ជាតិ
សិល្បះ
ក្រសួង​ព័ត៌មាន​ហាម​ចាក់ផ្សាយ​បទ «​គ្រូបង្រៀន​ស្រវឹងស្រា​»
20, Dec 2017 , 1:33 pm        
រូបភាព
ដោយ: ថ្មីៗ
​គ្រូបង្រៀន​ត្រូវតែ​ជា​បុគ្គលខ្ពង់ខ្ពស់ និង​គួរ​ឲ្យ​គោរព​ជា​ដរាប​។ មូលហេតុ​បែបនេះហើយ ទើប​លោក ខៀវ កាញារីទ្ធ កាល ពីថ្ងៃ​ទី​១៩ ខែធ្នូ បាន​សរសេរ​លិខិត​ទៅ​ម្ចាស់​ស្ថានីយ​វិទ្យុ​-​ទូរទស្សន៍​ទាំងអស់ អំពី​ការហាម​ចាក់ផ្សាយ​បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា «​គ្រូបង្រៀន​ស្រវឹងស្រា​» របស់​ផលិតកម្ម​ថោ​ន​។​



​ច្រៀង​ដោយ​តារាចម្រៀង​ខ្មែរ​-​សុរិន្ទ ចេ​ន សាយ​ចៃ​នៃ​ផលិតកម្ម​ថោ​ន បទ «​គ្រូបង្រៀន​ស្រវឹងស្រា​»  ត្រូវបាន​ចាត់ទុកថា មាន​ខ្លឹមសារ​បន្តុះបង្អាប់ ប្រមាថ​គ្រូបង្រៀន ដែលថា ផឹកស្រា​ស្ទើរ​រាល់ថ្ងៃ ស្រវឹង​ស្ទើរ​រាល់ថ្ងៃ វាចា​ធំក្លិន​តែ​ស្រា​។ លោក ខៀវ កាញារីទ្ធ បាន​លើកឡើងថា​៖ «​ខ្លឹមសារ​នៃ​បទ​ចម្រៀង​នេះ បាន​ប្រាសចាក​អំពី​អក​ប្បក​រិ​យា និង​សីលធម៌​សេចក្តីថ្លៃថ្នូរ​របស់​គ្រូបង្រៀន​ទូទៅ […] វា​បាន​ដក់​ជាប់​នឹង​អារម្មណ៍​កុមារ​តូចៗ ដែល​ពុំទាន់​មាន​មូលដ្ឋាន​នៃ​ការពិចារណា​ច្បាស់លាស់​នៅឡើយ​»​។​

​ដើម្បី​ចៀសវាង​ផល​អវិជ្ជមាន និង​ប៉ះពាល់​ដល់​អារម្មណ៍​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​គ្រូបង្រៀន លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ប្រាប់​ទៅ​ម្ចាស់​ស្ថានីយ​វិទ្យុ​-​ទូរទស្សន៍​ទាំងអស់​កុំ​ចាក់ផ្សាយ​បទ «​គ្រូបង្រៀន​ស្រវឹងស្រា​» ចាប់ពី​ថ្ងៃ​ដែល​ខ្លួន​បាន​ជូនដំណឹង​។​

​យោងតាម​ឃ្លី​ប​វីដេអូ​ផ្សព្វផ្សាយ​មួយ តារាចម្រៀង ចេ​ន សាយ​ចៃ លោក យឹម តា​ស្រង់ ដែលជា​អ្នកនិពន្ធ និង​លោក Tho Meet អ្នកនិពន្ធ​បទ​ភ្លេង សុទ្ធតែ​អះអាង ពី​ចេតនា​របស់ខ្លួន​ក្នុង​ជួយ​សង្គម តាមរយៈ​សារ​អប់រំ​នៅក្នុង​បទ​ចម្រៀង​។​

​អ្នកនាង ចេ​ន សាយ​ចៃ រីករាយ​ដែល​ខ្លួន​អាចជួយ​សង្គម​តាម​បទ​ចម្រៀង ដោយ​មិន​ផ្តោត​តែ​លើ​អត្ថន័យ​ស្នេហា​អូន​បង​។ ជាមួយគ្នានេះ លោក យឹម តា​ស្រង់​ថា បទ «​គ្រូបង្រៀន​ស្រវឹងស្រា​» លើកឡើង​ពី​ទិដ្ឋភាព​ជាក់ស្តែង ប៉ុន្តែ​មិនមែន​ឆ្លុះបញ្ចាំង​ពី​ទង្វើ​គ្រូបង្រៀន​ទាំងអស់​នោះឡើយ​៕



Tag:
 គ្រូបង្រៀន
© រក្សាសិទ្ធិដោយ thmeythmey.com