ្លេស តាម​បទដ្ឋាន​នៅ ACE  សិស្សានុសិស្ស​ទាំងនេះ នឹងមាន​ឱកាស​កាន់តែ​ខ្ពស់​ក្នុងការ​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ បរទេស ជាពិសេស​ប្រទេស​ដែល​ប្រើប្រាស់​ភាសា​អង់គ្លេស​»​។


 
​ការដាក់​ពាក្យសុំ​អាហារូបករណ៍ ACE Inspiring Excellence Scholarships នេះ នឹង បើក​ចាប់ពី​ចុងខែ​តុលា ឆ្នាំ​២០១៧ ហើយនឹង​ត្រូវ​ចាប់ផ្តើម​ចូលរៀន​នៅ ខែមករា ឆ្នាំ​២០១៨​។ ក្រៅ ពី​ការសិក្សា​ភាសា​អង់គ្លេស អ្នក​ដែល​ទទួលបាន​អាហា​រូប​ករ​ណ៏​ទាំង​១០០​នាក់​នេះ នឹង​ទទួលបាន ឱកាស​ចូលរួម​នៅក្នុង​សកម្មភាព​ផ្សេងៗ​របស់​សាលា​ផងដែរ​។​

ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ តាមរយៈ http://scholarship.acecambodia.org  ឬ https://acecambodia.org

© រក្សាសិទ្ធិដោយ thmeythmey.com