ជាតិ
បទសម្ភាសន៍
នយោបាយជាតិ
កូនស្រីលោក កឹម សុខា ស្នើឲ្យព្យួរអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ កញ្ញា កឹម មនោវិទ្យា អគ្គនាយករងផ្នែកទំនាក់ទំនងសាធារណៈនៃអតីតគណបក្សសង្គ្រោះជាតិ និងលោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ចូលធ្វើជាសក្ខីកម្មស្តីពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២0១៧ ដែលរៀបចំឡើងដោយស្ថានបេសកកម្មអចិន្ត្រៃយ៍នៃសហរដ្ឋអាមេរិកនិងស្ថានបេសកកម្មអចិន្ត្រៃយ៍នៃសហភាពអឺរ៉ុប ប្រចាំនៅអង្គការសហប្រជាជាតិ។ រូបភាព៖ ថតបន្តពីវីដេអូនៃវិទ្យុអាស៊ីសេរី
× ភ្នំពេញ៖ កញ្ញា កឹម មនោវិទ្យា ចង់ឲ្យអង្គការសហប្រជាជាតិព្យួរអាសនៈប្រទេសកម្ពុជា។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និងអ្នកនាំពាក្យបក្សកាន់អំណាច ចំអកឲ្យថា បំណងនេះ«នៅឆ្ងាយឯជើងមេឃ» និងបង្ហាញពីភាពអស់សង្ឃឹមរបស់អតីតក្រុមអ្នកប្រឆាំង។
មើលឃើញបញ្ច្រាស់ពីគណបក្សកាន់អំណាច អតីតគណបក្សប្រឆាំង ដែលកំពុងប្រមូលផ្តុំកម្លាំងនៅក្រៅប្រទេស ដើម្បីបន្តសកម្មភាពនយោបាយ បារម្ភកាន់តែខ្លាំងពីបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលកំពុងធ្លាក់ដុនដាប រហូតដល់សម្រេចចិត្ត រត់ទៅរកជំនួយដល់អង្គការសហប្រជាជាតិ ដើម្បីឲ្យជួយស្រោចស្រង់ឡើងវិញ។ ទីបំផុត ព្រឹត្តិការណ៍នយោបាយ ដែលបានកើតឡើងក្នុងប្រទេសកម្ពុជានាបច្ចុប្បន្ន ដូចជាការរំលាយគណបក្សសង្គ្រោះជាតិ និងការចាប់លោក កឹម សុខា ដាក់ពន្ធនាគារ បានជំរុញឲ្យតំណាងប្រទេសនានា ប្រចាំនៅអង្គការសហប្រជាតិ យកទៅពិភាក្សា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២0១៧។
កញ្ញា កឹម មនោវិទ្យា មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ និងជាកូនស្រីច្បងរបស់លោក កឹម សុខា រួមទាំងលោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ត្រូវបានអញ្ជើញឲ្យធ្វើជាសក្ខីកម្ម ក្នុងកិច្ចពិភាក្សានេះ ក្រោមប្រធានបទ «ការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ដែលរៀបចំឡើងរួមគ្នាដោយស្ថានបេសកកម្មអចិន្ត្រៃយ៍នៃសហរដ្ឋអាមេរិក និងស្ថានបេសកកម្មអចិន្ត្រៃយ៍នៃសហភាពអឺរ៉ុប ហើយមានការចូលរួមពីស្ថានបេសកកម្មអចិន្ត្រៃយ៍នៃបណ្តាប្រទេសផ្សេងៗ ដែលប្រចាំនៅអង្គការសហប្រជាជាតិ។
ស្ថិតនៅក្នុងកិច្ចពិភាក្សានោះ ក្រៅពីរៀបរាប់ពីការធ្លាក់ចុះនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅប្រទេសកម្ពុជា កញ្ញា កឹម មនោវិទ្យា បានពឹងតំណាងប្រទេសនានា ឲ្យជួយស្នើទៅអង្គការសហប្រជាជាតិ ដើម្បីពិចារណាក្នុងការព្យួរអាសនៈប្រទេសកម្ពុជា ដែលកំពុងមានសុពលភាព និងភាពស្របច្បាប់ក្នុងអង្គការសហប្រជាជាតិ។ កញ្ញា កឹម មនោវិទ្យា ដែលគេមើលឃើញថាមានសកម្មភាពយ៉ាងខ្លាំងក្លាក្នុងការស្វែងរកជំនួយពីសហគមន៍អន្តរជាតិ ដើម្បីជួយលោក កឹម សុខា ជាឪពុករបស់នាង ឲ្យបានរួចផុតពីពន្ធនាគារ បានដាក់សំណើរយ៉ាងដូច្នេះ៖«ខ្ញុំសូមឲ្យរដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិ ស្នើទៅស្ថាប័នអង្គការសហប្រជាជាតិ ដើម្បីពិនិត្យឡើងវិញពីសមាជិកភាពរបស់ប្រទេសកម្ពុជា»។
មិនត្រឹមតែប៉ុណ្ណឹងទេ កញ្ញា កឹម មនោវិទ្យា ថែមទាំងស្នើឲ្យដាក់បញ្ហាប្រទេសកម្ពុជាចូលទៅក្នុងកិច្ចប្រជុំមហាសន្និបាតនៃអង្គការសហប្រជាជាតិ ដែលនឹងរៀបចំឡើងនៅក្នុងខែមករា ឆ្នាំ២0១៨ ខាងមុខ។ លើសពីនេះ កូនស្រីច្បងរបស់លោក កឹម សុខា នៅមានសំណើមួយទៀត គឺចង់ឲ្យអង្គការសហប្រជាជាតិ បញ្ជូនតំណាងរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងរកការពិត និងពិភាក្សាជាមួយមន្ត្រីកម្ពុជា ក្នុងការដោះស្រាយបញ្ហារួមគ្នា។
ព័ត៌មានស្តីពីសកម្មភាពរបស់កញ្ញា កឹម មនោវិទ្យា ដែលចូលរួមធ្វើជាសក្ខីកម្មក្នុងកិច្ចពិភាក្សានេះ ត្រូវបានចុះផ្សាយដោយវិទ្យុអាស៊ីសេរី។ លោក ជុន ច័ន្ទបុត្រនៃវិទ្យុអាស៊ីសេរី បានចូលទៅយកព័ត៌មានដោយផ្ទាល់ក្នុងកិច្ចពិភាក្សាខាងលើ។
ប្រតិកម្មធ្លន់ៗរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និងអ្នកនាំពាក្យគណបក្សកាន់អំណាច ត្រូវបានតម្រង់ទៅកាន់កញ្ញា កឹម មនោវិទ្យា ក្រោយលើកឡើងនូវសំណើបែបនេះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកសកម្មភាពរបស់កញ្ញា កឹម មនោវិទ្យា ថាចង់បង្កឲ្យមានវិទ្ធង្សនា ដែលនាំឲ្យបាត់បង់សេចក្តីសុខសាន្តរបស់ប្រទេសកម្ពុជា។ ឆ្លើយតបនឹងសំណួររបស់សារព័ត៌មានថ្មីៗ លោក ថែមទាំងហៅទង្វើរបស់កញ្ញា កឹម មនោវិទ្យា ដែលអំពាវនាវឲ្យប្រទេសនានា ដាក់សម្ពាធមកលើរដ្ឋាភិបាល ថាជាការបំផ្លាញទំនាក់ទំនងរវាងប្រទេសកម្ពុជា ជាមួយសហគមន៍អន្តរជាតិ។
យ៉ាងណាក៏ដោយចុះ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះ យល់ឃើញថា បំណងប្រាថ្នារបស់កញ្ញា កឹម មនោវិទ្យា មិនអាចក្លាយជាការពិតនោះទេ។ លោក ចំអកដាក់កញ្ញា កឹម មនោវិទ្យា យ៉ាងដូច្នេះ៖«ការស្នើហ្នឹង គ្រាន់តែជាភាពអស់សង្ឃឹមប៉ុណ្ណោះ»។
កញ្ញា កឹម មនោវិទ្យា ក៏រងការឆ្លើយតបយ៉ាងចាស់ដៃពីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែរ។ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះយល់ថា មហិច្ឆតារបស់កញ្ញា កឹម មនោវិទ្យា មិនអាចបានសម្រេចឡើយ។ លោកបានសរសេរសារទៅកាន់ក្រុមអ្នកកាសែតតាមបណ្តាញទំនាក់ទំនងតេឡេក្រាម (Telegram) ដោយមានន័យបែបពេបជ្រាយឲ្យកញ្ញា កឹម មនោវិទ្យា យ៉ាងដូច្នេះថា៖«ការចង់ឲ្យអង្គការសហប្រជាជាតិ ដកសមាជិកភាពរបស់កម្ពុជា ចេញពីអង្គការសហប្រជាជាតិ គឺកាន់តែហួសពីជើងមេឃទៅទៀត»។
លោក សុខ ឥសាន ឆ្លៀតបន្តុះបង្អាប់ឲ្យកញ្ញា កឹម មនោវិទ្យា ថា គួរតែខ្មាសអៀនដែលមិនយល់ដឹងពីតួនាទីរបស់អង្គការសហប្រជាជាតិ។ លោកបកស្រាយថា អង្គការសហប្រជាជាតិ គ្មានសិទ្ធិលូកដៃចូលផ្ទៃក្នុងរបស់បណ្តាប្រទេសជាសមាជិកឡើយ។ លោកបានអះអាងទៀតថា ការទៅពឹងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិឲ្យកោះប្រជុំ ដើម្បីដោះស្រាយបញ្ហាកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការចាប់លោក កឹម សុខា ក៏មិនត្រូវដែរ ព្រោះក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ មិនមានភារកិច្ចបែបនេះទេ។
ចាប់តាំងពីត្រូវបានតុលាការកំពូលរំលាយចោល គ្មានសកម្មភាពណាមួយរបស់អតីតក្រុមអ្នកប្រឆាំង បានងើបឡើងនៅក្នុងប្រទេសកម្ពុជានោះទេ។ ប៉ុន្តែ សកម្មភាពនិងចលនារបស់ពួកគេ កាត់តែរីកសុសសាយ នៅតាមបណ្តាប្រទេសនានា។ ថ្មីៗនេះ អតីតគណបក្សសង្គ្រោះជាតិ ទើបនឹងបានបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីសម្រួលការងារនៅក្រៅប្រទេស។ អតីតគណបក្សសង្គ្រោះជាតិ ក៏ធ្លាប់ប្រកាសផែនការនៃការបង្កើតលេខាធិការដ្ឋាននៅក្រៅប្រទេសដែរ សម្រាប់ធ្វើជាកន្លែងគោលក្នុងការប្រមូលផ្តុំថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួន។
រហូតមកដល់ពេលនេះ អតីតក្រុមអ្នកនយោបាយខាងប្រឆាំង នៅតែបន្តទាមទារ ឲ្យគណបក្សរបស់ពួកគេ រស់ឡើងវិញ និងសុំឲ្យដោះលែងលោក កឹម សុខា ដោយឥតលក្ខខណ្ឌ៕
Tag:
កឹម មនោវិទ្យា
CNRP
CPP
សុខ ឥសាន
ផៃ ស៊ីផាន
© រក្សាសិទ្ធិដោយ thmeythmey.com