កីឡាអន្តរជាតិ
អន្តរជាតិ
ពូទីន ការពារអត្តពលិកខ្លួនដែលរងការចោទពីបទប្រើសារធាតុហាមឃាត់ រូបភាព ពីAFP
× ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីន បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូថា រុស្ស៊ីត្រៀមខ្លួនដើម្បីការពារផលប្រយោជន៍របស់អត្តពលិកដែលត្រូវបានចោទប្រកាន់ពីបទប្រើសារធាតុហាមឃាត់នៅក្នុងតុលាការ បើទោះបីប្រទេសនេះសហការជាមួយភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក (WADA) និង គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក៏ដោយ។
អត្តពលិករុស្ស៊ី ត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) សម្រេចហាមឃាត់ចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងារឆ្នាំ២០១៨ នៅទីក្រុងព្យុងឆាង ប្រទេសកូរ៉េខាងត្បូង ដោយសារតែរកឃើញថាបានប្រើសារធាតុហាមឃាត់។ មន្ត្រីកីឡាសំខាន់ៗរបស់រុស្ស៊ីក៏ត្រូវបានដាក់ពិន័យចំពោះកំហុសនេះដែរ ប៉ុន្តែអត្តពលិករុស្ស៊ីដែលស្អាតស្អំ នៅតែមានសិទ្ធិចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះដដែលក្រោមលក្ខខណ្ឌតឹងរ៉ឹងបំផុត គឺក្រោមទង់អព្យាក្រឹត្យ។ ករណីខាងលើ ត្រូវបានភាគីរុស្ស៊ីដាក់បណ្តឹងទៅកាន់តុលាការដើម្បីតវ៉ាពីការដាក់ពិន័យដ៏ធ្ងន់ធ្ងរនេះដែរ។
«តើយើងត្រូវពង្រឹងទំនាក់ទំនងជាមួយ WADA និង IOC ដោយរបៀបណា?»។ នេះជាការលើកឡើងរបស់លោក ពូទីន ក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់លោក។
លោកបន្ថែមទៀតថា៖«យើងនឹងធ្វើការជាមួយពួកគេដោយស្ងប់ស្ងាត់ដើម្បីដកចេញបញ្ហាដែលយើងមាន ប៉ុន្តែជាការពិតយើងធ្វើការគឺដើម្បីការពារផលប្រយោជន៍របស់អត្តពលិករបស់យើងរួមទាំងនៅក្នុងតុលាការស៊ីវិលផងដែរ។ ខ្ញុំដឹងថាមន្ត្រីកីឡាអន្ដរជាតិជាច្រើនមិនចង់ធ្វើបែបនេះទេ ប៉ុន្តែតើយើងអាចធ្វើអ្វីបាន? យើងនឹងត្រូវបង្ខំឲ្យអត្តពលិករបស់យើងក្រោកឈរឡើងដើម្បីកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពួកគេនៅក្នុងតុលាការស៊ីវិល»។
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក៏បានទទួលស្គាល់ថារឿងអាស្រូវប្រើប្រាស់សារធាតុហាមឃាត់ពិតជាកើតឡើងក្នុងចំណោមអត្តពលិករុស្ស៊ីមែន ប៉ុន្តែការដាក់ពិន័យយ៉ាងតឹងរឹងនេះគឺជាហេតុផលនយោបាយ និងជាការប្រមាថដ៏ធំសម្រាប់រុស្ស៊ី៕
Tag:
អូឡាំពិក
វ្ល៉ាឌីមៀរពូទីន
សារធាតុហាមឃាត់
IOC
រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com