ពីនេះ ពីនោះ
អ្វីទៅជា «ការប្រែប្រួលនីវ៉ូទឹកសមុទ្រ»?
× ភ្នំពេញ៖ ពាក្យ «ការប្រែប្រួលនីវ៉ូទឹកសមុទ្រ» ជាពាក្យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពាក្យនេះ ស្ថិតនៅក្នុងសទ្ទានុក្រមប្រែប្រួលអាកាសធាតុ។
ពាក្យ «ការប្រែប្រួលនីវ៉ូទឹកសមុទ្រ»( Sea level change) ជាការកើនឡើងឬការថយចុះនូវនីវ៉ូទឹកសមុទ្រទាំងនៅកម្រិតសកល ទាំងនៅតាមតំបន់ ដោយសារតែ (១) ការប្រែប្រួលសណ្ឋានផ្ទៃមហាសមុទ្រ (២) ការប្រែប្រួលមាឌមហាសមុទ្រដែលបណ្តាលមកពីការប្រែប្រួលម៉ាសទឹកនៅក្នុងមហាសមុទ្រ និង(៣) ការប្រែប្រួលមាឌមហាសមុទ្របណ្តាលមកពីការប្រែប្រួលដង់ស៊ីតេទឹក។
ការប្រែប្រួលនីវ៉ូទឹកសមុទ្រមធ្យមសកលកើតចេញពីការប្រែប្រួលម៉ាសទឹកក្នុងមហាសមុទ្រហៅថា បារីស្តាទិក(barystatic)។ ទំហំនៃការប្រែប្រួលនីវ៉ូទឹកសមុទ្រតាមលក្ខខណ្ឌបារីស្តាទិក អាស្រ័យលើការកើនឡើងឬការថយចុះម៉ាសទឹកហៅថា សមមូលនីវ៉ូទឹកសមុទ្រ(SLE)។
ការប្រែប្រួលនីវ៉ូទឹកសមុទ្រនៅកម្រិតសកលនិងតំបន់ បណ្តាលមកពីការប្រែប្រួលដង់ស៊ីតេទឹកហៅថា ស្តេរិក(steric)។ ការប្រែប្រួលដង់ស៊ីតេដែលបណ្តាលមកពីការប្រែប្រួលសីតុណ្ហភាពហៅថា ទែម៉ូស្តេរិក(thermosteric) ឯការប្រែប្រួលដង់ស៊ីតេដែលបណ្តាលមកពីការប្រែប្រួលកម្រិតជាតិប្រៃហៅថា ហាឡូស្តេរិក(halosteric)។
ដកស្រង់ពីសទ្ទានុក្រមការប្រែប្រួលអាកាសធាតុ (Lexicon of Climate Change) ដែលបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន (ឆ្នាំ២០១៧)៕
© រក្សាសិទ្ធិដោយ thmeythmey.com