សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិន​ចង់​រំលែក​បទពិសោធ​ដល់​ប្រទេស​ផ្សេង​ដើម្បី​ឲ្យ​សេដ្ឋកិច្ច​ជឿនលឿន​ដូច​ខ្លួន​
22, Oct 2017 , 10:35 am        
រូបភាព
លោក He Lifeng ប្រធានគណៈកម្មការអភិវឌ្ឍ និងកែទម្រង់ជាតិ (ឆ្វេងទីពីរ) និងលោក Ning Jizhe ប្រធានការិយាល័យស្ថិតិជាតិ (ឆ្វេងបង្អស់) ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២១ ខែតុលា
លោក He Lifeng ប្រធានគណៈកម្មការអភិវឌ្ឍ និងកែទម្រង់ជាតិ (ឆ្វេងទីពីរ) និងលោក Ning Jizhe ប្រធានការិយាល័យស្ថិតិជាតិ (ឆ្វេងបង្អស់) ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២១ ខែតុលា
​ប៉េកាំង​៖ មន្ត្រី​បក្ស​កុម្មុយនីស្ត​ចិន​លោក Ning Jizhe នៅ​ថ្ងៃទី​២១ ខែតុលា បាន​និយាយថា លំនាំ​នៃ ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ចិន អាច​ក្លាយជា​គម្រូ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​យកតម្រាប់​តាម​ដើម្បី ជំរុញ​សេដ្ឋកិច្ច​របស់ខ្លួន​ឲ្យ​កាន់តែ​ប្រសើរឡើង​។ បើតាម​លោក Ning Jizhe ចិន​អាច​ចែករំលែក​បទ ពិសោធន៍​របស់ខ្លួន​ទៅកាន់​ប្រទេស​ផ្សេង​បានដែរ ព្រោះ​ចិន​ធ្វើ​ទំនាក់ទំនង​ជាមួយ​អន្តរជាតិ​ក៏​ដើម្បី ផលប្រយោជន៍​រួមគ្នា​។​

 
​ដូច​ដឹង​ស្រាប់ ចិន​គឺជា​ប្រទេស​ដឹកនាំ​តាមបែប​កុម្មុយនីស្ត តែ​ប្រកាន់​នយោបាយ​សេដ្ឋកិច្ច​ទីផ្សារសេរី​។ ការបើកចំហ​ទីផ្សារ ធ្វើឡើង​ក្រោម​សម័យ​ដឹកនាំ​របស់​អតីត​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន តេង ស៊ា​វ​ភីង ក្នុង​ទសវត្សរ៍​១៩៨០​មក​។ ការប្រកាន់យក​ប្រព័ន្ធ​ទីផ្សារសេរី​នេះ ជួយ​ឲ្យ​សេដ្ឋកិច្ច​ក្នុងស្រុក​របស់​ចិន​រីកចម្រើន​ខ្លាំង​រហូតដល់​កាន់កាប់​តំណែង​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​២ ខណៈ​អត្រា​ភាពក្រីក្រ​ក៏​កាត់បន្ថយ​ជា​លំដាប់​ដែរនោះ​។​
 
​ក្នុងន័យនេះ លោក Ning Jizhe ប្រធានការិយាល័យ​ស្ថិតិ​ជាតិ និយាយថា ប្រទេស​កំពុង​អភិវឌ្ឍ​អាច​យក​ប្រព័ន្ធ​សេដ្ឋកិច្ច​ចិន​ធ្វើជា​មេរៀន​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ខ្លួនឯងបាន ហើយ​ចិន​ក៏​អាច​ប្រាប់​ពីបទ​ពិសោធន៍​របស់ខ្លួន​បានដែរ​។ ក្នុង​សន្និសីទកាសែត​ថ្ងៃទី​២១ ខែតុលា លោក Ning បញ្ជាក់ថា​៖ «​ចាប់តាំងពី​ការបើកចំហរ​មក ពោល​ពី​ការអនុវត្ត​សេដ្ឋកិច្ច​ផែនការ ទៅកាន់​សេដ្ឋកិច្ច​ទី​ផ្សាយ ចិន​បាន​ផ្លាស់ប្ដូរ​មុខមាត់​របស់ខ្លួន​ជាច្រើន​»​។​
 
​ការ​ថ្លែង​ខាងលើនេះ គឺជា​ការឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ថា ប្រទេស​ផ្សេង​អាច​ចម្លង​តាម​លំនាំ​សេដ្ឋកិច្ច​របស់​ចិន​បាន​ឬទេ​។ មន្ត្រី​បក្ស​កុម្មុយនីស្ត​ចិន​រូបនេះ បន្តថា ចិន​នឹង​បន្តធ្វើ​ការទាក់ទង​ជាមួយ​ប្រទេស​ដទៃ ដ្បិត​ពិភពលោក​បច្ចុប្បន្ន​គឺជា​យុគសម័យ​ពហុ​ប៉ូល ដែល​មិនទាន់​ប្រែប្រួល​អ្វី​ទេ​។ សព្វថ្ងៃ ក្រុង​ប៉េកាំង​ធ្វើ​កិច្ច​ជាច្រើន​ដើម្បី​ពង្រីក​សេដ្ឋកិច្ច​របស់ខ្លួន រាប់ទាំង​ការចេញ​បទបញ្ញត្តិ​សម្រួលការ​ទាក់ទាញ​វិនិយោគ​ពី​អន្តរជាតិ​ជាដើម​។​
 
​សារព័ត៌មាន​ចិន People Daily ផ្សាយ​ថា ផលិតផល​ក្នុងស្រុក​សរុប (GDP) នៅ​៦​ខែ​ដើមឆ្នាំ​២០១៧ មាន​ចំនួន​៦,៩​ភាគរយ ដែល​នេះ​ជា​អត្រា​ខ្ពស់​មួយ​។ ដោយឡែក មន្ត្រីជាន់ខ្ពស់​ចិន​ម្នាក់ទៀត គឺ​លោក He Lifeng ដែលជា​ប្រធាន​គណៈកម្មការ​អភិវឌ្ឍ និង​កែទម្រង់​ជាតិ អះអាងថា GDP របស់​ចិន​នៅ​ឆ្នាំ​២០១៧ នឹងមាន​អត្រា​៦,៥​ភាគរយ ប៉ុន្តែ​លទ្ធផល​ព្យាករណ៍​នៅ​ដំណាច់ឆ្នាំ​រំ​ពឺ​ង​ថា​អាច​នឹង​កើន​ខ្ពស់​ផងដែរ​។ 

​បើតាម​លោក He ទោះជា​ចិន​នៅតែ​បន្ត​ស្រោចស្រង់​សេដ្ឋកិច្ច​របស់ខ្លួន​ក្ដី សូចនាករ​សេដ្ឋកិច្ច​ជាច្រើន​ដូចជា​អតិផរណា GDP និង​អត្រា​មានការ​ងារ ស្ថិតក្នុង​កម្រិត​ថេរ ហើយ​ប្រជាជន​ច្រើនជាង​ដប់​លាន​នាក់​ក្នុង​មួយឆ្នាំ​រួច​ផុតពី​បន្ទាត់​ក្រីក្រ​។ ចំពោះ​ជំហរ​ចែករំលែក​បទពិសោធន៍​វិញ លោក Ning សង្កត់ធ្ងន់ថា នេះ​ជា​ជំហរ​របស់លោក ស៊ី ជិន​ភីង ដើម្បី​សម្រេច​ឲ្យ​គោលដៅ​នៃ​ការបង្កើត​សហគមន៍​រួមគ្នា​សម្រាប់​ពិភពលោក​៕

© រក្សាសិទ្ធិដោយ thmeythmey.com