ជាតិ
នយោបាយជាតិ
CPP នឹងក្តោបអំណាចព្រឹទ្ធសភាស្ទើរទាំងស្រុង នៅឆ្នាំ២០១៨?
× ភ្នំពេញ៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១៨ខាងមុខ។ មកដល់ពេលនេះ មានតែគណបក្សនយោបាយចំនួន២ប៉ុណ្ណោះ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់ជាផ្លូវការ សម្រាប់ការចូលរួមប្រកួតប្រជែងបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤ ឆ្នាំ២០១៨ខាងមុខ។ គូប្រកួតប្រជែងបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខនេះ គណបក្សប្រជាជនកម្ពុជា ទំនងជាក្តោបអំណាចព្រឹទ្ធសភាទាំងស្រុង នៅឆ្នាំ២០១៨?
បើមើលទៅគូប្រកួតប្រជែងគណបក្សប្រជាជនកម្ពុជា គឺមានគណបក្សយុវជនកម្ពុជា ដែលខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលស្គាល់ជាផ្លូវការ ខណៈដែលគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ កំពុងស្ថិតនៅក្នុងការត្រួតពិនិត្យនិងសម្រេច គ.ជ.ប ។ គណបក្សយុវជនកម្ពុជា មិនទទួលបានកៅអីមេឃុំ-សង្កាត់នោះឡើយ ។ ចំណែកគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានកៅអីក្រុមប្រឹក្សាប្រមាណជា២០ ខណៈដែលគណបក្សខ្មែររួបរួមជាតិ បានកៅអីមេឃុំ១ ជំទប់ទីមួយនៅ២ឃុំ ជំទប់ទីពីរនៅ១៦ឃុំ និងសមាជិកក្រុមប្រឹក្សាចំនួន២៤នាក់ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កាលពីខែមិថុនា កន្លងមកនេះ។
បើមើលតាមលទ្ធភាពគណបក្សទាំង៣នេះ ទំនងជាមិនទទួលបានកៅអីក្នុងព្រឹទ្ធសភា ឆ្នាំ២០១៨ខាងមុខ ។ នោះក៏ព្រោះតែលទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សទាំងនេះ មិនទទួលបានជោគជ័យធំដុំ ដូចគណបក្សប្រជាជនកម្ពុជា។
ម្យ៉ាងទៀតបើនិយាយឲ្យស្រួលយល់នោះ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ត្រូវជ្រើសដោយការបោះឆ្នោតអសកល (មិនសម្ងាត់) ហើយអ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាតំណាងរាស្ត្រក្នុងតំណែង និងជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ក្នុងតំណែងក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗ។
បើតាមមាត្រា៨ នៃច្បាប់ស្តីការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបានអនុវត្តប្រព័ន្ធសមាមាត្រ និងការបែងចែកអាសនៈតាមមណ្ឌល ត្រូវធ្វើតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដូចមានចែងក្នុងមាត្រា១៣៥ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
ដូច្នេះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានកៅអីមេឃុំ-សង្កាត់ និងក្រុមប្រឹក្សាច្រើនជាងគេ នឹងក្តោបអំណាចព្រឹទ្ធសភា ក្នុងឆ្នាំ២០១៨ខាងមុខ?
បើទោះជាមិនទាន់មានលទ្ធផល និងគ្មានចម្លើយច្បាស់លាស់ក្តី ប៉ុន្តែវាប្រាកដណាស់ថា គណបក្សប្រជាជនកម្ពុជា នឹងអាចកាន់កាប់កៅអីព្រឹទ្ធសភាទាំងអស់ នាពេលខាងមុខ។ នេះបើមើលតាមតថភាពនៃលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ របស់គណបក្សប្រជាជនកន្លងមក។
ដើមឡើយការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ត្រូវបានគេមើលឃើញថា នឹងមានការប្រកួតប្រជែងប្រដំត្រសងគ្នា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ នោះក៏ព្រោះលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន ៣,៥៤០,០៥៦ ដោយបានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៦៥០៣ (បានតំណែងជាមេឃុំ-ចៅសង្កាត់ចំនួន១១៥៦) ខណៈដែលគណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងឆ្នោតចំនួន ៣,០៥៦,៨២៤ ដោយបានអាសនៈជាសមាជិកក្រុមប្រឹក្សាទាំងនោះចំនួន៥០០៧ (បានតំណែងជាមេឃុំ-ចៅសង្កាត់ចំនួន៤៨៩)។
តាមរយៈលទ្ធផលនេះ គេមើលឃើញថា កៅអីសមាជិកព្រឹទ្ធសភា ក្នុងឆ្នាំ២០១៨ អាចនឹងមានការប្រកៀកប្រកិតគ្នា មកពីសមាជិកកូតាគណបក្សទាំងពីរនេះ។ ប៉ុន្តែអ្វីៗក៏អាចមានការប្រែប្រួលបានដែរ ដោយសារតែគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការសម្រេចរំលាយគណបក្ស តាមបណ្ដឹងក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៦ វិច្ឆិកា។ ទាំងអាសនៈរដ្ឋសភា៥៥ និងអាសនៈសមាជិកក្រុមប្រឹក្សាទាំង៥០០៧នេះ ក៏ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បែងចែកឲ្យគណបក្សដទៃទៀតផងដែរ។
ដោយនិយាយតែការបែងចែកកៅអីក្រុមប្រឹក្សារបស់អតីតគណបក្សសង្គ្រោះជាតិទាំង៥០០៧នេះ គ.ជ.ប បានយកអាសនៈ៤៥៤៨ ចែកទៅឲ្យគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន២៣៩អាសនៈ គណបក្សខ្មែររួបរួមជាតិ ទទួលបាន ២០១អាសនៈ គណបក្សសញ្ជាតិកម្ពុជា ទទួលបាន ១0អាសនៈ គណបក្សយុវជនកម្ពុជា ទទួលបាន ៣អាសនៈ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ទទួលបាន ៣អាសនៈ។ ការបែងចែកនេះ គឺ គ.ជ.ប អនុលោមតាមមាត្រាទី២០ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ។
ដូច្នេះសរុបមកវិញ បើការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងឆ្នាំ២០១៨ មានតែគណបក្សយុវជនកម្ពុជា ដែលដាក់បេក្ខជនឈរឈ្មោះតែ៣ភូមិភាគប៉ុណ្ណោះ គឺភូមិភាគទី១ រាជធានីភ្នំពេញ ទី២ កំពង់ចាមនិងត្បូងឃ្មុំ និងភូមិភាគទី៣ កណ្ដាល ស្របពេលគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិក៏ចូលរួម ។ នោះវាច្បាស់ណាស់ថា កៅអីព្រឹទ្ធសភាប្រាកដជាគណបក្សប្រជាជនកម្ពុជាកាន់កាប់ស្ទើតែទាំងអស់ ព្រោះតែលទ្ធភាពទទួលជ័ម្នះរបស់គណបក្សទាំង៣នេះមានតិចតួច ខុសឆ្ងាយពីគណបក្សកាន់អំណាច។
បើនិយាយក្នុងន័យត្រង់វិញ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាត្រូវជ្រើសដោយការបោះឆ្នោតអសកល (មិនសម្ងាត់) ហើយអ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាតំណាងរាស្ត្រក្នុងតំណែង និងជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ក្នុងតំណែងក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗ ។ ដូច្នេះសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មកពីកូតាគណបក្សប្រជាជនទាំងនោះ ក៏ទំនងមិនអាចបោះឆ្នោតឲ្យគូប្រកួតខ្លួន ដើម្បីទទួលបានអាសនៈក្នុងព្រឹទ្ធសភាដែរ។
អាសនៈព្រឹទ្ធសភាមាន៨ភូមិភាគ ក្នុងនោះភូមិភាគទី១ រាជធានីភ្នំពេញ មាន៦អាសនៈ, ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន៨អាសនៈ, ភូមិភាគទី៣ ខេត្តកណ្តាល មាន៥អាសនៈ, ភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន១0អាសនៈ, ភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន៧អាសនៈ, ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន៧អាសនៈ, ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន៩អាសនៈ, ភូមិភាគទី៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងមណ្ឌលគិរី មាន៦អាសនៈ។
បច្ចុប្បន្ន អាសនៈក្នុងព្រឹទ្ធសភា មានចំនួន៦១ ដោយក្នុងនោះ អាសនៈពីគណបក្សប្រជាជនកម្ពុជា មានចំនួន៥០ និងអាសនៈគណបក្សភ្លើងទៀន ដែលប្ដូរឈ្មោះពីគណបក្សសមរង្ស៊ី មានចំនួន១១ ។ គណបក្សភ្លើងទៀន មិនចូលរួមការបោះឆ្នោតខាងមុខនេះឡើយ ដោយសារគ្មានជំនឿចិត្តទទួលបានជ័យជម្នះ ។ អាសនៈក្នុងព្រឹទ្ធសភា ត្រូវបានបង្កើនចំនួន១បន្ថែមទៀត ពោលគឺអាសនៈព្រឹទ្ធសភាឡើង៦២ សម្រាប់ការបោះឆ្នោតនៅអាណត្តិទី៤។ រដ្ឋធម្មនុញ្ញកម្ពុជា បានកំណត់ថា៖ «សមាជិកព្រឹទ្ធសភា២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ហើយសមាជិក២រូបទៀត ត្រូវរដ្ឋសភា ជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។ រីឯសមាជិកព្រឹទ្ធសភាទាំង៥៨ គឺកើតចេះពីការបោះឆ្នោតអសកល»៕
© រក្សាសិទ្ធិដោយ thmeythmey.com