ជាតិ
សេដ្ឋកិច្ច
អ្នកវិភាគ​៖ បើ​មាន​សម្ពាធ​អាមេរិក និង​អន្តរជាតិ ចិន​នឹង​ក្លាយជា​ខ្នងបង្អែក​ដ៏​រឹងមាំ​របស់​កម្ពុជា​
27, Oct 2017 , 11:51 am        
រូបភាព
​ភ្នំពេញ​៖ អ្នកវិភាគ ថា បញ្ហានយោបាយ​នៅ​កម្ពុជា គឺ​មានតែ​មហាអំណាច​ចិន ដែល​អាច​អន្តរាគមន៍​ដោះស្រាយ​ភាព​តានតឹង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព តាមរយៈ​ការដាក់​សម្ពាធ​ពី​អាមេរិក និង​សហគមន៍​អន្តរជាតិ ។ ប៉ុន្តែ​រដ្ឋាភិបាល ថា ចិន​មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា​ឡើយ​។​



​កាលពីពេល​ថ្មីៗ​នេះ កាសែត​រដ្ឋ​ចិន បាន​ព្រមាន​ពី​ហានិភ័យ​ដែល​កើតឡើង​ដោយសារ​ចាត់វិធានការ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា លើ​អ្នកនយោបាយ​ប្រឆាំង និង​ក្រុម​សង្គម​ស៊ីវិល និង​អាច​បង្ក​ការប៉ះពាល់​ដល់​ការវិនិយោគ និង​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​។ ត្រង់ចំណុច​នេះ​អ្នកវិភាគ ពន្យល់ថា ការលើកឡើង​របស់​កា​សែត​រដ្ឋ​ចិន​នេះ គឺ​បង្ហាញ​ក្តី​ព្រួយបារម្ភ​របស់​ពួកគេ ចំពោះ​ការដាក់ទុន​នៅ​កម្ពុជា​(​បង្កើត​រោងចក្រ​នាំ​ផលិតផល​ទៅ​អាមេរិក និង​សហគម​អឺរ៉ុប ) ដែល​អាច​រង​សម្ពាធ​ផ្នែក​សេដ្ឋកិច្ច​ពី​អាមេរិក និង​សហគម​អន្តរជាតិ​។

​អ្វីដែល​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នកវិភាគ​លោក សូ ចន្ថា មើលឃើញ​នោះ​ត្រង់​ថា បើ​អាមេរិក​ឈានទៅដល់​ការដាក់ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​លើ​កម្ពុជា​មែន​នោះ វា​នឹងមាន​ការអន្តរាគមន៍​ពី​ប្រទេស​មហាអំណាច​ចិន​យ៉ាង​មាន​ប្រសិទ្ធិភាព លើ​បញ្ហានយោបាយ​កម្ពុជា​។ ត្រង់ចំណុច​នេះ​លោក សូ ចន្ថា បន្ថែមថា រដ្ឋាភិបាល​ចិន នឹងមិន​ឈរ​ឱបដៃ​មើល​អ្នកវិនិយោគ​ពួកគេ​ជួបប្រទះ​ការរកស៊ី​នៅ​កម្ពុជា​ទេ ពោលគឺ​ចិន​នឹង​រក​ដំណោះស្រាយ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នយោបាយ ដោយ​មិន​ឲ្យ​ប៉ះពាល់​ដល់​កា​រវិន​យោគិន​ចិន​ឡើយ​។ បើតាម​លោក សូ ចន្ថា មហាអំណាច​ចិន គឺមាន​ឥទ្ធិពល​ក្នុងការ​ដោះស្រាយ​បញ្ហានយោបាយ​កម្ពុជា ខណៈដែល​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កំពុង​ស្អិតល្មួត​។ ជាពិសេស​ចិន​ក៏ត្រូវ​ការពារ​ភូមិសាស្ត្រ​នយោបាយ​ខ្លួន​ក្នុង​តំបន់ ដើម្បី​កុំ​ឲ្យ​ប្រទេស​ផ្សេង​ចូល​ជ្រៀត​ជ្រៀត​ដែរ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ បាន​អត្ថាធិប្បាយ​ថា ៖«​ជាការ​ពិតណាស់​បើ​អាមេរិក​ដាក់​ទណ្ឌ​សេដ្ឋកិច្ច​លើ​កម្ពុជា​នោះ​ការប៉ះពាល់​ដល់​ផលប្រយោជន៍​ចិន​កើតមាន​។ ដូច្នេះ​ច្បាស់​ណាស់​ថា​ពាណិជ្ជករ​ចិន​ដែល​មក​វិនិយោគ​នៅ​កម្ពុជា នឹង​និយាយ​រក​ដំណោះស្រាយ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​សម្រួល​បើក​ច្រក​នយោបាយ​សម្រាប់​ផលចំណេញ​ពាណិជ្ជកម្ម និង​កា​រវិន​យោគ​របស់​ពួកគេ ។ ហើយ​យើង​ដឹង​ហើយ​ថា បើទោះជា​ចិន​ផ្ដល់ជំនួយ​ដល់​កម្ពុជា តែ​ចិន​ក៍​សម្លឹង​ឃើញ​ផលចំណេញ​ពី​កម្ពុជា​វិញ​ដែរ​។ សម្រាប់​ខ្ញុំ​យល់ថា ចិន​នឹង​អន្តរាគមន៍​ជាសម្ងាត់​ជាមួយ​រដ្ឋាភិបាល ដើម្បី​ផលប្រយោជន៍​ពួកគេ​»​។​

​បើតាម​លោក សូ ចន្ថា ក្រៅពី​រដ្ឋាភិបាល​ចិន​នោះ ភាគី​រដ្ឋាភិបាល​ជប៉ុន ក៏មាន​ឥទ្ធិពល​អន្តរាគមន៍​លើ​បញ្ហានយោបាយ​នៅ​កម្ពុជា​ផងដែរ ព្រោះ​ជប៉ុន​បាន​ចូលរួម​ផ្ដល់ជំនួយ​ដល់​កម្ពុ​ជាច្រើន​ផងដែរ​។​

​ការលើកឡើង​របស់​អ្នកវិភាគ​រូបនេះ ស្រប​ពេលដែល​សមាជិក​ព្រឹទ្ធសភា​ដ៏​មាន​ឥទ្ធិពល​ម្នាក់​របស់​សហរដ្ឋអាមេរិក លោក ថេត គ្រូ​ស (Ted Cruz) ទុកពេល​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រឹម​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២0១៧ ដើម្បី​ដោះលែង​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មុននឹង​ដាក់​សម្ពាធ​ផ្នែក​ការទូត​លើ​កម្ពុជា​។ ប៉ុន្តែ​បើ​កម្ពុជា​មិន​ធ្វើតាម​សំណើ​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​រូបនេះ វា​អាចមាន​ផល​អវិជ្ជមាន​ជាច្រើន ដែល​អាច​ឈានដល់​ការដាក់ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​មកលើ​ប្រទេស​កម្ពុជា​ផងដែរ​។​
អត្ថបទទាក់ទង

​អ្នកវិភាគ​នយោបាយ ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​លើ​ភាព​តានតឹង​នយោបាយ​ឡើងវិញ ដើម្បី​កុំ​ឲ្យ​ប្រឈមមុខ​នឹង​ការបាត់បង់​ចំណូល​ពី​ទីផ្សារ​អឺរ៉ុប និង​អាមេរិក ដែល​កម្ពុជា​នាំចូល​ប្រមាណ​ជា​៧០០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ខណៈដែល​ការវិនិយោគ​ចិន​នៅ​កម្ពុជា​ច្រើនជាងគេ​។

​តែ​យ៉ាងណា​រដ្ឋាភិបាល បាន​ច្រានចោល​ការលើកឡើង​រប​ស់​អ្នកវិភាគ​ខាងលើនេះ​។ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ី​ផាន មើលមិនឃើញ​ចំណុច​ណា​ដែល​ធ្វើ​ឲ្យ​អាមេរិក និង​សហគមន៍​អន្តរជាតិ ដាក់ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​មកលើ​ប្រទេស​កម្ពុជា​ដែរ​។​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​សម្តី​របស់​សមាជិកសភា​អាមេរិក​លោក ថេត គ្រូ​ស គ្រាន់តែ​ជា​ភាសា​សម្លុត​កម្ពុជា​ប៉ុណ្ណោះ​។ ប៉ុន្តែ​កម្ពុជា គឺជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដូច្នេះ​យើង​អាចមាន​សិទ្ធិ​នាំចេញ​ពាណិជ្ជកម្ម​ទៅ​ប្រទេស​ទូទាំង​ពិភពលោក មិនមែន​តែ​ទីផ្សារ​អាមេរិក​ទេ​។ ហើយ​ខ្ញុំ​យល់ថា អាមេរិក ក៏មាន​ការថ្លឹងថ្លែង​ដែរ​ថា ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ដើម្បី​ជា​សម្ពាធ​មកលើ​កម្ពុជា វា​ចំណេញ​ឬក៏​ខាត​យ៉ាងម៉េច​»​។​

​ត្រង់ចំណុច​នេះ​លោក ផៃ ស៊ី​ផាន ពន្យល់​ទៅកាន់​អ្នកវិភាគ​វិញ​ដូច្នេះ​ថា​៖«​រាល់​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក​លើ​ប្រទេស​ណាមួយ​នោះ វា​អាស្រ័យ​លើ​អ្នកជំនួញ​អាមេរិក​(Lobby Group)​ទេ ព្រោះ​ការអនុគ្រោះ​ពន្ធ​ទាប​លើ​ការ​នាំចូល​ទំនិញ​ពី​កម្ពុជា ទៅ​អាមេរិក វា​ផ្ដល់​ផលចំណេញ​ច្រើន​ដល់​អ្នកវិនិយោគ​អាមេរិក ដែល​ទទួលបាន​ផលិតផល​តម្លៃ​ទាប ហើយ​លក់បាន​ថ្លៃ​។ ដូច្នេះ​អ្នក​ដែលមាន​សិទ្ធិ​សម្រេច​គឺ​អ្នកជំនួញ​ទាំងនោះ ។ ហើយ​បើ​អ្នកបញ្ជា​ទិញ​-​លក់ដូរ​ទាំងនោះ គិតថា​បិទ​ទីផ្សារ​កម្ពុជា នឹង​នាំ​ឲ្យ​ខាត​ដល់​ការរកស៊ី​របស់​ពួកគេ នោះ​ពួកគេ​គឺជា​អ្នកសម្របសម្រួល​ជាមួយ​អ្នកតាក់តែង​ច្បាប់​អាមេរិក​»​។​

​ឆ្លើយតប​ទៅនឹង​ការចុះផ្សាយ​របស់​កាសែត​រដ្ឋ​ចិន ដែល​និយាយ​ពី​ហានិភ័យ​វិនិយោគ​នៅ​កម្ពុជា​នោះ លោក ផៃ ស៊ី​ផាន ចាត់ទុកថា វា​គ្រាន់តែ​ជាការ​ព្រួយបារម្ភ​របស់​ពួកគេ ខណៈដែល​រដ្ឋាភិបាល​មាន​សមត្ថភាព​គ្រប់គ្រង​ស្ថានភាព ស្ថិរភាព និង​សន្តិសុខ​ជាតិ ទាំង​ផ្លូវច្បាប់ និង​វិធានការ ដើម្បី​ការពារ​ដល់​ការវិនិយោគ​នៅ​កម្ពុជា​។ «​វា​ជា​សិទ្ធិ​នៃ​ការបញ្ចេញមតិ​របស់​ពួកគេ​(​ចិន​)​។ ប៉ុន្តែ​មកដល់ពេលនេះ​រដ្ឋាភិបាល​ចិន មិន​ចាប់អារម្មណ៍​លូកដៃ​ចូល​បញ្ហា​កម្ពុជា​ទេ ព្រោះ​ពួកគេ​ជឿជាក់​លើ​ការសម្រេច​របស់​រដ្ឋាភិបាល​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ផៃ ស៊ី​ផាន ដែល​បាន​បន្ថែមថា រដ្ឋាភិបាល​ជប៉ុន​ក៏បាន​សន្យា​មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា​ដែរ​៕


Tag:
 សូ ចន្ថា​
 ​ផៃ ស៊ី​ផាន​
 ​សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com