ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​កសិកម្ម ដាស់តឿន​កសិករ​កុំ​ឲ្យ​ងាក​តែ​ខ្ចីលុយ​ពី​គេ ព្រោះ​អាច​អស់​ដី​អស់​ចម្ការ​
03, Jan 2018 , 10:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែង​ដាស់តឿន​ប្រជាកសិករ​កុំ​ឲ្យ​ងាក​តែ​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​។ លោក​ប្រាប់ថា បើ​គ្រាន់តែ​យក​ទុន​មក​ដាំ​ដុះ​ដូច​មុន លើ​ផ្ទៃដី​ដដែល ដោយ​គ្មាន​ការវិនិយោគ​អ្វី​ចាំបាច់​នោះទេ កសិករ​ពុំគួរ​ខ្ចីប្រាក់​ពី​គេ​នោះទេ ដែល​អាច​នាំទៅរក​ការជាប់​ក្នុង​បំណុល​។



​សូម​ស្ដាប់​ប្រសាសន៍​លោក វេ​ង សាខុន ៖




​នៅក្នុង​វេទិកា​កសិកម្ម​នៅ​ថ្ងៃទី​៣​ខែមករា​នេះ លោក វេ​ង សាខុន មានប្រសាសន៍ថា បើទោះបី​អត្រា​ការប្រាក់​ត្រូវបាន​រដ្ឋាភិបាល​កំណត់​មិន​លើសពី​១៨​ភាគរយ​ក្នុង​មួយឆ្នាំ តែ​នៅតែ​ជា​អត្រា​មួយ​ខ្ពស់​សម្រាប់​កសិករ ដែល​ពួកគាត់​ពិបាក​នឹង​រក​ផលចំណេញ​លើ​ទុន​ខ្ចី​នេះ​។ លោក​បានលើកឡើង​ទៀតថា កសិករ​មិនគួរ​បណ្ដែតបណ្ដោយ​លើ​បញ្ហា​នេះ ដែល​អាច​នាំ​ឲ្យ​ពួកគាត់ ជួប​ជីវភាព​លំបាក​ជាង​មុន ឬ​ត្រូវ​លក់​កម្មសិទ្ធិ​ដោះបំណុល​។​

​លើសពីនេះ លោក វេ​ង សាខុន ក៏បាន​សង្កត់ធ្ងន់​លើ​បញ្ហា​ដែល​ការប្រកប​របរ​កសិក​ម្ម​ខ្នាតតូច មិនអាច​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​ដូច​មុន ក្នុងស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន និង​អនាគត ដែល​បាន​រុញច្រាន​ឲ្យ​កសិក​រិះរក​មធ្យោបាយ​ផ្សេង​ដើម្បី​ដោះស្រាយ​ជីវភាព ដូចជា ការធ្វើ​ចំណាកស្រុក ជាដើម​។​

​បើតាម​តួលេខ​កាលពី​ឆ្នាំ​២០១៦ ពលរដ្ឋ​ដែល​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ប្រមាណ​ជិត ២​លាន​គ្រួសារ លើ​ទំហំ​ប្រាក់កម្ចី​សរុប​ជាង ៣​ពាន់​លាន​ដុល្លារ​។ ការខ្ចីប្រាក់​នេះ​បាន​បង្កើត​ក្ដីបារម្ភ ដោយ​អ្នកជំនាញ​អះអាងថា ការយល់ដឹង​ពី​រឿង​បំណុល​របស់​ពលរដ្ឋ​នៅ​ជនបទ មួយចំនួនធំ​នៅមានកម្រិត​ទាប ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ពី​ការ​ខ្ចីបុល​ទាំងនោះ​។​

​ការខ្ចីប្រាក់​យកមក​ប្រកប​របរ​កសិកម្ម បាន​ចោទ​ជា​បញ្ហាសំខាន់​មួយ​នៅ​កម្ពុជា​។ អត្រា​ការប្រាក់​ខ្ពស់ និង​បញ្ហា​ទីផ្សារ​លក់​កសិក​ផល ត្រូវបាន​អ្នកជំនាញ​បង្ហាញ​ក្ដីបារម្ភ និង​បាន​ទទូច​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ខិតខំ​ដោះស្រាយ​បញ្ហា​ជូន​កសិករ​៕


Tag:
 វេ​ង សាខុន​
  ឥណទាន​
© រក្សាសិទ្ធិដោយ thmeythmey.com