សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
មហា​កំផែង Badaling អាច​ទាក់ទាញ​ភ្ញៀវទេសចរ ៨​លាន​នាក់​ក្នុង​មួយឆ្នាំ​
22, Oct 2017 , 10:06 am        
រូបភាព
​ប៉េកាំង​៖ កំណាត់​មហា​កំផែង Badaling ដែល​ស្ថិតនៅ​ជាយក្រុង​ប៉េកាំង គឺជា​កន្លែង​ទាក់ទាញ​ទេសចរណ៍​ដ៏​ធំ​មួយ​របស់​ចិន​។ ក្នុង​មួយឆ្នាំៗ ភ្ញៀស​ទេសចរ​ច្រើន​ពូជសាសន៍​ចំនួន​៨​លាន​នាក់ បានមក​ទស្សនា​កំណាត់​មហា​កំផែង​មួយ​នេះ​។ មេដឹកនាំ​ពិភពលោក​ជាច្រើន​បានមក​ដល់​ចំណុច​ប្រវត្តិសាស្ត្រ​មួយ​នេះ​ដូចជា​អតីត​ប្រធានាធិបតី​អាមេរិក រី​ឆាត និក​សុន អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស ម៉ា​ហ្កា​រេ​ត ថាច់​ឆឺ និង​អតីត​ប្រធានាធិបតី​រុស្ស៊ី បូរី​ស យែ​ល​ស៊ីន ជាដើម​។​

 
​មហា​កំផែង Badaling ស្ថិតក្នុង​តំបន់ Yanqing County ជាយក្រុង​ប៉េកាំង ដែល​ត្រូវ​ចំណាយពេល​ធ្វើដំណើ​រយ៉ា​ង​ហោចណាស់​ពីរ​ម៉ោង​។ កំណាត់​មហា​កំផែង​នេះ គឺជា​ច្រក​ឆ្លងកាត់​ដ៏​សំខាន់​មួយ​ក្នុងចំណោម​ច្រក​ឆ្លងកាត់​ទាំង​៩ នៃ​មហា​កំផែង​ទាំងមូល ព្រោះ​មិន​ត្រឹម​ជា​រនាំង​ការពារ​ក្រុង​ប៉េកាំង​ចុងក្រោយ​ឡើយ តែ​ជាទី​តាំង​យុទ្ធសាស្ត្រ​ផ្នែក​កងទ័ព​ដ៏​សំខាន់​ផងដែរ​។ 
 
​សព្វថ្ងៃនេះ មហា​កំផែង Badaling ក្លាយជា​កន្លែង​ទេសចរណ៍​ដ៏​ទាក់ទាញ ព្រោះ​សំណង់​មហា​កំផែង​នៅមាន​សភាព​រឹងមាំ និង​មាន​ទេសភាព​ស្អាត​ដែរ​។​មកទល់ពេលនេះ កំណាត់​មហា​កំផែង​មួយ​នេះ​ទទួលភ្ញៀវ​ទេសចរណ៍​ច្រើនជាង​២០០​លាន​នាក់​ហើយ ចាប់តាំងពី​ការចូល​ឈ្មោះ​ក្នុង​បញ្ជី​សម្បត្តិ​បេ​តក​ភណ្ឌ​របស់​អង្គការ UNESCO ក្នុង​ឆ្នាំ​១៩៩១ មក​។ ក្នុង​ឆ្នាំ​២០០៧ មហា​កំផែង​នេះ ក្លាយជា​រតនសម្បត្តិ​មួយ​ក្នុងចំណោម​វត្ថុ​អស្ចារ្យ​ទាំង​៧​លើ​លោក 
 
​ក្រៅពី​ស្នាដៃ​ស្ថាបត្យកម្ម​អស្ចារ្យ​ហើយ​នោះ មហា​កំផែង Badaling ក៏​ជា​កន្លែង​គយគន់​ទេសភាព​ស្រស់ត្រកាល​ដែរ ព្រោះ​មាន​ទីតាំង​ខាងលើ​ជ្រលង Guangou ។ ខែតុលា ជា​ពេល​សមស្រប​បំផុត​ដើម្បី​ទស្សនា​ទិដ្ឋភាព​ព្រៃឈើ​នៅ​ព័ទ្ធជុំវិញ​មហា​កំផែង​នេះ ព្រោះ​ស្លឹកឈើ​ដុស​ដេរដាស លាយឡំ​ដោយ​ពណ៌​ក្រហម និង​បៃតង​។​
 
​សូម​អញ្ជើញ​ទស្សនា​រូបភាព​នៃ​កំណាត់​មហា​កំផែង Badaling ៖
 




















© រក្សាសិទ្ធិដោយ thmeythmey.com