ជាតិ
សុខភាព
២៥​ឆ្នាំ គន្ធបុប្ផា​ចំណាយ​៦៣២​លាន​ដុល្លារ តែ​ការព្យាបាល​មាន​ប្រសិទ្ធភាព​ខ្ពស់​
05, Nov 2017 , 2:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃទី​២ ខែវិច្ឆិកា គឺជា​ខួប​២៥​ឆ្នាំ នៃ​ការបង្កើត​មន្ទីរពេទ្យ​គន្ធបុប្ផា​។ រយៈពេល​២៥​ឆ្នាំ​មកនេះ មូលនិធិ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​អស់ ៦៣២​លាន​ដុល្លារ​។ ទោះយ៉ាងណា ក៏ត្រូវ​បាន​គេ​កត់ត្រា​ជាស​កល​ថា មន្ទីរពេទ្យ​យើង​មាន​ប្រសិទ្ធភាព ព្យាបាល​ជាសះស្បើយ​ខ្ពស់​លើសគេ ធៀប​នឹង​ការចំណាយ​។ នេះ​បើតាម​លិខិត របស់​មន្ទីរពេទ្យ ផ្សាយ​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា​។



​លិខិត​ដដែល ក៏​បង្ហាញ​តួលេខ​អ្នកជំងឺ​ដែល​មកពី​គ្រប់​ច្រក​ល្អក​នៃ​ប្រទេស​កម្ពុជា ហើយ​ភាគច្រើន​មាន​ជីវភាព​ទីទ័លក្រ​។ ហេតុនេះហើយ ទើប​រាល់​ការព្យាបាល​ទាំងអស់ គឺ​ឥតគិតថ្លៃ​សម្រាប់​គ្រប់ៗ​គ្នា​។​

​កុមារ​មាន​ជំងឺ និង​ស្ត្រី​មាន​ផ្ទៃពោះ ចំនួន​១៦,៨២២,២២៥​ករណី ត្រូវបាន​ពិនិត្យ និង​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជ​ងឺ​ក្រៅ ។ កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន​១,៨៥៣,៥១០ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​។ ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ២៤៥,៥៩១​នាក់ បាន​សម្រាលកូន​នៅក្នុង​មន្ទីរសម្ភព​នៃ​មន្ទីរពេទ្យ​ជ័យ​វ័រ្មន​ទី​៧(​គន្ធបុប្ផា​ទី​៣)​។​

​ដូច្នេះហើយ ដែល​២៥​ឆ្នាំ​កន្លងទៅនេះ មន្ទីរ​គន្ធបុប្ផា បាន​ក្លាយទៅជា​មន្ទីរពេទ្យ​គំរូ​មួយ និង​ដែល​កាកបាទក្រហមកម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា  បានទទួល​ស្គាល់ និង​អរគុណ ដល់​សកម្មភាព​ដ៏​ជោគជ័យ របស់​មន្ទីរពេទ្យ​គន្ធបុប្ផា ថា​បាន​ចូលរួម​កាត់បន្ថយ​«​អត្រា​ស្លាប់​របស់​មាតា និង​ទារក​» នៅក្នុង​ប្រទេស​កម្ពុជា​ថែម​ទៀតផង​។​

​មុន​បញ្ចប់ លោក បេ​អាត រី​ច្នឺ ក៏បាន​ថ្លែង​អរគុណ​ដល់​ការគាំទ្រ​របស់​សប្បុរស​ជន​ទាំងអស់គ្នា ដែល​បាន​ញ៉ាំង​ឲ្យ​បុគ្គលិក​កម្ពុជា​យើង​ទាំង​២៥០០​នាក់ សម្រេចបាន​ស្នាដៃ​ដ៏​ធំធេង​នេះ ជាមួយនឹង​ការបង្ហាញ​ពាក្យស្លោក​«​ប្រាក់​១​ហ្វ្រ​ង់ ឬ​១​ដុល្លារ គឺជា​ការចូលរួមចំណែក ជួយ​ព្យាបាល ជួយសង្គ្រោះ​ជីវិត និង​ជួយ​ការពារ​ជំងឺ​»៕


© រក្សាសិទ្ធិដោយ thmeythmey.com