ជាតិ
តុលាការ កំពុង​ចាត់ការ​បណ្តឹង​លើក​ទី​២​របស់​អតីត​បក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ជម្រះក្តី​ឡើងវិញ​
29, Dec 2017 , 10:48 am        
រូបភាព
(ពីឆ្វេងទៅស្តាំ) លោកមេធាវី ផែង ហេង និងអតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន យកបណ្តឹងទៅដាក់នៅតុលាការកំពូល កាលពីថ្ងៃ២៨ ខែធ្នូ ឆ្នាំ២0១៧។ រូបភាពពីគណនីហ្វេសប៊ុក Chhoeun Chhum
(ពីឆ្វេងទៅស្តាំ) លោកមេធាវី ផែង ហេង និងអតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន យកបណ្តឹងទៅដាក់នៅតុលាការកំពូល កាលពីថ្ងៃ២៨ ខែធ្នូ ឆ្នាំ២0១៧។ រូបភាពពីគណនីហ្វេសប៊ុក Chhoeun Chhum
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មន្ត្រី​ផ្នែក​រដ្ឋបាល​នៃ​តុលាការ​កំពូល បានទទួល​បណ្តឹង​ជា​លើក​ទី​ពីរ​របស់លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ រួចហើយ កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២0១៧​។



​លោក អ៊ូ ច័ន្ទ​រ័ត្ន ដែល​ទើបនឹង​ត្រឡប់​មកពី​បរទេស បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការដាក់​បណ្តឹង​លើក​ទី​ពីរ​នេះ ដើម្បី​ទាមទារ​បី​ចំណុច​ធំៗ ដែល​រួមមាន សុំ​ឲ្យ​ជម្រះក្តី​ឡើងវិញ លើ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​, សុំ​ឲ្យ​ការពារ​អាសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​អាសនៈ​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​សុំ​ឲ្យ​ផ្តល់​សិទ្ធិ​នយោបាយ​ដល់​ថ្នាក់ដឹកនាំ​១១៨​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ គិតថា បើ​តុលាការ ចង់​ផ្តល់​យុត្តិធម៌ ដល់​ប្រជាពលរដ្ឋ និង​ក្រុមប្រឹក្សា​ទាំងអស់​ពិតមែន តុលាការ អាច​នឹង​ពិចារណា ដើម្បី​ជម្រះ​ឡើងវិញ​»​។​

​ដោយឡែក​អាសនៈ​ក្នុង​រដ្ឋសភា លោក អ៊ូ ច័ន្ទ​រ័ត្ន អះអាងថា មិន​ទាមទារ​នោះទេ​។ លោក លើកឡើងថា អាសនៈ​ក្នុង​រដ្ឋសភា ត្រូវបាន​បែងចែក​អស់ហើយ ហើយ​ម្យ៉ាងទៀត​ក៏​ជិត​ផុត​អាណត្តិ​ដែរ ដូច្នេះ​សុខចិត្ត​ប្រគល់​ឲ្យ​គណបក្ស​ដទៃ​ចុះ​។

​លោក អ៊ុក គឹម​សិទ្ធិ អគ្គ​ព្រះរាជ​អា​ជ្ញ​រង និង​ជា​អ្នកនាំពាក្យ​នៃ​មហាអយ្យការ​អម​តុលាការ​កំពូល បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ដោយសារតែ​លោក អ៊ូ ច័ន្ទ​រ័ត្ន ទើបនឹង​ដាក់​បណ្តឹង​នេះ ដូច្នេះ​តុលាការ​កំពូល មិនទាន់​អាច​ចាត់ការ​ភ្លាមៗ​នោះទេ​។ លោក បកស្រាយ​ដូច្នេះ​ថា​៖«​ខ្ញុំ មិនទាន់​និយាយ​អ្វី​បានទេ ដោយសារតែ​តុលាការ​ទើបនឹង​ទទួលបាន​។ ខ្ញុំ​គ្រាន់តែ​បញ្ជាក់ថា តុលាការ នឹង​ចាត់ការ​តាម​នីតិវិធី​»​។

​សូម​រម្លឹកថា បណ្តឹង​លើកទីមួយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ឲ្យ​ជម្រះ​ឡើងវិញ ត្រូវបាន​តុលាការ​កំពូល​បដិសេធ​៕


Tag:
 តុលាការ​
  អ៊ូ ច័ន្ទ​រ័ត្ន​
  បណ្តឹង​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com