ជាតិ
លោក រ៉ុង ឈុន នឹងត្រឡប់ចូលក្រសួងអប់រំវិញនៅឆ្នាំថ្មីនេះ
× លោក រ៉ុង ឈុន ដែលបានលាលែងចេញពីសមាជិកភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងដាក់ពាក្យសុំចូលធ្វើជាមន្ត្រីនៃក្រសួងអប់រំវិញនៅឆ្នាំ២០១៨នេះ។
តាមពិតលោក រ៉ុង ឈុន គឺជាមន្ត្រីនៃនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រនៃក្រសួងអប់រំ មុននឹងលោកចូលបំពេញការងារជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ បេក្ខភាពជាសមាជិក គ.ជ.ប របស់លោក ត្រូវបានស្នើដោយអតីតគណបក្សសង្គ្រោះជាតិ នៅពេលដែលកម្ពុជាត្រូវរៀបចំសមាសភាពស្ថានប័នរៀបចំការបោះឆ្នោតនេះឡើងវិញ ក្នុងក្របខណ្ឌនៃការចរចានយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្គ្រោះជាតិ។
«ពេលនោះ ខ្ញុំបានសុំច្បាប់ពិសេសពីក្រសួងអប់រំ សម្រាប់មួយអណត្តិនៃគ.ជ.ប។ ឥឡូវនេះ ខ្ញុំបានឈប់ពី គ.ជ.ប ខ្ញុំនឹងដាក់ពាក្យចូលបម្រើការក្រសួងអប់រំវិញនៅដើមឆ្នាំថ្មីនេះ។ ខ្ញុំគិតថា គ្មានបញ្ហាអ្វីទេ»។ លោក រ៉ុង ឈុន បញ្ជាក់ដំណឹងនេះប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃអាទិត្យទី១៧ខែធ្នូ។
លោក រ៉ុង ឈុន បានប្រកាសលាលែងពីគ.ជ.ប ជាមួយសមាជិកពីររូបទៀតនៃក្របខណ្ឌអតីតគណបក្សសង្គ្រោះជាតិ បន្ទាប់ពីអតីតគណបក្សប្រឆាំងដ៏មានឥទ្ធិពលមួយនេះត្រូវបានរំលាយចោលកាលពីថ្ងៃទី១៦ខែវិច្ឆិកា៕
© រក្សាសិទ្ធិដោយ thmeythmey.com