អន្តរជាតិ
ចិន ទទូចឲ្យអាមេរិកបោះបង់ការគិតអវិជ្ជមានចំពោះខ្លួនក្នុងសហប្រតិបត្តិអន្តរជាតិ
× រដ្ឋាភិបាលក្រុងប៉េកាំង បានប្រតិកម្មខ្លាំងៗ ក្រោយក្រុងវ៉ាស៊ីនតោនហ៊ាននិយាយឈ្មោះចិនចំៗ ហើយថែមទាំងចោទប្រកាន់ខ្លួនថា បង្កើតបញ្ហានៅក្នុងតំបន់ថែមទៀតផង ។ ក្រុងប៉េកាំង បានទទូចឲ្យក្រុងវ៉ាស៊ីនតោន ត្រឡប់ទៅពិចារណាឡើងវិញដោយមើលខ្លួនក្នុងផ្លូវវិជ្ជមានផង។
រដ្ឋមន្ត្រីការបរទេសអាមេរិក រិចធីល័រសិន នៅថ្ងៃទី១៨ តុលាកន្លងទៅ បានថ្លែងសុន្ទរកថានៅក្នុងវេទិការបស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ពាក់ព័ន្ធនឹងទំនាក់ទំនងអាមេរិក-ចិន ។ លោកបាននិយាយពីបញ្ហា សមុទ្រចិនខាងត្បូង គម្រូសេដ្ឋកិច្ចរបស់ចិនក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃ និងសណ្តាប់ធ្នាប់អន្តរជាតិ ។
សារព័ត៌មាន People’s Daily ផ្សាយថា ក្នុងសុន្ទរកថានោះ ប្រមុខការទូតអាមេរិក បានបញ្ជាក់ឈ្មោះ «ចិន»ម្តងហើយម្តងទៀតរហូតដល់១៣ដង ពេលនិយាយដល់អនាគតទំនាក់ទំនងអាមេរិកជាមួយឥណ្ឌា។ មិនត្រឹមតែប៉ុណ្ណោះលោកថែមទាំងចោទថា ចិនបានបំពានសណ្តាប់ធ្នាប់អន្តរជាតិ បង្កហេតុនៅសមុទ្រចិនខាងត្បូង និងបង្កើតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសក្រីក្រ ដោយភ្ជាប់ជាមួយបំណុលច្រើនថែមទៀត។
ការថ្លែងការណ៍បែបនេះ ប្រាកដណាស់ ថា បានធ្វើឲ្យចិន មិនសុខស្រួលឡើយ ។ តាមរយៈក្រសួងការបរទេសខ្លួន រដ្ឋាភិបាលក្រុងប៉េកាំង បានអះអាងថា ខ្លួន តែងតែគោរពតាមសណ្តាប់ធ្នាប់អន្តរជាតិ ដែលជាគោលការណ៍ស្របតាមបទបញ្ញត្តិរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ ។
ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅថ្ងៃ១៩ តុលា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាំង (Lu Kang) បានសង្កត់ធ្ងន់ថា ចិន គ្មានផ្លូវ អនុវត្តគោលនយោបាយអភិវឌ្ឍរបស់ខ្លួនដោយបំពានផលប្រយោជន៍ប្រទេសដទៃឡើយ ។
អ្នកនាំពាក្យដដែលនោះ បានអះអាងទៀតថា ចិន ពិតជាប្តេជ្ញាអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិក ក៏ប៉ុន្តែ ក៏សុំចិត្តអាមេរិក បោះបង់ទស្សនៈលម្អៀងលើការអភិវឌ្ឍរបស់ចិន នៅក្នុងឆាកអន្តរជាតិ ក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ចរបស់ចិនជាមួយនឹងបណ្តាប្រទេសផ្សេងទៀតផងដែរ ៕
© រក្សាសិទ្ធិដោយ thmeythmey.com