កីឡាជាតិ
ជាតិ
ស្វាយរៀង​របូត​៣​ពិន្ទុ​ទាំង​ណាហ្គា​វើ​ល​សល់​សមាជិក​១០​នាក់​ឯ​ភ្នំពេញ​ក្រោ​ន​របូត​ពី​តំបន់ Top 4
22, Oct 2017 , 10:17 am        
រូបភាព
ដោយ:
​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បន្ត​របូត​៣​ពិន្ទុ​ក្រោយ​ចាញ់​ណាហ្គា​វើ​ល​ដែល​សល់​សមាជិក​តែ​១០​នាក់ ២-១ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​កាលពី​រសៀល​ថ្ងៃទី​២១ តុលា​។ រីឯ​ក្រុម​ភ្នំពេញ​ក្រោ​ន​បាន​ធ្លាក់​ចេញពី​តំបន់ Top 4 ក្រោយ​ចាញ់​ក្រសួងការពារជាតិ ១-០ នៅលើ​ទឹកដី​របស់ខ្លួន ខណៈ​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​)​ទម្លាក់​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ពី​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​។ ចំណែក​បឹងកេត​បាន​លត់​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​(​ស៊ីម៉ាក់​) ៥-០ នៅលើ​ទឹកដី​ខេត្តស្វាយរៀង​។​

 
​ក្រោយ​ចាញ់​បឹងកេត ២-០ នៅលើ​ទឹកដី​របស់ខ្លួន​កាលពី​សប្តាហ៍​មុន​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​បន្ត​ចាញ់​ក្រុម​ណាហ្គា​វើ​ល​ក្នុង​លទ្ធផល ២-១ ទាំង​ហួសចិត្ត​ដ្បិត​ណាហ្គា​វើ​ល​សល់​សមាជិក​តែ​១០​នាក់​។ ការ​ចាញ់​ពីរ​ប្រកួត​ជាប់​គ្នា​នេះ​បានធ្វើ​ឲ្យ​តំណែង​កំពូល​តារាង​របស់​ក្រុម​នេះ​កាន់តែ​រង្គោះរង្គើរ ខណៈ​បឹងកេត និង​ណាហ្គា​វើ​ល​កំពុង​តាម​ប្រជែង​យ៉ាង​ប្រកៀក​ប្រកិត​។ 
 
​ក្នុងជំនួប​ដ៏​តានតឹង​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​ខ្សែប្រយុទ្ធ​ជនជាតិ​ប្រេ​ស៊ី​ល Diego Gama បានតែ​តបាល់​បញ្ចូល​ទី​នាំមុខ ១-០ ឲ្យ​ណាហ្គា​វើ​ល​នៅ​នាទី​ទី​១៧​ក្រោម​ការ​ទាត់​ចេញពី​ជ្រុង​របស់​កីឡាករ ឆេង ម៉េង​។ នៅ​នាទី​៦០​អ្នកចាំទី សំរិត សីហា បាន​រង​ពិន័យ​កាត​ក្រហម​ក្រោយ​ហក់​ចាប់​បាល់​ទៅបុក​កីឡាករ Anderson Zogbe ឲ្យ​ដួល​ពេញទំហឹង​នៅ​តំបន់​គ្រោះថ្នាក់​។ 
 
​តាមរយៈ​កាត​ក្រហម​នេះ​បានផ្តល់​ឱកាស​មាស​ដល់​ព្រះខ័ន​រាជ​ស្វាយរៀង​ទទួលបាន​បាល់​ពិន័យ​១១​ម៉ែត្រ​ពី​ណាហ្គា​វើ​ល​ទៀតផង​។ តែ​ប្រធាន​ក្រុម ប្រាក់ មុន្នី​ឧ​ត្ត​ម ដែលជា​អ្នកទទួល​ភារកិច្ច​ដ៏​សំខាន់​នេះ​ធ្វើ​មិនបាន​សម្រេច​ឡើយ​ដោយមាន​ការជួយ​សង្គ្រោះ​យ៉ាង​ល្អ​ពី​អ្នកចាំទី សំ សុគន្ធ​ដា​រ៉ា ដែល​ដូរ​ចូល​ជំនួស​កីឡាករ Diego Gama​។ 
 
​ការពិន័យ​កាត​ក្រហម​លើ​អ្នកចាំទី សំរិត សីហា ពី​អាជ្ញាកណ្តាល​នេះដែរ​បានធ្វើ​ឲ្យ​មានការ​ប្រកែក​តវ៉ា​យ៉ាងខ្លាំង​ពី​សំណាក់​លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​។ ប៉ុន្តែ​ការ​ប្រកែក​តវ៉ា​នេះ​មិន​គ្រាន់តែ​មិនបាន​ផល​ប៉ុណ្ណោះ​ទេ ថែមទាំង​អាជ្ញាកណ្តាល​សម្រេច​ដេញ​លោក ចាន់ណា ចេញពី​ទីលាន​ប្រកួត​ទៀតផង​។ 
 
​ទោះបី​បាត់បង់​សមាជិក​១​នាក់​ក៏ដោយ ណាហ្គា​វើ​ល​រក្សា​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុងការ​ទប់ទល់​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វ​យ​រៀង​។ តែ​យ៉ាងណា កីឡាករ សារ៉េត គ្រី​យ៉ា បា​នរក​គ្រាប់​បាល់​តាម​ស្មើ ១-១ សម្រាប់​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​នាទី​ទី​៧៦​។ បន្ទាប់មក​កីឡាករ សុះ ស៊ូ​ហា​ណា សម្រេច​គ្រាប់​ទី​២​ឲ្យ​ណាហ្គា​វើ​ល​នៅ​នាទី​ទី​៨១ ដែលជា​គ្រាប់​ជ័យជម្នះ ២-១ សម្រាប់​ណាហ្គា​វើ​ល​។ ជ័យជម្នះ​នេះ​នាំ​ឲ្យ​ណាហ្គា​វើ​ល​បាន​៣​ពិន្ទុ​បន្ថែម​ដើម្បី​ពង្រឹង​ទីតាំង​លេខ​៣​របស់ខ្លួន​ឲ្យ​កាន់តែ​រឹងមាំ​ជាមួយ​៣៦​ពិន្ទុ ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង​ឈរ​កំពូល​តារាង​ដោយមាន​៣៧​ពិន្ទុ​។ 
 
​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​ក្រុម​បឹងកេត​បាន​លត់​ក្រុម​ស៊ីម៉ាក់​ក្នុង​លទ្ធផល ៥-០ ដើម្បី​បាន​៣​ពិន្ទុ​បន្ត​ឈរ​លេខ​រៀង​ទី​២​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​១៨​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ដោយមាន​៣៦​ពិន្ទុ​។ ចំណែក​ការប្រកួត​នៅ​កីឡដ្ឋាន RSN ក្រុម​ទ័ព​បាន​ឡើងទៅ​ឈរ​លេខ​រៀង​ទី​៤​ក្រោយ​ទម្លាក់​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​ដោយ​ជ័យជម្នះ ២-១​។ 
 
​ដោយឡែក ការប្រកួត​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​បន្ត​ពី​ជំនួប​រវាង​ណាហ្គា​វើ​ល​និង​ព្រះខ័ន​រាជ​ស្វាយរៀង ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​បាន​យកឈ្នះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ក្នុង​លទ្ធផល ២-១​។ ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​ក្រុម​ឡើងមក​ពី​លី​ក​លំដាប់​ទី​២​គីរីវង់​សុខ​សែន​ជ័យ​ធ្លាក់​ពី​ក្របខណ្ឌ​លី​ក​កំពូល​ទៅលេង​លី​ក​លំដាប់​ទី​២​វិញ​នៅ​ឆ្នាំក្រោយ​។ បច្ចុប្បន្ន​ក្រុម​នេះ​កំពុង​ឈរ​តារាង​ដោយមាន​៣​ពិន្ទុ ដែលជា​ពិន្ទុ​មិនអាច​គេចផុត​ពី​តំបន់​កាត់ចេញ​ទោះបី​នៅសល់​៤​ប្រកួត​ទៀត​ក៏ដោយ​៕    
 
 

© រក្សាសិទ្ធិដោយ thmeythmey.com