ក្រុមហ៊ុន ផាក កាហ្វេ ហ្វ៊ូដ អេនបេវើរីច កាលពីថ្ងៃទី១៩ ខែតុលា បានបើកសម្ពោធផាកកាហ្វេ (Park Café) ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាសាខាទី ១១ របស់ខ្លួន ដោយមានការរៀបចំពិធីបែបសាសនា ការនិមន្តព្រះសង្ឃសូត្រមន្តលើករាសី ការរាប់ប្រគេនព្រះសង្ឃ៦៨អង្គ។ ពិធីសម្ពោធផាកកាហ្វេសាខាទី១១នេះ មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស គណៈគ្រប់គ្រង ប្រធានផ្នែក ក្រុមគ្រួសារបុគ្គលិកជាច្រើនកុះករ។
ផាកកាហ្វេសាខាទី១១របស់ក្រុមហ៊ុន ផាក កាហ្វេ ហ្វ៊ូដ អេនបេវើរីច មានការរចនាថ្មីស្រឡាងទាំងស្រុង ដោយផ្តោតលើទំរង់អគារបុរាណ ដែលច្របាច់បញ្ចូលរវាងគំនូសប្លង់បែបត្រូពិក ខល ដែលមានក្លោងទ្វាទំរង់ប្រាសាទបុរាណខ្មែរ អមជាមួយដំបូលក្បឿងដែលបង្ហាញពីរចនាបថផ្ទះខ្មែរ និងជាពិសេសអគារទាំងមូលត្រូវបានរចនាជាលក្ខណចំហរប្រៀបដូចជាសារមន្ទីរជាមួយគូទឹកវិលពន្ធ័ជុំវិញហាងអមដោយធម្មជាតិយ៉ាងត្រជាក់ភ្នែកផងដែរ។
បើប្រធានប្រចាំសាខានេះ ផាកកាហ្វេដែលមានទីតាំងស្ថិតនៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានបម្រើជូននូវអាហារពេលព្រឹក ថៃ្ងត្រង់ ល្ងាច ជាពិសេសគឺមានអាហារបែបខ្មែរ ចិន ថៃ និងមានទទួលរៀបចំអាហារជា ក្រុមសម្រាប់ ក្រុមហ៊ុននានាទេសចរណ៌ផងដែរ។
ផាកកាហ្វេបានចាប់បដិសន្ធិឡើងនៅឆ្នាំ២០០៤ តែមួយសាខាភោជនីយដ្ឋានប៉ុណ្ណោះ ដោយស្ថាបនិកវ័យក្មេងជាយុវជនខ្មែរបួនរូបក្រោយពីពួកគាត់បានត្រឡប់មកពីដំណើរទស្សនកិច្ចនៅក្រៅប្រទេស ដោយយល់ឃើញពីឱកាស និង តម្រូវការរបស់ប្រជាជនកម្ពុជា ទៅលើភោជនីយដ្ឋានដែលមានបរិយាកាសផាសុកភាព ម្ហូបឆ្ងាញ់ៗ គ្មានជាតិប៊ីចេង និង សេវាកម្មទំនើប ដូច្នេះហើយទើបលោកសម្រេចបង្កើតភោជនីយដ្ឋានមួយនេះ ហើយបានដាក់ឈ្មោះថា ភោជនីយដ្ឋាន ផាក កាហ្វេ មានទីតាំងនៅមុខមជ្ឈមណ្ឌលកំសាន្តផាកវ៉េ។
ដោយ សារមានការគាំទ្រពីសំណាក់អតិថិជនលើសេវាកម្ម ផលិតផលរបស់ផាកកាហ្វេកាន់តែច្រើនឡើង ដោយសារការអភិវឌ្ឍន៍ខ្លួន និង ធនធាន មនុស្សប្រកបដោយប្រសិទ្ធភាព បានធ្វើឲ្យផាកកាហ្វេប្រែខ្លួនពីអាជីវកម្មបែបគ្រួសារមកជាអាជីវកម្មស្តង់ដា និង មានសាខារហូតដល់១១សាខា។ សព្វថ្ងៃ មានយុវជន យុវតីខ្មែរ ប្រមាណ៣៣០នាក់ កំពុងបំរើការងារនៅក្នុងក្រុមហ៊ុនផាកកាហ្វេដែលនេះក៏ជាចំណែកមួយជួយកាត់បន្ថយភាព ក្រីក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបានទទួលអតិថិជនប្រមាណជាង១.៥លាននាក់ក្នុងឆ្នាំ២០១៦។
កាលពី២០១៦កន្លងទៅនេះ ផាកកាហ្វេបានសម្ពោធន៍សាខាថ្មីចំនួន០៣កន្លែង ដែលក្នុងនោះមានសាខាផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម សាខាផាកកាហ្វេបាក់ទូក និង សាខាផាកកាហ្វេបឹងកេងកងប៉ាស្ទ័រ។ ហើយនៅឆ្នាំ២០១៧ នាខែសីហាកន្លងទៅនេះ ផាកកាហ្វេទើប តែបើកសម្ពោធនូវរចនាបថថ្មីនៃសាខាផាកកាហ្វេសន្ធរម៉ុក ដែលមានការពង្រីកទំហំហាងទ្វេដងជាមួយការឌីសាញ់នូវកញ្ចក់កោងដែរជា Signature ថ្មីរបស់ផាកកាហ្វេ។
កាលពីខែកញ្ញាកន្លងមក ផាកកាហ្វេបានបើកដំណើរការសាខាលក់សិទិ្ធអាជីវកម្មរបស់ខ្លួនលើកដំបូងនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលនេះបានបង្ហាញថា អាជីវកម្មអាហារ និងភេសជ្ជៈក្នុងស្រុកកំពុងពង្រីកខ្លួនមិនចាញ់បរទេសឡើយ។ លោក ហេង សេងលី នាយកគ្រប់ គ្រង ក្រុមហ៊ុនផាកកាហ្វេ បានថ្លែងប្រាប់ពាណិជ្ជកម្មកម្ពុជា កាលពីម្សិលមិញថា ការសម្រេចដាក់លក់សិទ្ធិអាជីវកម្ម (Franchise) ជាលើកដំបូងនៅច្រកចេញ-ចូលរបស់ប្រទេសនេះ គឺជាសញ្ញាវិជ្ជមានមួយល្អសម្រាប់កេរ្តិ៍ឈ្មោះក្រុមហ៊ុនក្នុងស្រុកថែមមួយកម្រិតទៀត ហើយសូម អរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Sajibumi ដែលបានលើកទឹកចិត្ត និង ជួយគាំទ្រម៉ាកសញ្ញា(Brand) របស់ខ្មែរ។
នៅពេលអនាគត ផាកកាហ្វេមានចក្ខុវិស័យពង្រឹកខ្លួនអោយក្លាយជាភោជនីយដ្ឋានលំដាប់ថ្នាក់លេខ1ក្នុងប្រទេសកម្ពុជាតាមរយៈ ការ អភិវឌ្ឍន៍ គុណភាពម្ហូបអាហារ គុណភាពសេវាកម្ម គុណភាពអនាម័យ និង ការរចនាភោជនីយដ្ឋានឲ្យកាន់តែទំនើប ព្រមទាំង ការបើកសាខា បន្ថែមឲ្យបាន ៣១សាខា នៅក្នុងរាជធានីភ្នំពេញ និង តាមបណ្ដាខេត្តនានា នៅឆ្នាំ២០២០៕
(អត្ថបទពាណិជ្ជកម្ម)