ជាតិ
សម្តេច ហ៊ុន សែន​៖«​កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ ក៏​គ្មាន​អ្នកទោសនយោបាយ​ដែរ​»
19, Nov 2017 , 1:44 pm        
រូបភាព
រូបពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
រូបពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់ថា កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ ក៏​គ្មាន​អ្នកទោសនយោបាយ​ដែរ​។ ផ្ទុយទៅវិញ​ប្រទេស​កម្ពុជា កំពុងមាន​ស្ថិរភាព​នយោបាយ ហើយ​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​ដោយ​សុខសាន្ត​។​


 សំណេរ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន អមដោយ​រូបថត​នា​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី ចំនួន​៤​ពាន់​នាក់​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ សម្តេច ហ៊ុន សែន បាន​សរសេរ​ដូច្នេះ​៖«​ខ្ញុំ​សូមបញ្ជាក់ថា កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​ទេ គឺ​មានតែ​អ្នកនយោបាយ​ដែលមាន​វិបត្តិ​ដោយ​ខ្លួនឯង​ផ្ទាល់ ហើយ​ប្រទេស​យើង ក៏​គ្មាន​អ្នកទោសនយោបាយ​ដែរ មានតែ​អ្នកនយោបាយ ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដោយ​ខ្លួនឯង​»​។

​ការបញ្ជាក់​ដូច្នេះ ជាការ​ឆ្លើយតប​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅពេលនេះ គឺធ្វើឡើង​៣​ថ្ងៃ បន្ទាប់ពី​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​បក្សប្រឆាំង​ធំ និង​មាន​ឥទ្ធិពល​ជាងគេ​នៅ​កម្ពុជា​។ សហគមន៍​អន្តរជាតិ ដែលមាន​ដូចជា​សហភាព​អឺរ៉ុប អាមេរិក  អូ​ស្តា​លី និង​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ ជាដើម បាន​ប្រតិកម្ម និង​រិះគន់​ជា​បន្តបន្ទាប់ ចំពោះ​ការរំលាយ​បក្ស​គណបក្ស​សង្គ្រោះ​ជាតិ​៕


Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com