ជាតិ
ក្រសួង​ធនធានទឹក​៖ អំឡុង​បុណ្យអុំទូក អាចមាន​ភ្លៀង​ធ្លាក់​នៅពេល​យប់
23, Oct 2017 , 2:59 pm        
រូបភាព
ដោយ:
​មិនមាន​ភ្លៀង​បង្ក​ការរំខាន​ដល់​ការ​ប្រណាំងទូក​នៅពេល​ថ្ងៃ​នោះឡើយ ប៉ុន្តែ​ភ្លៀង​អាច​ធ្លាក់​នៅពេល​យប់​វិញ​។ លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ប្រាប់ សារព័ត៌មាន​ថ្មីៗ​ដូច្នេះ នៅ​ថ្ងៃទី​២៣ ខែតុលា​នេះ​។ ការប្រែប្រួល​អាកាសធាតុ​យ៉ាងណា​ទៀត នៅ​ថ្ងៃ​អុំទូក ក្រសួង​ធនធានទឹក នឹង​ជួន​ព័ត៌មាន​លម្អិត​នៅ​កៀក​ថ្ងៃ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​ប្រពៃណីជាតិ​នេះ​។ នេះ​បើតាម​អ្នកនាំពាក្យ​ដដែល​។



​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​ខាងមុខនេះ អាច​នឹងមាន​ភ្លៀង​ធ្លាក់​នៅពេល​យប់ ប៉ុន្តែ​នៅពេល​ថ្ងៃ​មិនមាន​ភ្លៀង ដែល​រំខាន​ដល់​ការ​ប្រណាំងទូក ឡើយ​។ នេះ​បើតាម លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ដើរលេង​កម្សាន្ត​បុណ្យអុំទូក​ប្រុងប្រយ័ត្ន យក​ឆ័​ត្រ ឬ​អាវ​ភ្លៀង ទៅតាម​ជាមួយ​ផង​។



​ការប្រែប្រួល​អាកាសធាតុ​យ៉ាងណា ក្នុង​ពិធីបុណ្យ​អុំទូក​នេះ ក្រសួង​នឹង​ជួន​ព័ត៌មាន​លម្អិត​បន្ថែម នៅ​កៀក​ថ្ងៃ​ប្រារព្ធ​ព្រះ​រាជពិធី​ប្រពៃណីជាតិ​មួយ​នេះ​។ តាម លោក ចាន់ យុ​ត្ថា កម្ពស់   ទឺ​ក​ទន្លេ​នៅក្នុង​អំឡុង​ពិធីបុណ្យ ក៏​ស្ថិតក្នុង​កម្រិត​ល្អប្រសើរ​មួយ ដែល​អំណោយផល​ដល់​ការប្រណាំង​ទូក គឺ​រង្វង់​ជាង​៧​ម៉ែត្រ​។  លោក​ចាន់  យុ​ត្ថា បញ្ជាក់​ដូច្នេះ​៖«​ក្នុង​រង្វង់​ជាង​៧​ម៉ែត្រ​នេះ គឺ​ល្អប្រសើរ​កាលណា​បើ​ទឹក​ទាប​ពេក ពិបាកធ្វើ​ឲ្យ​ទន្លេ​រួម​តូច ហើយ​ចរន្ត​កាន់តែខ្លាំង​។ តែ​ដល់ពេល​៧​ម៉ែត្រ​ជាង អំណោយផល​មានន័យថា​ល្បឿន​ទឹក​មិនសូវ​លឿន​ខ្លាំង ហើយ​ទន្លេធំ​មិនសូវ​ឲ្យ​មានការ​ប៉ះពាល់​គ្នា​នៅពេល​អុំទូក​»​។

​សម្រាប់​ស្ថានភាព​អាកាសធាតុ ក្នុង​សប្តាហ៍​នេះ​វិញ កម្ពុជា នឹង​ទទួលរង​នូវ​ប្រព័ន្ធ​សម្ពាធ​ទាប និង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន ដែល​អាច​ឲ្យ​ខេត្ត​ភាគខាងត្បូង​ប្រទេស​មាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៧ ខែតុលា​៕


Tag:
 ចាន់ យុ​ត្ថា​
 ​ ភ្លៀង​
  អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com