ជាតិ
រថយន្ត
មូលនិធិ​ទ្រទ្រង់​របរ​ស៊ីក្លូ​របស់​នាយករដ្ឋមន្ត្រី នឹង​លើកស្ទួយ​ការអភិរក្ស​ស៊ីក្លូ​
03, Jan 2018 , 11:07 am        
រូបភាព
​សម្តេច ហ៊ុន សែន បានប្រកាស​ផ្តួចផ្តើម​គំនិត​បង្កើត​មូលនិធិ​ទ្រទ្រង់​កម្មករ​ប្រកបរ​បរធាក់​ស៊ីក្លូ​នៅ​កម្ពុជា​។ ក្រុម​អ្នកតំណាង​របរ​ក្រៅ​ប្រព័ន្ធ​អត្ថាធិប្បាយ​ដូចគ្នា​ថា មូលនិធិ​នេះ​នឹង​ជួយ​អភិរក្ស​របរ​ស៊ីក្លូ​ឲ្យ​មាន​និរន្តរភាព​។​


អត្ថបទទាក់ទង

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បានប្រកាស​បរិច្ចាគ​ថវិកា​១០០​លាន​រៀល ដើម្បី​ធ្វើជា​ទុន​ដំបូង​ក្នុងការ​បង្កើត​មូលនិធិ​ទ្រទ្រង់​របប​ស៊ីក្លូ​។ សេចក្តីសម្រេច​នេះ​ត្រូវបាន​ប្រកាស​ដោយ​សម្តេច​នាយករដ្ឋមន្ត្រី​ខ្លួនឯង​នា​ព្រឹក​ថ្ងៃទី​៣​ខែមករា​នេះ នៅក្នុង​ជំនួប​ជាមួយ​កម្មករ​កម្មការិនី​ក្នុង​តំបន់​ទួល​សង្កែ​។ ការប្រកាស​បង្កើត​មូលនិធិ​ទ្រទ្រង់​អាជីព​ធាក់​ស៊ីក្លូ ធ្វើឡើង​បន្ទាប់ពី​សម្តេច​បានឮ​ពី​ការស្នើសុំ​របស់​ក្រុម​អ្នកធាក់ស៊ីក្លូ​ដែល​ចង់​ឲ្យ​រដ្ឋាភិបាល​ជួយ​ទ្រទ្រង់​ក្រុម​អ្នកធាក់ស៊ីក្លូ​។ នៅក្នុង​ក្របខណ្ឌ​នៃ​ការ​ទ្រទ្រង់​អាជីព​អ្នកធាក់ស៊ីក្លូ សម្តេច ហ៊ុន សែន ក៏​សម្រេច​ឲ្យ​កម្មករ​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​ទទួលបាន​ការព្យាបាល​ពី​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥត​បង់ថ្លៃ​ផងដែរ​។​

ពីលើ​វេទិកា​ជួប​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ការងារ​បង្កើត​មូលនិធិ​នេះ ដោយ​ត្រូវ​សរសេរ​លក្ខន្តិកៈ​តម្កល់​នៅ​ក្រសួងមហាផ្ទៃ​។​

សូមស្ដាប់សំឡេង៖


​សម្តេច ហ៊ុន សែន ក៏​នឹង​ស្វាគមន៍​ជំនួយ​ពី​សប្បុរសជន​ដែល​ចង់​ចូលរួម​ក្នុង​មូលនិធិ​នេះ​ផងដែរ​។ សម្តេច ហ៊ុន សែន បន្ថែម​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​នឹង​ឧបត្ថម្ភ​១០​លាន​រៀល​ទៀត​ក្នុង​មួយខែ​។ បានន័យថា ខ្ញុំ​នឹង​ចំណាយ​១២០​លាន​រៀល​ថែមទៀត​ក្នុង​មួយឆ្នាំ ហើយ​យើង​ស្វាគមន៍​ជំនួយ​សប្បុរសជន​នានា​ដែល​ចង់​ចូលរួម​ក្នុង​មូលនិធិ​នេះ​»​។​



​សេចក្តីសម្រេច​របស់​ប្រមុខ​រដ្ឋាភិបាល បានធ្វើ​ឲ្យ​ក្តី​សុ​បិ​ន្ត​របស់លោក អ៊ឹម សម្បត្តិ ប្រធាន​សមាគម​អភិរក្ស​ស៊ីក្លូ និង​មុខរបរ​ក្រៅ​ប្រព័ន្ធ ក្លាយជា​ការពិត​។ លោក អ៊ឹម សម្បត្តិ ដែល​កំពុង​គ្រប់គ្រង​សមាជិក​ជា​អ្នកធាក់ស៊ីក្លូ​ប្រមាណ​១២០​នាក់​ក្នុងពេល​បច្ចុប្បន្ននេះ បាន​អត្ថាធិប្បាយ​ថា មូលនិធិ​នេះ​នឹង​ទ្រទ្រង់​គំនិត​នៃ​ការអភិរក្ស​ស៊ីក្លូ​ឲ្យ​មាន​និរន្តរភាព​។​

លោក អ៊ឹម សម្បត្តិ ពន្យល់​យ៉ាង​ដូច្នេះ​៖«​អ្វីដែល​ខ្ញុំ​ធ្លាប់​បានគិត​សម្រាប់​ការអភិរក្ស​របរ​ស៊ីក្លូ​នេះ គឺ​ត្រូវមាន​ទីតាំង​មួយកន្លែង​ដែល​អាច​ចត និង​ថែរក្សា​ស៊ីក្លូ​បាន​។ វា​អាច​ចាត់ទុកជា​សារមន្ទីរ​ស៊ីក្លូ​ក៏បាន​។ ទីតាំង​នេះ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ក៏បាន​ដែរ​»​។ ប្រធាន​សមាគម​អភិរក្ស​ស៊ីក្លូ បាន​បន្តទៀតថា​៖«​សព្វថ្ងៃនេះ ដោយសារតែ​មិនមាន​ទីកន្លែង​សមរម្យ ស៊ីក្លូ​ជាច្រើន​ត្រូវបាន​ទុកចោល​ក្រោម​ភ្លៀង និង​កំដៅថ្ងៃ ដែល​ធ្វើ​ឲ្យ​វា​ឆាប់​ខូច​»​។​

លោក អ៊ឹម សម្បត្តិ បានបញ្ជាក់​ឲ្យ​ដឹងថា នៅក្នុង​រាជធានី​មាន​ចំនួន​ស៊ីក្លូ​សរុប​ប្រមាណ​៤០០​គ្រឿង ប៉ុន្តែ​មានកម្ម​ករ​ប្រើប្រាស់​តែ​ប្រមាណ​ជាង​២០០​គ្រឿង​ប៉ុណ្ណោះ​។​
ពាក់ព័ន្ធ​នឹង​ការបង្កើត​មូលនិធិ​ទ្រទ្រង់​របរ​ស៊ីក្លូ​ដែល​ស្ទើរតែ​បាត់បង់​នេះ សម្តេច ហ៊ុន សែន ក៏បាន​ណែនាំ​ឲ្យ​លោក​អភិបាល​រាជធានី​ធ្វើ​ទំនាក់ទំនង​ជាមួយ​លោក វន់ ពៅ ដែលជា​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចូលរួម​ផ្តល់​គំនិត​ផងដែរ​។​

​លោក វន់ ពៅ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា លោក​នឹង​គាំទ្រ​គំនិត​បង្កើត​មូលនិធិ​នេះ​របស់​សម្តេច ហ៊ុន សែន​។ លោក វន់ ពៅ បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​មូលនិធិ​នេះ​នឹង​ជួយ​ដោះស្រាយ​ការលំបាក និង​ជីវភាព​របស់​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ ដែល​ផ្ញើ​ជីវិត​នៅលើ​ផ្លូវថ្នល់​ដ៏​គ្រោះថ្នាក់​។ ម្យ៉ាងទៀត វា​ក៏​នឹង​ជួយ​ដល់​ការអភិរក្ស​របរ​ស៊ីក្លូ​ដែលជា​របរ​ដឹកជញ្ជូន​បែប​បុរាណ​មួយ ហើយ​ដែល​បាន​ក្លាយជា​អត្តសញ្ញាណ​របស់​រាជធានី​ភ្នំពេញ​ផងដែរ​»​។​

​សម្រាប់​លោក អ៊ឹម សម្បត្តិ វិញ មូលនិធិ​នេះ​ក៏​នឹង​អាច​លើកទឹកចិត្ត​ឲ្យ​កម្មករ​អ្នកធាក់ស៊ីក្លូ​មួយចំនួន​ដែលមាន​បំណង​ចង់​បញ្ចប់​របរ​នេះ ឲ្យ​នៅ​បន្ត​អាជីព​នេះ​ទៅមុខទៀត​។​
សព្វថ្ងៃនេះ ស៊ីក្លូ​បានក្លាយ​ជា​ផលិតផល​ទេសចរណ៍​មួយ​ដែរ​សម្រាប់​ភ្ញៀវទេសចរ​បរទេស​។ សមាគម​អភិរក្ស​ស៊ីក្លូ​បានធ្វើការ​ជាមួយ​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​នានា ដើម្បី​ធ្វើដំណើរ​ទស្សនា​រាជធានី​តាមរយៈ​ស៊ីក្លូ​នេះ​។ ជា​ក្រុម​អ្នកធាក់ស៊ីក្លូ​ដែល​មិន​ប្រើប្រាស់​បារី​ទៀតផង​៕


Tag:
 មូលនិធិ​
  ស៊ីក្លូ​
  ហ៊ុន សែន​
  វន់ ពៅ​
  អ៊ឹម សម្បត្តិ​
  Cyclo
© រក្សាសិទ្ធិដោយ thmeythmey.com