ជាតិ
​​​ន​យោ​បាយ​ជាតិ​
ច្បាប់ «​យក​អាសនៈ​នៃ​បក្ស​ដែល​ត្រូវ​រំលាយ ទៅ​ឲ្យ​បក្ស​ផ្សេង​» ដាក់​ឲ្យ​អនុវត្ត​ពីថ្ងៃ​នេះ​តទៅ​
25, Oct 2017 , 5:07 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សេចក្តីស្នើសុំ​ឲ្យ​កែ​ច្បាប់​ចំនួន​៤ ដែលមាន​ខ្លឹមសារ​ជារួម​ថា «​រាល់​អាសនៈ​គណបក្ស​ដែល​ត្រូវបាន​រំលាយចោល ត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្ស​ដទៃ​» បាន​ក្លាយជា​ច្បាប់​ហើយ បន្ទាប់ពី ព្រះមហាក្សត្រ បាន​ឡាយព្រះហស្តលេខា​លើ​ព្រះរាជក្រឹម នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២0១៧​នេះ ដើម្បី​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។



​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ច្បាប់ទាំង៤ ត្រូវចូលជាធរមាន ហើយដាក់​ឲ្យ​អនុវត្ត​ភ្លាម​តែម្តង បន្ទាប់ពី​ព្រះមហាក្សត្រ ឡាយព្រះហស្តលេខា​។ លោក បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ច្បាប់​ទាំងនេះ ត្រូវដាក់​ឲ្យ​ប្រើប្រាស់​ទូទាំង​ប្រ​ទេស​ពីថ្ងៃនេះ​ទៅ ព្រោះ​ជាការ​ប្រញាប់​»​។ 

​ការកែ​ច្បាប់​ទាំង​៤ ដែល​កើតចេញពី​ការផ្តួចផ្តើម​របស់​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ការយល់ព្រម​ជា​បន្ត​បន្ទាប់ពី​ស្ថាន​ប័ន​ជាតិ​កំពូលៗ ដែល​រួមមាន រដ្ឋសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ​។ ស្ថាប័ន​ទាំងនេះ ចាត់ទុក​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ទាំងនេះ ថា​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​។

​ច្បាប់​ទាំង​៤ ដែល​ត្រូវបាន​កែប្រែ រួមមាន ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​៕


Tag:
 ច្បាប់​ចែក​អាសនៈ​
  ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com