ជាតិ
កម្ពុជា កំពុង​ប្រឈម​ជាប់​ឈ្មោះ​ក្នុង​«​បញ្ជី​ប្រផេះ​» របស់​ក្រុមប្រឆាំង​ការសម្អាត​ប្រាក់​កខ្វក់​
25, Oct 2017 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​កំពុង​ស្ថិតនៅ​មាត់ច្រក​នៃ​«​បញ្ជី​ប្រផេះ​» (Grey List) របស់​ក្រុមប្រឆាំង​ការសម្អាត​ប្រាក់​កខ្វក់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច (APG)​។ APG ទុក​រយៈពេល​១៥​ខែ ដើម្បី​ឲ្យ​កម្ពុជា​គេចផុត​ពី​«​បញ្ជី​ប្រផេះ​» ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​អ្នកវិនិយោគ​ក្នុងប្រទេស​កម្ពុជា​។​



​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង (ACU) ហាក់​មិន​បដិសេធ​ចំពោះ​ការវាយតម្លៃ​របស់​APG ដែល​បង្ហាញ​លទ្ធផល​ថា កម្ពុជា​ស្ថិតនៅ​មាត់ទ្វារ​ចូល​បញ្ជី​ប្រផេះ (Grey List) ដោយសារតែ​បញ្ហា​សម្អាត​ប្រា​ក់នៅ​កម្ពុជា​ឡើយ​។ លោក ឱម យ៉ិនទៀង បាន​និយាយថា មូល​ហេតុដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ច្រកចូល​បញ្ជី​ប្រផេះ​នេះ ព្រោះតែ​កម្ពុជា​នៅមាន​ការយល់ដឹង​ពី​ការសម្អាត​ប្រាក់​នៅមានកម្រិត និង​មាន​ចំណុច​ខ្វះខាត​ជាច្រើន​ទៀត​ដែល​ត្រូវបំពេញ ដើម្បី​ទប់ស្កាត់​បញ្ហា​ទាំងនេះ​។



​របាយការណ៍​វាយតម្លៃ​របស់​ក្រុមប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច (APG) បាន​បង្ហាញថា កម្ពុជា​គ្មាន​គោលនយោបាយ​សម្របសម្រួល និង​ផែនការ​សកម្មភាព​ប្រឆាំង​ការសម្អាត​ប្រាក់​, មិនមាន​វិធានការ​តាមដាន​វិស័យ​ដែលមាន​ហានិភ័យ ដោយសារ​ការសម្អាត​ប្រាក់​, ខ្វះ​ការស៊ើបអង្កេត​ការសម្អាត​ប្រាក់​,​ទណ្ឌកម្ម​លើ​ការសម្អាត​ប្រា​ក់នៅ​ទាប​ពេក​,​ខ្វះ​ច្បាប់​MLA,​សមត្ថភាព​អាជ្ញាធរកណ្ដាល​នៅមានកម្រិត ,​កម្ពុជា​ស្នើសុំ​MLA​និង​បត្យាប័ន​តិចតួច និង​FIU​នៅ​ខ្វះ​បុគ្គលិក​ជាដើម​។​

​ឆ្លើយតប​នឹង​ការវាយតម្លៃ​នេះ​លោក ឱម យ៉ិនទៀង បាន​បញ្ជាក់ថា កម្ពុជា​នឹង​រៀបចំ​ដាក់ចេញ​យុទ្ធនាការ​ប្រឆាំង និង​ទប់ស្កាត់​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម នៅតាម​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ឬ​នៅ​កន្លែង​វេ​ប្រាក់​ជាដើម ។​

​ថ្លែង​ក្នុង​សិក្ខាសាលា​ជំនាញ​ស្តីពី ការប្រឆាំង​ការលាង​សម្អាត​ប្រាក់ ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដែល​រៀបចំឡើង​ដោយ ACU និង​ធនាគារពិភពលោក នៅ​ព្រឹក​ថ្ងៃទី​២៥ តុលា​នេះ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​និយាយ​ដូច្នេះ​ថា​៖«​ដើម្បី​កែលម្អ​និង​បំពេញ​ចំណុច​ខ្វះខាត ទី​១​ដាក់ចេញ​យុទ្ធនា​ការកសាង​និង​ប្រមូល​កម្លាំង​ពាក់ព័ន្ធ ដើម្បី​ឆ្លើយតប​សភាពការណ៍​ឲ្យ​បាន​ឆាប់​ទាន់ពេល​និង​មាន​ប្រសិទ្ធភាព​សម្រាប់​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ។ ទី​២ ត្រូវមាន​ចំណាត់ការ​ប្រឆាំង និង​ទប់ស្កាត់​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម នៅតាម​ធនាគារ នៅតាម​អង្គភាព​មីក្រូហិរញ្ញវត្ថុ និង​នៅតាម​ស្ថាប័ន និង​វិស័យ​មិនមែន​ហិរញ្ញវត្ថុ​ដូចជា កន្លែង​វេ​ប្រាក់ កាស៊ីណូ កន្លែង​អចលនទ្រព្យ​ជាដើម​។ ឯ​ទី​៣ បង្កើន​ការស៊ើបអង្កេត ហើយ​មិន​ត្រឹម​បង្កើន​ការសង្កេត​ទេ គឺ​បង្កើន​ការដាក់ទោស​ថែមទៀត​…»​។​

​សូម​ស្ដាប់​សំឡេង​៖




​ការលាង​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ភាគច្រើន​កើតចេញ​មកពី​ការប្រព្រឹត្ត​អំពើពុករលួយ ជួញដូរ​គ្រឿងញៀន ជួញដូរ​មនុស្ស ឆបោក បទល្មើស​ឆ្លងដែន​ជាដើម​។ នេះ​ជា​បញ្ជាក់​របស់លោក ឱម យ៉ិ​ន​ទៀន ដែល​បន្ថែមថា អ្នកទទួលបាន​ប្រាក់​កខ្វក់​ពី​វិស័យ​ទាំងនេះ តែងតែ​បង្កើន​ជំនួញ​អ្វីមួយ នៅក្នុង​វិស័យ​ណា​ផ្សេងទៀត ដើម្បី​លាង​សម្អាត​ប្រាក់​។ បើតាម​លោក ឱម យ៉ិ​ន​ទៀន មូល​ហេតុដែល​នគរបាល​យុត្តិធម៌​មិនទាន់​អាច​ទប់ស្កាត់​ការលាង​សម្អាត​ប្រា​ក់នៅ​កម្ពុជា ដោយសារតែ​មិនមាន​ភស្តុតាង និង​ឯកសារ និង​ការខ្វះខាត​ជំនាញ​ស៊ើបអង្កេត​លើ​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​នេះ​។​

​កម្ពុជា​កំពុង​ស្ថិតនៅ​មាត់ច្រក​នៃ​«​បញ្ជី​ប្រផេះ​» (Grey List) របស់​ក្រុមប្រឆាំង​ការសម្អាត​ប្រាក់​កខ្វក់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច (APG)​។ APG ទុក​រយៈពេល​១៥​ខែ​(​គិតពី​ខែ​កក្ដ​ដា​១​ឆ្នាំ​២០១៧ ដល់​តុលា ឆ្នាំ​២០១៨) ដើម្បី​គេចផុត​ពី​«​បញ្ជី​ប្រផេះ​» ដែល​កុំ​ឲ្យ​បង្ក​ផលប៉ះពាល់​ដល់​អ្នកវិនិយោគ​ក្នុងប្រទេស​កម្ពុជា​។ កម្ពុជា​ត្រូវ​ផ្ដល់​របាយការណ៍​រយៈពេល​៣​ខែម្ដង ដល់​ក្រុមប្រឆាំង​ការសម្អាត​ប្រាក់​កខ្វក់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច ត្រួតពិនិត្យ​នឹង​វាយតម្លៃ​។​នេះ​បើតាម​របាយការណ៍​វាយតម្លៃ (Mutual Evaluation Report-MER) ដែល​បានធ្វើ​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២០ របស់​APG នៅ​ទីក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា​។​



«​បញ្ជី​ប្រផេះ​» គឺជា​សញ្ញា​ហានិភ័យ​មួយ​ដល់​បណ្ដា​ប្រទេស​នៅក្នុង​ពិភពលោក នៃ​សមាជិក​ក្រុមប្រឆាំង​ការសម្អាត​ប្រាក់​កខ្វក់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច (APG) ដែល​សង្ស័យថា មាន​ករណី​ចរាចរ​លើ​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​នេះ​។ ដូច្នេះ​បើ​កម្ពុជា​មិនអាច​ទប់ស្កាត់​ករណី​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​បានទេ នោះ​កម្ពុជា​នឹង​ជាប់​ឈ្មោះ​ក្នុង​«​បញ្ជី​ប្រផេះ​»​របស់ APG ដែល​អាច​បង្ក​ការពិបាក​ដល់​អ្នកវិនិយោគ​មួយចំនួន ដូចជា វិស័យ​ធនាគារ​នឹងត្រូវ​បាន​គេ​ចាត់វិធានការ​តឹងរឹង ចំពោះ​ការ​វេរ​ប្រាក់​ឆ្លងកាត់​កម្ពុជា និង​ការ​វេរ​ប្រាក់​ពី​កម្ពុជា​ទៅ​ប្រទេស​ដទៃ ពោល​បានន័យថា ការ​វេរ​ប្រាក់​ទាំងនេះ ត្រូវ​ប្រឈម​នឹង​ការតាមដាន​ត្រួតពិនិត្យ ពី​សំណាក់​អាមេរិក​(​ប្រាក់​ដុល្លារ​) និង​សហគមន៍​អឺរ៉ុប​(​ប្រាក់​អឺរ៉ូ​) មុន​ដាក់បញ្ចូល​ក្នុង​គណនី​ធនាគារ​។ ត្រង់នេះ​បានន័យថា ការ​វេរ​ប្រាក់​ចេញចូល​កម្ពុជា នឹងមាន​ដំណើរការ​យឺតយ៉ាវ ដែល​ប៉ះពាល់​ដល់​វិនិយោគិន​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​អ្នកវិនិយោគ​ធំៗ មិន​ចង់​មក​ដាក់ទុន​នៅ​កម្ពុជា​។ ជាពិសេស​ធនាគារ​ក្នុងស្រុក នឹង​ក្លាយជា​អ្នករងគ្រោះ​មុនគេ ក្នុង​ការជួប​បញ្ហា​ធុរកិច្ច​របស់ខ្លួន ហើយ​សេដ្ឋកិច្ច​នឹង​ធ្លាក់ចុះ​ជាដើម​។​

​ដោយសារ​បញ្ហា​នេះ​ទើប​អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU និង​ធនាគារពិភពលោក រៀបចំ​សិក្ខាសាលា ដែល​ប្រព្រឹត្តិ​ទៅ​រយៈ​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៥ ដល់​២៧ តុលា ដើម្បី​ស្វែ​ករក​ដំណោះស្រាយ និង​វិធានការ​ប្រឆាំង និង​ទប់ស្កាត់​តាមផ្លូវ​ច្បាប់ លើ​ការលាង​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​នេះ​។​

​បើតាម​ការប៉ាន់ស្មានរ​បស់​IMF សកម្មភាព​សម្អាត​ប្រាក់​មាន​ប្រហែល​៣​ភាគរយ​ទៅដល់​៥​ភាគរយ នៃ​GDP​របស់​ពិភពលោក មានន័យថា​ក្នុងចំណោម​ប្រាក់​២០​ដុល្លារ មាន​១​ដុល្លារ​ក្លាយជា​កម្មវត្ថុ​នៃ​ការសម្អាត​ប្រាក់​៕


Tag:
 ឱម យ៉ិនទៀង​
  APG
  FATF
 ​ ពុករលួយ​
 ​ សម្អាត​ប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com